ព្រះមហាក្សត្រ អំពាវនាវ​​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិពិសេស​យុវជន​ក្នុង​ការ​អភិរក្ស និង​​អភិវឌ្ឍន៍​បេ​តិក​ភណ្ឌ​

0
689

សៀមរាបៈ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា និង​សម្ដេចម៉ែ នៅ​ល្ងាច​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​ជា​ផ្លូវការ នៃ​ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា​អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅ​ខេត្តសៀមរាប។

ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា​អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបាន​រៀបចំ​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

នៅក្នុង​ពិធី​ដែលមាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កុះករ​នោះ ព្រះមហាក្សត្រ​ខ្មែរ បាន​មាន​ព្រះរាជឱង្ការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​គឺ​ស្រទាប់​យុវជន ជា​អ្នក​បន្តវេន លើ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ ដោយ​ព្រះអង្គ​បាន​ចាត់ទុកថា ជាការ​ងារ​គ្មាន​ទីបញ្ចប់​នោះឡើយ។

ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​រាជឱង្ការ​រំលឹកថា រមណីយដ្ឋាន​អង្គរ បាន​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​របស់​អង្គការ UNESCO នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្រោម​ព្រះរាជ​តំ​ម្រិះ​ដ៏​ថ្លៃថ្លា របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​អំពាវនាវ​ទៅ​អង្គការ UNESCO សូម​ឲ្យ​ជួយ​ស្រោចស្រង់​អង្គរ។

ឆ្លើយតប​និង​ការអំពាវនាវ​នេះ សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី១២ និង​ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ UNESCO ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍ ដល់​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ។ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កា់​ថា ICC-Angkor ត្រូវបាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ១៩៩។

ព្រះអង្គ​បាន​មាន​រាជឱង្ការ​បន្តថា ការ​ប្រារព្ធ​ខួប២៥ឆ្នាំ នៃ​ការបង្កើត ICC-Angkor នៅ​ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​អង្គរធំ ដែលជា​ស្នា​ព្រះហស្ត​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់ នៃ​មហាក្សត្រ​សម័យអង្គរ ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ មានតម្លៃ​ជា​សាកល​ពិតប្រាកដ​ណាស់ សម្រាប់​យើងទាំងអស់គ្នា ដោយបាន​បង្ហាញ​យ៉ាងច្បាស់ អំពី​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​យន្តការ​អន្តរជាតិ​មួយ​នេះ ក្នុង​កិច្ចដំណើរការ ការអភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ចីរភាព​នាពេល​កន្លងមក ដែល​ផ្ដើមចេញពី​ការចូលរួម​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​នានា​ទាំង​ជាតិ និង​អន្តរជាតិ។

ជោគជ័យ​កន្លងមកនេះ ក៏បាន​បង្ហាញ​អំពី​កា​អនុវត្តន៍​គោលនយោបាយ​វប្បធម៌​ជាតិ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​មរតក​វប្បធម៌​ជាតិ។ នេះ​ជា​ព្រះរាជឱង្ការ​របស់​ព្រះមហាក្សត្រ។

ព្រះអង្គ​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ ICC-Angkor ដែល​បាន​ផ្ដល់នូវ​អនុសាសន៍​ដ៏​មាន​សារសំខាន់ ក្នុងការ​ជំរុញ​កិច្ចការ​អភិរក្ស ស្រាវជ្រាវ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព។ តាមរយៈ​យន្ត​ការដែល​បាន​ក្លាយជា​គំរូ​អន្តរជាតិ​របស់​អង្គការ UNESCO នេះ ICC-Angkor បាន​កៀងគរ​ការចូល​រួមកា​ន់​តែច្រើនឡើងៗ ពី​ក្រុម​អ្នកជំនាញការ​អន្តរជាតិ​ជាច្រើន មកពី​ជុំវិញ​ពិភពលោក​ដែល​បច្ចុប្បន្ន​បាននិងកំពុង ធ្វើ​ប្រតិបត្តិការ និង​ស្នើសុំ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បន្តបន្ទាប់ ក្នុងការ​អភិរក្ស​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍។

ជាងនេះទៀត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​ថ្លែងអំណរគុណ​ជាពិសេស ចំពោះ​ប្រទេស​បារាំង និង​ជប៉ុន ដែល​ក្នុង​រយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្នុងនាម​ជា​សហប្រធាន បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ និង​កិច្ចប្រជុំ​បច្ចេកទេស ដោយ​ស្មារតី​ទទួលខុសត្រូវ រួមចំណែក​យ៉ាង​ធំធេង ដល់​ភាពជោគជ័យ​នៃ ICC-Angkor។

ទ្រង់​ក៏បាន​បង្ហាញ​ពី ព្រះរាជឱង្ការ​សង្ឃឹមថា ICC-Angkor នឹង​បន្ត​មានដំណើរ​ការល្អ បំពេញភារកិច្ច​របស់​ខ្លួន​បានទទួល​ជោគជ័យ​ដ៏​ធំធេង ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពាក់ព័ន្ធផ្សេងៗទៀត សម្រាប់​ជា​ឧត្ដមប្រយោជន៍​ជូន​ជនរួមជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា។

សូមបញ្ជាក់ថា ការរៀបចំ​ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ​នៃ​ការបង្កើត ICC-Angkorនេះ ក្នុង​គោលបំណងសំខាន់ៗមួយចំនួន​រួមមាន៖

* ដើម្បី​អបអរសាទរ​ភាពជោគជ័យ ដែល​កើតចេញ​មកពី​យន្តការ អាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្រាប់​បណ្តា​ប្រទេស​នានា​លើ​សាកលលោក

* ដើម្បី​បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មហាអំណាច​វប្ប​ធម៌ និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ

* ដើម្បី​សម្តែង​កតញ្ញូតាធម៌ និង​គុណូបការៈ ចំពោះ​វីរជន ឥស្សរជន និង​បុព្វបុរស​គ្រប់​ជំនាន់ ដែល​បាន​លះបង់​កាយ​ចិត្ត ស្មារតី​ក្នុង​ការកសាង ថែរក្សា ការពារ និង​អភិរក្ស​មរតក​វប្បធម៌

* ដើម្បី​បណ្តុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រលាញ់ ចូលរួម​ថែរក្សា ការពារ និង​លើកតម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា

* ដើម្បី​បង្ហាញ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​វិស័យ​បេតិកភណ្ឌ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

* ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​វប្បធម៌ និង​ទេសចរណ៍​ទៅកាន់​ឆាក​អន្តរជាតិ៕