រដ្ឋមន្ត្រី ស្នើឱ្យ​អង្គការ FAO បន្ត​ជួយ​ធ្វើ​ទំនើបកម្ម​កសិកម្ម នៅ​កម្ពុជា

0
651
កសិករម្នាក់ កំពុង​លើក​រង​ដំណាំ​ត្រាវ នៅ​កោះឧកញ៉ាតី ឆ្នាំ២០១៨។ រូបថត៖ ពូនាង

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើឱ្យ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) បន្ត​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស ដើម្បី​ពង្រឹង និង​ពង្រីក​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​មាន​និរន្តរភាព ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​អង្គការ FAO។ ការលើក​សំណើ​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការពិគ្រោះ​យោបល់ នៃ​ការវាយតម្លៃ​លើ​ការរួមចំណែក​របស់​អង្គការ FAO នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា។

ជាមួយគ្នានេះ លោក​ក៏បាន​លើកឡើង​នូវ​សំណើ​ជាច្រើន​ចំណុច​ទៀត​ផងដែរ​រួមមាន​ដូចខាងក្រោម៖

-បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ FAO ជាមួយ​ក្រសួង និង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗទៀត​លើ​ការងារ​ពង្រឹងសមត្ថភាព​កសិករ និង​សហគមន៍​កសិកម្ម ការផ្សាភ្ជាប់​ទីផ្សារ​កសិកម្ម​ជាមួយ​ផ្នែក​ឯកជន អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម តាម​យន្តការ​ផលិតកម្ម​កសិក​ម្ម​តាម​កិច្ចសន្យា។ ក្នុង​បរិការណ៍​បច្ចុប្បន្ននេះ សុវត្ថិភាព​ចំណីអាហារ​គឺជា​អទិភាព​ខ្ពស់​ដល់​កម្ពុជា។ អង្គការ FAO គួរ​ពិនិត្យ​លទ្ធភាព​បន្ត​ជួយ​ផ្នែក​បច្ចេកទេស​ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី និង​កសិករ​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​កសិផល និង​ចំណីអាហារ។

-អង្គការ FAO គួរ​ពិនិត្យ​ពិចារណា​ក្នុង​ការជួយ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ការប្រមូល និង​វិភាគ​ទិន្នន័យ ព័ត៌មាន​ស្ថិតិ​កសិកម្ម និង​ការវិភាគ​សេដ្ឋកិច្ច​កសិកម្ម។ ទាំងអស់នេះ គឺជា​ចំណុច​គន្លឹះ​សម្រាប់​អ្នកធ្វើ​គោលនយោបាយ​អភិវឌ្ឍ ហើយ​ក្រសួង​នឹង​ត្រៀមខ្លួន​ដើម្បី​សហការ​អនុវត្ត​នាពេលខាងមុខ។

-គួរ​ពិនិត្យ​បន្ថែម​លើ​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​សហគម​ន៍​ព្រៃឈើ និង​សហគមន៍​ជលផល ដោយ​ពង្រីក​បន្ថែម​នូវ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ ឬ​វារីវប្បកម្ម សំដៅ​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ធនធាន​អនុផល​ព្រៃឈើ ឬ​ជលផល។

-អង្គការ FAO គួរ​ពិនិត្យ​នូវ​យន្តការ​នៃ​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ដោយ​ប្រើប្រាស់​យន្តការ​មាន​ស្រាប់​របស់​ក្រសួង ដើម្បី​បញ្ជ្រាប​នូវ​ការពង្រឹង​សមត្ថភាព​ដ​ល់​មន្ត្រី​ក្នុងការ​អនុវត្ត​គម្រោង និង​កាត់បន្ថយ​ជា​អតិបរមា ក្នុងការ​ប្រើប្រាស់​ជំនាញការ​អន្តរជាតិ ដោយ​បង្កើន​ការប្រើប្រាស់​ជំនាញការ​ក្នុងស្រុក និង​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន សំដៅ​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង។

-អង្គការ FAO គួរ​ពិនិត្យ​លទ្ធភាព​ផ្តល់​គម្រោង​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​កសិករ​អំពី​ការប្រើប្រាស់ ការថែរក្សា និង​ការបង្កើន​គុណភាព​ដី​កសិកម្ម និង​ការរៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ទៅតាម​គុណភាព ស្ថានភាព​ដី និង​ប្រភពទឹក ឲ្យ​បាន​សមស្រប​តាម​ប្រភេទ​ដំណាំ និង​បន្លែ។

សូម​បញ្ជាក់ដែរថា សិក្ខាសាលា​នេះ បាន​ផ្តោតលើ​ការសិក្សា វាយតម្លៃ​លើ​ទិដ្ឋភាព​រួម ពាក់ព័ន្ធ​នៅ​កម្រិត​យុទ្ធសាស្ត្រ​នៃ​កិច្ច​អន្តរាគមន៍​របស់​អង្គការ FAO ក្នុងការ​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កត្តា​អំណោយផល កត្តា​នាំ​ឲ្យ​រាំងស្ទះ ដល់​ការសម្រេច​លទ្ធផល និង​កំណត់​យក​ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត​កម្មវិធី​ក្នុង​វិស័យ​កសិកម្ម ដែលមាន​សក្តានុពល​ស​ម្រា​ប់​អនុវត្ត​ការងារ​បន្ត ឲ្យ​ទទួលបាន​ជោគជ័យ៕