ភ្នំពេញ ៖ សហគ្រិនស្ត្រីកម្ពុជាអះអាងថា បញ្ហាស្តង់ដារភូតគាមអនាម័យ គឺជាឧបសគ្គធំរបស់សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា បន្ទាប់ពីរបាំងពន្ធ ក្នុងការពង្រីកផលិតផលនាំចេញ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
លោកជំទាវ កែវ មុំ នាយិកាក្រុមហ៊ុននំស្រួយលីលី និងជាអតីតប្រធាន សមាគមសហគ្រិនស្ត្រីកម្ពុជា បានលើក ឡើងថា បញ្ហាស្តង់ដារភូតគាមអនាម័យ នៅតែជាឧបសគ្គរារាំង ដល់ការពង្រីកទីផ្សារផលិតផលក្នុងស្រុករបស់ SME នៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ព្រោះថា ស្ដង់ដារផលិតផលរបស់កម្ពុជានៅ មិនទាន់ត្រូវបានទទួលស្គាល់ពេញនៅឡើយលើទីផ្សារអន្តរជាតិ។
លោកជំទាវបានបន្តថា «ដើម្បីធ្វើការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ម្ដងៗ គឺយើងត្រូវឆ្លងកាត់ដំណាក់កាលវាយតម្លៃគុណភាពពីភាគីប្រទេសដែលយើងនាំ ចេញ និងម្យ៉ាងទៀត គឺដោយសារស្លាកសញ្ញាគុណភាពដែលចេញដោយក្រសួង ពាក់ព័ន្ធក្នុងស្រុក មិនទាន់គ្រប់គ្រាន់ សម្រាប់ការនាំចូលទំនិញទៅប្រទេសក្រៅ»។
លោកជំទាវបានលើកឡើងថា រាល់ការបញ្ចេញមុខទំនិញថ្មីៗ របស់ SME បើពឹងផ្អែកតែទៅលើទីផ្សារក្នុងស្រុក គឺមិនអាចទទួលបានបរិមាណលក់ច្រើននោះទេ ដូច្នេះ ការនាំចេញ ទៅលក់នៅទីផ្សារក្រៅប្រទេស គឺជារឿងសំខាន់។ ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់ផលិត ផលនំស្រួយលីលី បានខិតខំពង្រីកទីផ្សារលក់ នៅក្រៅប្រទេសរហូតដល់១០ប្រទេស ទាំងទីផ្សារក្នុងតំបន់ និងនៅអឺរ៉ុប»។
លោកជំទាវបានបន្ថែមថា បច្ចុប្បន្ននេះ ទំនិញក្នុងស្រុក បាននិងកំពុងមានការប្រកួត ប្រជែងខ្លាំងជាមួយនឹងទំនិញនាំចូល ជាពិសេសគឺទៅលើតម្លៃ ព្រោះផលិតផលនាំចូល គេ អាចលក់ក្នុងតម្លៃទាបជាងកម្ពុជា ដោយសារតម្លៃដើមផលិតរបស់គេទាប ដូចជាសាំង ថាមពលអគ្គិសនី ការដឹកជញ្ជូន និងសមត្ថភាពបច្ចេកទេសផលិតខ្ពស់ ហើយការចែកចាយ និងតម្រូវការទីផ្សារគេធំជាងកម្ពុជា។
គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាស ធុនតូច និងមធ្យមមានប្រមាណ ៩៩.៨ភាគរយ ដែលបានផ្ដល់ការងារ សរុប ប្រមាណ៧០ ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕ ប្រភព : Business Cambodia