ប្រធានសហគមន៍មួយគ្រោងអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍​មួយ​ ឱ្យ​ក្លាយ​​ទៅជា​​សហគមន៍​ទេសចរណ៍​វប្បធម៌ និងធម្មជាតិ

0
1616

សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប ដែល​មាន​ចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រនៅ​ផ្នែកខាងកើតឆៀងខាងជើង​ពីក្រុងសៀមរាប បាន​កំពុងតែទាក់ទាញភ្ញៀវទេសចរយ៉ាង​ច្រើន ឱ្យទៅកម្សាន្តតំបន់​នេះជារៀងរាល់ថ្ងៃ។

បឹងធម្មជាតិត្រាវកុដ្ឋបានក្លាយជាសហគមន៍​ទេសចរណ៍រណប​ដែល​ស្ថិតនៅ​ចំកណ្ដាល​រវាងក្រុងសៀមរាប និងភ្នំគូលេន ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបឹង​មាលា និងតំបន់អង្គរ។

លោក អ៊ូ បញ្ញា ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋបាន​ឱ្យ​ដឹងកាល​ពីរ​សៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​២៩ ​ខែ​សីហា ឆ្នំា២០១៨​ថា សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គឺមានបឹងធម្មជាតិត្រាវកុដ្ឋ ដែលមាន​ សក្កានុពលស្រាប់ បឹងនេះមានទេសភាពស្អាត ដែលមើលទៅផ្ទៃទឹកជាប់​ជើង​ភ្នំខៀវស្រងាត់។

លោកបាន​បន្តថា ដើម្បី​ឱ្យ​បឹងនេះកាន់តែមាន​ភាពស្រស់ស្អាត សហគមន៍​ទេសចរណ៍​ធម្មជាតិត្រាវកុដ្ឋ បានសហការជាមួយដៃគូអភិវឌ្ឍន៍ដោយបាន​រៀបចំឱ្យ​មាន​ភោជនីយដ្ឋាន​ និងបូទិចនៅជុំវិញបឹងនេះ​ និងបាន​កែលម្អ តុបតែង​ដោយផ្កា​ផ្សេងៗ​ដែល​រួមចំណែក​ធ្វើ​ឱ្យ សហគមន៍ទេសចរណ៍មួយនេះ ​កាន់តែមានភាព​ទាក់ទាញ។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មាន​កន្លែង​កម្សាន្តជាច្រើនដូចជា ការ​ជិះទូកកម្សាន្ត ការជិះកង់លើអាកាស និង ការអង្គុយទទួលទានអាហារ​នៅមាត់​ទឹក​ស្របខ្យល់បរិសុទ្ធ។

លោក អ៊ូ បញ្ញា បាន​បញ្ជាក់ថា ដើម្បីឱ្យតំបន់​នេះ​កាន់តែមាន​ភាព​ទាក់ទាញ លោកនឹង ​អភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះ​ឱ្យ​ក្លាយ​ទៅ​​ជាសហគមន៍​ទេសចរណ៍​វប្បធម៌ និងធម្មជាតិ​ ដែលទាក់​ទាញភ្ញៀវទេសចរ​បំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យ​ប្រជាពលរដ្ឋ​​ដែលរស់នៅ​ជុំវិញ​តំបន់​នេះមាន​ជីវភាពកាន់តែប្រសើរ​ឡើងតាម​រយៈការ​ទទួលបាន​ចំណូល​ពី​វិស័យទេស ចរណ៍ ដូចបង្កើតឱ្យមាន​វង់ទស្សនារបស់​ភ្ញៀវ​ទេសចរបន្ថែមទៀតដូចជា កន្លែងមើលថ្ងៃលិច កន្លែងភ្ញៀវជិះរទេះគោ ទស្សនាការដាំ​បន្លែរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានភូមិកសិទេស ចរណ៍ជាដើម។ លោកបាន​បន្តថា បច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានភ្ញៀវទេសចរទៅកម្សាន្ត​ក្នុង១ថ្ងៃពី ៥០០នាក់ទៅ១.០០០នាក់ជារៀងរាល់ថ្ងៃ។

លោក ង៉ូវ សេង​កាក់​ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា លោកគំាទ្រ​ចំពោះការរៀបចំសហគមន៍ទេសចរណ៍មួយនេះ​ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តាមសហគមន៍​ទទួលបាន​ចំណូល​ដោយ​ផ្ទាល់​ពីវិស័យទេសចរណ៍។

លោកប្រធាន​មន្ទីរទេសចរណ៍បានបន្តថា បច្ចុប្បន្ននេះក្រៅពី​ប្រាសាទ​បុរាណ​​ ខេត្ត​សៀមរាប​មាន ផ្ទះស្នាក់បែបបុរាណ ភោជនីយដ្ឋានក្នុង​ស្រុក ទំនៀមទម្លាប់ការ​រស់​នៅ​ប្រចំាថ្ងៃរបស់​ប្រជា​ជន វប្បធម៌ ​និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវ​ទេសចរ តែងតែចង់ឈ្វេងយល់ និងទៅដោយផ្ទាល់។ ដើម្បី​ឱ្យ​ភ្ញៀវទេសចរបាន​ស្គាល់​ពី​រមណីយ​ដ្ឋាន​ធម្មជាតិ​ជាច្រើន ​ដែល​មាន​នៅខេត្ត​សៀមរាប​ក្រៅពី​ប្រាសាទ​បុរាណ អាជ្ញាធរខេត្តបានបង្កើតឱ្យមានផែន​ទី​ទេសចរណ៍សៀមរាប​ក្រៅពី​ប្រាសាទ ដែល​ផែនទី​នេះ​បាន​បង្ហាញ​​អំពីរមណីយ​ដ្ឋានធម្មជាតិ​ទំាង​អស់​នៅ​ក្នុង​ខេត្តសៀមរាប​ឱ្យអ្នក​ទេសចរបាន​ដឹង ហើយផែនទីនេះបានដាក់ជូន​ទៅទីភ្នាក់ងារទេសចរណ៍​ទំាង​អស់​ ដើម្បី​ដាក់បញ្ជូលទៅក្នុង​កញ្ចប់​ទស្សនាដែលបានលក់ជូន​ភ្ញៀវទេសចរ ដើម្បីធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវទេសចរបានទៅ​ដល់សហគមន៍៕​