
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងនឹងរៀបចំ «មហាសង្ក្រាន្តខ្មែរនៅកូរ៉េ» ជាលើកទីពីររបស់ខ្លួនដើម្បីអបអរពីធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ។
មិនឲ្យខុសគ្នាពីសង្ក្រាន្តដែលរៀបចំនៅតាមបណ្តាខេត្តរាជធានីក្នុងប្រទេស ដែលមានដាក់ខ្លោងទ្វារសង្ក្រាន្តនោះ នៅឯកូរ៉េខាងត្បូងវិញស្ថានទូតខ្មែរក៏មានខ្លោងទ្វារផ្ទាល់ខ្លួនផងដែរ ដោយមានរំលេចនូវរចនាប័ទ្មខ្មែរ និងមានអត្ថន័យវិសេសវិសាលផងដែរ។
កាលពីល្ងាចម្សិលមិញ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍តាមវីដេអូឡាយ ថាខ្លោងទ្វារនេះមានរចនាប័ទ្មខ្មែរ និងថាទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរក្រោយពីបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក។ ឯកឧត្តមចាត់ទុកថាពេលដើរចូលតាមខ្លោងទ្វារនេះប្រៀបបានដូចជាដើរចូលភូមិខ្មែរ ឬផ្ទះខ្មែរ ដូចនោះដែរ។
ឯកឧត្តមពន្យល់ថារូបភាពទេពប្រណមលើកដៃសំពះតំណាងឲ្យកាយវិការទន់ភ្លន់សម្រាប់ទទួលស្វាគមន៍ភ្ញៀវជនជាតិខ្មែរ និងភ្ញៀវបរទេសដែលបានចូលរួមក្នុងកម្មវិធីមហាសង្ក្រាន្តនេះ។ មួយវិញទៀតឯកឧត្តមបន្តថារូបទេពប្រណមនេះក៏បង្ហាញពីការជូនពរជ័យដល់សាធារណជនក្នុងឱកាសឆ្នាំថ្មីផងដែរ។
ឯកឧត្តមបន្តថា៖ «អ៊ីចឹងទេពប្រណមនេះមានអត្ថន័យរួចទៅហើយ ហើយខ្លោងទ្វារនេះយើងផ្តោតឲ្យស្អាត សមរម្យនេះ (ក៏)នឹងក្លាយជាកន្លែងថតរូបរបស់បងប្អូន…ថតរូបជុំគ្នាបង្ហាញថាបានមកចូលរួមព្រឹត្តិការណ៍មហាសង្ក្រាន្តនៅកូរ៉េដែរ…ចូលដល់ខ្លោងទ្វារនេះដូចជាយើងបានចូលដល់ប្រទេសកម្ពុជា ចូលដល់ភូមិខ្មែរមួយ»។
សម្រាប់មហាសង្ក្រាន្តនៅកូរ៉េខាងត្បូងនេះនឹងរៀបចំនៅទីក្រុងសេអូល ចាប់ពីល្ងាចថ្ងៃទី១៤ ខែមេសា មានពិធីក្រុងពាលី និងព្រឹកថ្ងៃទី១៥ នឹងមានរៀបចំពិធីសាសានាមួយចំនួនដូចជារាប់បាត្រ ពូនភ្នំខ្សាច់ និងស្រង់ព្រះ ជាដើម។ នេះបើតាមប្រសាសន៍ឯកឧត្តម ឡុង ឌីម៉ង់។
ក្រៅពីពិធីសាសនាក៏មានដែរកម្មវិធីតាំងពិព័រណ៌ម្ហូបខ្មែរ លេងល្បែងប្រជាប្រិយ ការប្រកួតក្បាច់គុណខ្មែរ ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងមានការប្រគំតន្រ្តីដែលមានសិល្បករខ្មែរចូលរួមសម្តែងផងដែរ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូត៕