ភ្នំពេញ ៖ ពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយ ក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យដែលធ្វើក្នុងមួយខែម្តង តាមរាជបវេណី ) ។ តាមធម្មតា ព្រះរាជពិធីនេះត្រូវបានធ្វើនៅខែពិសា (ឧសភា) ជាពេលដើមរដូវបង្កបង្កើនផលកសិកម្ម ហើយជាទូទៅត្រូវបានប្រារព្ធនៅលើទីលាន វាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង ឬ ព្រះស្រែណាមួយ ។ ឆ្នាំនេះធ្វើនៅទីព្រះស្រែខេត្ត ស្វាយរៀង ចាប់ពីថ្ងៃទី ៣០ ខែ មេសា ដល់ថ្ងៃទី ៣ ខែ ឧសភា ។
របៀប្រារព្ធ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ច្រើនតែធ្វើនៅថ្ងៃ ១រោច ២រោច និង ៣ រោច ខែ ពិសាខ ដោយចាត់ឱ្យ មានព្រាហ្មណ៍ ៥ នាក់ ធ្វើ ហោមពិធីបូជាទេវតា ៥ កន្លែង នៅទីព្រះស្រែ។ ពេលខ្លះព្រះរាជា យាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ ប៉ុន្តែពេលខ្លះតំណាងព្រះរាជា ជាអ្នកច្រត់ព្រះនង្គ័ល។ ថ្ងៃ ៤ រោច ខែ ពិសាខ គេចាប់ផ្តើមហែមន្ត្រី អ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា ហៅថា ស្តេច មាឃ និង ភរិយា ព្រះមេហួរ តំណាងព្រះអគ្គមហេសី ចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មាន គោ ៣ នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល។ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។
គោ នឹម ទី ១ ដែលទឹមសម្រាប់ ច្រត់ព្រះនង្គ័ល នោះ គេហៅថា “ ព្រះគោ “ ឬ “ គោឧសភរាជ “ ( គោឈ្មោលរបស់ព្រះរាជា )។ តាមរាជបវេណី “ ព្រះគោ “ ឬ “ គោឧសភរាជ “ នេះ មានកំណត់លក្ខណៈ ច្បាស់លាស់ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។
គោនឹមទី ២ ដែលប្រើសម្រាប់ហែមុខហែក្រោយនោះ ដូចជាមិនទាន់ឃើញថាមានកំណត់លក្ខណៈនៅឡើយ។ ទោះយ៉ាងណា តាមដែលធ្លាប់ប្រើមកហើយ ឃើញច្រើនតែសម្បុរក្រហម។ ឯព្រះនង្គ័លទាំង ៣ នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសម្រាប់អ្នក តំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ ក នាគ និង មានភូ (សរសៃ រំយោល)ធ្វើពីរោមសត្វ។
គោលបំណងសំខាន់បំផុត នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬ ទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និង ហេតុភេទ ដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ។
ព្រះរាជា ឬ ស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬ ដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។
សូមបញ្ជាក់ឡើងវិញថា នៅក្នុងបរិវេណទីលានព្រះស្រែ ឬ វាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺ រោង ដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន ៧ ហើយនៅលើ តុ នីមួយៗ មានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ ល្ង ១ តុ ស្មៅស្រស់ ១ តុទឹក ១ តុ និង ស្រា ១ តុ។
នៅក្នុងព្រះរាជពិធីនេះ បន្ទាប់ពីបានភ្ជួរដូចបានរៀបរាប់ខាងលើមក គឺជាពិធីផ្សងគោឧសភរាជ្យ។ ពិធីផ្សងគោឧសភរាជ្យ នេះ ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ខាងលើនេះ។ កាលព្រះគោបរិភោគអ្វីមួយ ព្រាហ្មណ៍ ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ ឬ ទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និង មានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម។
សាវតារ
ពួកបុរាណវិទូ បានអះអាងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះរាជាខ្មែរ ប្រារព្ធ ជាបវេណី យ៉ាងហោចណាស់ ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី ៩ ) ដែរ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើនបញ្ជាក់ពីវត្តមាន នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។
ចំពោះស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿង រ៉ាម៉ាយណៈ របស់ ឥណ្ឌា និង រឿង រាមកេរ្តិ៍ របស់ខ្មែរ។
នៅក្នុងរឿង រាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍ដំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។
នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ) កំពុងយាងច្រត់ព្រះនង្គ័ល នោះ ព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ។
សន្និដ្ឋាន
តាមរូបភាព ការប្រារព្ធពិធីច្រត់ព្រះនង្គ័ល នេះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ហើយក៏គ្មានទទួលបានភោគផលអ្វីពិតប្រាកដដែរ ដ្បិតការភ្ជួរ និង សាបព្រួស ក្នុងព្រះរាជពិធីនេះ គ្រាន់តែជាតំណាង ពោលគឺពុំមែនជាការបង្កើបង្កើនផលពិតប្រាកដឡើយ។ ប៉ុន្តែពិធីនេះបង្កប់ទៅដោយអត្ថន័យដ៏សំខាន់គឺបញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និង ថ្នាក់ដឹកនាំប្រទេស ) យកព្រះទ័យ ឬ យកចិត្តទុកដាក់លើវិស័យកសិកម្ម ឬ ការបង្កបង្កើនផល ដ្បិតកម្ពុជា ជាប្រទេសដែលពឹងលើវិស័យកសិកម្មជាសំខាន់។
មួយវិញសោត តាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺជាការក្រើនរំលឹកដល់ប្រជានុរាស្ត្រ និង អ្នកពាក់ព័ន្ធទាំងអស់ថា “ រដូវបង្កបង្កើនផលបានចូលមកដល់ហើយ គប្បីប្រុងប្រៀបរៀបចំកាយចិត្ត និង ឧបករណ៍សម្រាប់ប្រឡូកក្នុងការដាំដុះ៕ ប្រភព : រស្មីកម្ពុជា