ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​កាល​ ៧ ​ម៉ឺន​ឆ្នាំ​មុន ត្រូវបានរកឃើញនៅ​បាត់ដំបង​

0
1306
The Khmer historical site 70 thousand years ago was found in Battambang
ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​ឈ្មោះ​ល្អាង​ស្ពាន​ ស្ថិត​នៅ​ភ្នំ​ទាក់ទ្រាំង ក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។ រូបថត វិទ្យាស្ថាន​បារាំង

ភ្នំពេញៈ តាមរយៈ​ការកំណាយ​ដោយ​ក្រុម​បុរាណ​វិទូ​បារាំង​កាលពី​ដំបូង​នា​ចន្លោះ​ពី​ឆ្នាំ​ ១៩៦៥ ដល់​ឆ្នាំ​ ១៩៧១ បាន​ប្រទះឃើញ​នូវ​ផ្នូរ​សាកសព កុលាលភាជន៍ ពូថៅ​ធ្វើ​ពី​ថ្ម​រំលីង ខ្លះ​មាន​ពន្លួញ ខ្លះ​គ្មាន​ពន្លួញ កងដៃ​ថ្ម អង្កាំ​ថ្ម និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដទៃ​នៅ​រូង​ល្អាង​ស្ពាន​ដែល​ជួយ​ឲ្យ​យើង​ធ្វើការ​ស្វែងយល់​ពី​ជំនឿ​សាសនា ការប្រកប​នូវ​របរ​ចិញ្ចឹមជីវិត និង​ទំនៀមទម្លាប់​រស់នៅ​របស់​បុព្វបុរស​ខ្មែរ​នាសម័យ​បុរេប្រវត្តិ​កាលពី ៧ ម៉ឺន​ឆ្នាំ​មុន​។

នោះ​គឺជា​ការធ្វើ​សន្និសីទ​បង្ហាញ​ដោយ​បុរាណ​វិទូ​បារាំង​លោក អ៊ុយប៊ែរ ហ្វររេសស្ទ័រ ដែល​ជា​នាយក​នៃ​ក្រុម Mission Prehistorique បារាំង-កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ខាង​មុខ​នៅ​វិទ្យាសា្ថន​បារាំង​ចាប់ពី​ម៉ោង ៦ និង ៣០ ​នាទី​ល្ងាច​ដែល​អាច​ចូល​ទៅ​ស្តាប់ និង​ស្វែងយល់​ដោយ​សេរី​។

លោក ឆន ប៊ុនឈឿន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាសា្ថន​បារាំង បាន​ឲ្យ​ដឹងថា​៖ «​សន្និសីទ​នេះ​នឹង​បង្ហាញ​ពី​ល្អាង​ស្ពាន​បុរាណ​របស់​ខ្មែរ​មួយ ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ពី​ឫសគល់​នៃ​កំណើត​ជនជាតិ​ខ្មែរ​ដំបូងបង្អស់​ដែល​បាន​មក​តាំង​លំនៅ​នៅលើ​ទឹកដី​សុវណ្ណភូមិ​ក៏​ដូចជា​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​បុព្វបុរស​ខ្មែរ​សម័យ​នោះ​មុន​កកើត​ប្រវត្តិសាស្ត្រ (​មុន​សម័យកាល​មនុស្ស​ចេះ​កត់ត្រា ឬ​ប្រើប្រាស់​អក្សរ​សម្រាប់​កត់ត្រា​)​។

The Khmer historical site 70 thousand years ago was found in Battambang
ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​ឈ្មោះ​ល្អាង​ស្ពាន​ស្ថិត​នៅ​ភ្នំ​ទាក់ទ្រាំង ក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។ រូបថត វិទ្យាស្ថាន​បារាំង

នារយៈពេល ៤០ ​ឆ្នាំ​ក្រោយ​គឺ​បន្ទាប់ពី​របប​ខ្មែរក្រហម​មក​ការធ្វើ​កំណាយ​ទៅលើ​តំបន់​ល្អាង​ស្ពាន​នេះ​ចាប់ផ្ដើម​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ២០០៩ ដោយ​ក្រុម Mission Prehistorique បារាំង-កម្ពុជា​របស់ MEAE ដែល​បាន​ដឹកនាំ​ដោយ​លោក​ អ៊ុយប៊ែរ ហ្វរ៉េសស្ទ័រ និង ហេង សុផាឌី ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​រៀបរាប់​នៅក្នុង​ពេល​នេះ​អំពី​បុរេប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​»​។

ល្អាង​ស្ពាន​នេះ​គឺជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ​ដែល​ស្ថិត​នៅ​ភ្នំ​ទាក់​ទ្រាំង ភូមិ​គីឡូម៉ែត្រ​ ៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​ដោយ​មាន​ចម្ងាយ​ពី​ក្រុង​បាត់ដំបង​ប្រមាណ ៤០ គីឡូម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​ឆ្ពោះ​ទៅ​ខេត្ត​ប៉ៃលិន​។ ល្អាង​ស្ពាន​នេះ​ជា​ឈ្មោះ​ដែល​អ្នកស្រាវជ្រាវ​ផ្ដល់​ឲ្យ​ដោយ​ហៅ​តាម​រូបរាង​នៃ​ថ្ម​ដែល​មាន​សណ្ឋាន​ដូចជា​ស្ពាន​នៅក្នុង​ល្អាង​នោះ​តែ​ម្តង​។

លោក ឆន ប៊ុនឈឿន បន្ត​ឲ្យ​ដឹងថា​៖ «​ល្អាង​ស្ពាន​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ​បំផុត​នៅ​កម្ពុជា​។ រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​មាន​ស្ថានីយ​ណា​មួយ​បង្ហាញ​ពី​ភ័ស្តុតាង​នៃ​ការតាំង​លំនៅ​មាន​អាយុកាល​ចំណាស់​ជាង​ល្អាង​ស្ពាន​នេះ​ឡើយ​។ ល្អាង​ស្ពាន​ដែល​មាន​អាយុកាល​ប្រហែល ៧ ម៉ឺន​ឆ្នាំ​មុន​ដែល​បាន​បង្ហាញ​ពី​​ទីតាំង​លំនៅ​របស់​មនុស្ស​សម័យ​យុគ​ថ្ម​បំបែក ដំបូង​បង្អស់​មក​ដោយ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​មនុស្ស​ធ្វើ​ពនេចរ​ពុំ​ទាន់​ចេះ​ប្រកបរបរ​កសិកម្ម​នៅ​ឡើយ​ទេ គឺថា​ការរស់នៅ​ចិញ្ចឹម​ជីវិត​ដោយសារ​ការ​ប្រមាញ់ និង​ប្រមូល​អនុផល​ព្រៃឈើ​។ យុគ​ថ្ម​បំបែក​ចាប់ផ្ដើម​ដោយ​កំណើត​មនុស្ស​ដំបូង​ដែល​មាន​អាយុកាល​ប្រហែល​ជា ១,៨ លាន ឆ្នាំ​មុន​រហូត​ដល់​ប្រហែល ១០ ០០០ ឆ្នាំ​មុន​គ្រិស្តសករាជ​»៕

អត្ថបទ៖ ភ្នំពេញប៉ុស្ដិ៍