អាជីវករខេត្ដ​កោះកុង​សន្យាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នាថ្ងៃបុណ្យសមុទ្រ

0
680
អាជីវករ លក់ដូរបម្រើវិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង នៅថ្ងៃទី២ ខែវិច្ចិកានេះ បាន​មក​ជួប​ជុំ​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ដ​កោះកុង ដើម្បី​គិត​គូរ​ពី​ស្ដង់ដារ​ផលិត​ផលង និង​សេវា។

កោះកុងៈ អាជីវករ លក់ដូរ​បម្រើវិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង នៅថ្ងៃទី២ ខែ​វិច្ចិកានេះ​ បាន​សន្យា​​ថា ពួក​គាត់នឹងចូលរួមពង្រឹងគុណភាពសេវាកម្មស្នាក់នៅ និងផលិតផលចំណីអាហារ​របស់​ពួកគាត់​ ឲ្យ​​​បាន​​ល្អ​ប្រសើរជាមួយក្រសួង មន្ទីរ និងអាជ្ញាធរជំនាញ ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​សមុទ្រ​នា​ពាក់​កណ្ដាល​ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ​។

ពិធីបុណ្យសមុទ្រជុំទី២ នៅខេត្តកោះកុង នឹងលេចជារូបរាងឡើងផ្លូវការហើយ តាមទីតាំង​គោល​​ដៅ​ទេសចរណ៍​កម្សាន្តសំខាន់ៗដែលបានត្រៀមទុក។ រីឯគុណភាពផលិតផលហូបចុក និងទីកន្លែង​ស្នាក់​នៅ​ក៏ត្រូវបានក្រសួង អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ខ្ពស់ណាស់ដែរ។

អ្នកស្រី សិទ្ឋ ថន និងលោក ឡូង សារិន ជាក្រុមអាជីវករដូរលក់ចំណីអាហារ និង​ប្រតិ​បតិ្ត​ករ​ផ្តល់​សេវា​ស្នាក់​នៅ បានឱ្យដឹងថា ពុំមានអ្វីជា​បញ្ហា​ឡើយ សម្រាប់​​ពួកគាត់គោរព និងអនុវត្ត​ចំពោះការ​ណែនាំដល់​អាជ្ញាធរ​រាល់​ជាស្រេចលើកា​រងារបដិសណ្ឋារ​កិច្ច​ភ្ញៀ​វ​​​អតិថិ​ ជន ពង្រឹងអនាម័យគុណភាពចំណីអាហារ និងមិនតម្លើងសេវាកម្មផ្សេងៗលើសកម្រិតនោះទេ។

បើប្រតិបតិ្តករទេសចរ សន្យាថា ការដែលពួកគាត់មិនតម្លើងសេវាកម្មស្នាក់នៅ និងម្ហូបអាហារថ្ងៃបុណ្យ​សមុទ្រ​​លើស​កម្រិតពេក គឺដោយសារតែចង់លើកកម្ពស់មុខមាត់ខេត្ត និងរំពឹងថា នឹង​ទទួល​កំណើន​អ្នក​ទេសចរ មក​លេង​កម្សាន្តកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីបញ្ច្រៀបការយល់ដឹងអំពីការងារផ្តល់សេវាទេសចរណ៍បានល្អប្រសើរឡើង មន្រ្តីជាន់​ខ្ពស់​ក្រសួង​ទេស​​ចរណ៍ និងអាជ្ញាធរខេត្តកោះកុង ក៏បើកវគ្គផ្សព្វផ្សាយអប់រំសិក្សាមួយដល់ក្រុមអ្នកប្រតិបត្តិករ និង​អាជីវ​​ករ​ម្ចាស់​សណ្ឋា​គារ ផ្ទះសំណាក់ ពីរបៀបថែរក្សាសម្អាតអនាម័យបរិស្ថានតាមស្តង់ដារ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ពន្យល់ថា ករណី​បើម្ចាស់​អាជីវករទាំងអស់​នោះ ពុំ​បាន​​អនុវត្តទៅណែនាំរបស់អាជ្ញាធរទេ អ្នកដល់រងការខាតបង់ប្រាក់ចំណូលធំជាងគេ គឺ​ប្រតិ​បតិ្ត​ករតែម្តង។

ចំណែកលោកស្រី ឈុនរ៉ាវុធ អភិបាលរងខេត្ត ឱ្យដឹងថា ខេត្តកោះកុង ស្ថិតក្នុងតំបន់ឆ្នេរ K4 នៃប្រ​ទេស​កម្ពុជា ដែល​សំបូរទៅធម្មជាតិ ព្រៃព្រឹក្សា ជ្រោះដងអូរឆ្នេរខ្សាច់ដ៍ស្រស់ស្អាត ជាពិសេស​ជីវៈ​ចំរុះ​ព្រៃ​កោង​កាង ជាពិសេស​សំបូរ​នូវសក្តានុពល ដែលគួរឲ្យចាប់អារម្មណ៍ ហើយអាចប្រកួតប្រជែង ក្នុងលំដាប់​ពិភព​លោក​ផងដែរ។ ​

វិស័យ​ទេសចរណ៍ នាំ​ឲ្យមានសក្តានុពល ចំណុចទាំងអស់នេះហើយ​ធ្វើអោយខេត្តកោះកុង មានតំបន់​ទេសចរណ៍​​ធម្ម​ជាតិ អេកូទេសចរណ៍ ដែលធ្វើអោយមានភាពទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិមានកំណើនខ្ពស់។

លោកស្រីអភិបាលរង មានក្តីរំពឹងទុកជាមុនថា អាជីរករ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ខិតខំយក​ចិត្ត​ទុក​ដាក់ អនុវត្តន៍នឹងរៀនសូត្រ ដើម្បីយកបទពិសោធន៍ផ្សេងៗ យកទៅអនុវត្តន៍ ទៅតាម​ទីតាំង​អាជីកម្ម​រៀងៗខ្លួន ចំពោះការ​​ឆ្លើយតបទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត។

លោកស្រី​បាន​ សូមអោយ​ប​ងប្អូន​អាជីករ ប្រតិបត្តិករ ចូលរួមថែរក្សាអនាម័យបរិស្ថាន អោយ​មាន​អនា​ម័យ ទាំងម្ហូមអាហារទាំងលំនៅដ្ឋាន ទាំងទី​សាធារណៈយើងសុខភាពនឹងខេត្តកោះកុងទាំងមូល។ គួរ​បញ្ជាក់​ថា នៅខេត្តកោះកុង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជិត២០០ទីតាំង ស្មើ​នឹង​១ពាន់​​ ៦៦៣​បន្ទប់។

ចំនួននេះ មិនរាប់បញ្ចូលក្លឹបកម្សាន្ត ខារ៉ាអូខេ និងកន្លែងម៉ាស្សានោះឡើយ។ ករណីបើទី​កន្លែង​ស្នាក់​នៅ អាជ្ញាធរ​ក៏មានផែនការសម្របសម្រួលជាមួយភាគីថៃ ដើម្បីអនុញ្ញាតពលរដ្ឋកម្ពុជា​អាចឆ្លងដែន​ទៅរក​សេវា​​កម្មកម្សាន្ត និងស្នាក់នៅក្នុងទីរួមស្រុកខ្លងយ៉ៃ ខេត្តត្រាតផងដែរ។

បើតាមការប៉ាន់ស្មានជាបឋមរបស់ឯកឧត្តម ថោង ខុង បុណ្យសមុទ្រនាជុំទី២នៅខេត្ដ​កោះកុង នឹងមាន​ភ្ញៀវ​​ទេស​ចរ​ជាតិ និង​អន្តរជាតិប្រមាណ ២៥ ម៉ឺននាក់ ទៅ ៣០ ម៉ឺន​នាក់ បើ​ធៀប​នឹង​បុណ្យ​សមុទ្រ​ កាល​ពី​ ឆ្នាំ ២០១៤ មាន​ចំនួនប្រមាណ ១០​ម៉ឺន​នាក់ប៉ុ​ណ្ណោះ៕

 

អត្តបទ៖ សិរីវឌ្ឍន