រដ្ឋាភិបាល​ចាត់​ទុកវិធានការ EU យកពន្ធអង្ករជាអាវុធសម្លាប់កសិករក្រីក្រ

0
780

ភ្នំពេញៈ រដ្ឋាភិបាល​បាន​ចាត់​ទុក​វិធាន​ការ​របស់សហភាពអឺរ៉ុប (EU) យកពន្ធអង្ករនាំចូលពីកម្ពុជា ថាជាអាវុធសម្លាប់ប្រជាកសិករដែលបច្ចុប្បន្នកំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ។​

​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ នៅ​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នា ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។

ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្លើយតប​ទៅ​នឹង​វិធាន​ការ​នេះ ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់​ទុក​វិធាន​ការ​នេះ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ប្រជាកសិករ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើ​ឃាត​ពួកគាត់​ ​។​

សេចក្តីថ្លែងការណ៍៖ «ការសម្រេចដាក់វិធានការការពារទីផ្សារដោយសហភាពអឺរ៉ុបមកលើអង្ករ (Indica rice) ដែលមានប្រភពដើមពីកម្ពុជាមានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតពួកគាត់និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់។»

ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញលើការសម្រេចនេះ ហើយថា ក្រសួងក៏កំពុងតែពិនិត្យលើច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធដើម្បីតវ៉ា។

អគ្គនាយក​ក្រុម​ហ៊ុន​នាំចេញ​អង្ករ ​Amru Rice លោក សុង សារ៉ន បាន​លើក​ឡើង​លើ​ហ្វេសប៊ុក​របស់​លោក​ ដោយ​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ និង​រោង​ម៉ាស៊ីន​ស្រូវ​បន្ត​ធ្វើការ​តាម​ធម្មតា ដោយ​ថា​ភាគី​ឯកជន និង​រដ្ឋាភិបាល​កំពុង​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នេះ​ហើយ។

លោក​សរសេរ​ថា៖ « កម្ពុជា​អាច​បាត់បង់​ទីផ្សារ​អង្ករ​ខ្លះ​នៅ EU។ យើង​នឹង​អាច​រក​មធ្យោបាយ​ចូល​ទីផ្សារ​ EU ឡើងវិញ និង​សិក្សា​ពី​ផល​ប៉ះពាល់​ទីផ្សារ​នេះ​បាន​នៅ​ខែ​កុម្ភៈ » ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក យ៉ង់ ប៉ាក់ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អឺរ៉ុប​នេះ​ ខណៈ​លោក​ថា ​វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាកសិករ​ខ្មែរ​ពី​៣០ ដល់​៤០​ភាគរយ​ផង​ដែរ។ លោក​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​រោង​ម៉ាស៊ីន​ស្រូវ​បន្ថែម​ទៀត សម្លឹង​រក​ទីផ្សារ​ថ្មី​បន្ថែម និង​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ថ្លៃ​ចំណាយ​នៃ​ការ​នាំ​ចេញ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។

លោកថា៖ « ប្រសិន​អឺរ៉ុប​គេ​យក​ពន្ធ​ទៅ​លើ​ស្រូវស​ ប្រហែល​ជា​៣០​ភាគរយ​ទៅ​៤០​ភាគ​រយ​ទេ ដែល​ប៉ះពាល់​ដល់​កសិករ។ អញ្ចឹង​កសិករ​យើង​អាច​បង្វែរ​មក​ដាំ​ស្រូវ​ប្រណិត​ និង​ស្រូវ​ក្រអូប​វិញ អញ្ចឹង​កសិករ​យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​ហើយ​ តែ​ឥឡូវ​អឺរ៉ុប​វ៉ៃ​រាប​យក​ទាំង​អស់»។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ថា ការ​សម្រេច​យក​ពន្ធ​នាំ ចូល​អង្ករ​ពី​កម្ពុជា​នេះ ​វា​​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ​កម្ពុជា​ប្រមាណ៣លាន​នាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្នុង​របាយការណ៍​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​ អង្ករ​កម្ពុជា​ជិត ២៧​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ ក្នុងចំណោមអង្ករនាំចេញរបស់កម្ពុជា៤៣ភាគរយ យកទៅលក់នៅអឺរ៉ុបដោយមិនជាប់ពន្ធ។​

 

ប្រភព៖ VOD