រដ្ឋាភិបាល​ថ្កោលទោសក្រុម​ហ៊ុន​ដែលយក​អត្ដ​សញ្ញាណ​ជាតិខ្មែរ​ធ្វើ​ជា​សម្ភារៈ​បង្គន់ ដោយ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​

0
974

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានថ្កោលទោសបណ្តាក្រុមហ៊ុនដែលផលិតផលបង្គន់ ដោយ​ប្រើ​ប្រាស់​រូប​ប្រាសាទ​ខ្មែរ។ ទន្ទឹមនឹងនេះកម្ពុជាបានស្នើឱ្យក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនបង្កើតទីផ្សារអនឡានអន្តរជាតិ បញ្ឈប់​ជាបន្ទាន់នូវការលក់ផលិតផលប្រភេទនេះ នៅលើគេហទំព័របស់ខ្លួន។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon ។

នៅក្នុងសេចក្តីប្រកាសនេះ លោក ជុំ សុន្ទរី បានថ្លែងថា ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ​សហរដ្ឋ​អាមេរិក​បានទទួល​ដំណឹងដោយតក់ស្លុត និងស្រងាកចិត្តថា៖

* រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬ បឹងមាលា ដែលត្រូវបាន​ចុះបញ្ជី​ជាបេតិ​ក​ភណ្ឌ​​​ពិភពលោក តាំងពីឆ្នាំ ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់​តាំង​ពីឆ្នាំ ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជា​រូបភាព​នៃផលិត​ផល​ដែល​បង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាល​ផ្ទះបាយ។

លើសពីនេះទៅទៀត ក្រុមហ៊ុនផលិត​បាន​ប្រើប្រាស់​វិធីគួរ​ឲ្យស្អប់​ខ្ពើម​ដោយ​ប្រើប្រាស់​ទង់ជាតិ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់) ។

* ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិត​ផល​ទាំង​អស់​នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយ​ដកចេញ​ពីគេ​ហ​ទំព័រ​នូវ​ផលិត​ផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះ​រាជាណាចក្រកម្ពុជា។ ស្ថាន​ទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្ម​អតិថិជនរបស់​ក្រុមហ៊ុន Amazon កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៩ »។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុន Amazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបាន​សង្កត់ធ្ងន់​ថា​ «វា​មិន​មែន​ជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃ​ការ​ប្រើប្រាស់​នេះហើយ​ការផ្សព្វ​​ផ្សាយ​ផលិត​​ផលដែលបង្កភាពអាម៉ាស់ ទាំងនេះ​ត្រូវតែបញ្ឈប់ជាបន្ទាន់» ៕

 

ខាងក្រោមនេះជាលិខិតរបស់លោក ជុំ សុន្ទរី ៖