កោះ​​​អណ្ដែតនៅ​ បឹង​កន្សែង កំពុងទាក់ទាញ​ភ្ញៀវទេសចរ​

0
777

ខេត្តរតនគិរី​៖ កោះ​មួយស្ថិតនៅក្នុង​បឹង​កន្សែង​បាន​អណ្ដែត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​នាំគ្នា​ទៅ​ថត​ទិដ្ឋភាព​នៅ​ទីនោះ​។ កោះ​នៅ​បឹង​កន្សែង​នេះ បាន​អណ្ដែត​តាំងពី​ព្រឹក​ថ្ងៃទី២ កញ្ញា​ មកម្លេះ។

​កោះ នៅបឹងកន្សែង ​ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី ដែលមាន​ដើមឈើ​ដុះ​ស្កេះ​ស្កះ​នៅលើ បាន​អណ្ដែត​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី២ កញ្ញានេះ បន្ទាប់ពី​ខកខាន​អណ្ដែត​កាលពី​ ១០​ឆ្នាំមុន​។ កោះ​បឹង​កន្សែង​នេះ បាន​អណ្ដែត​ចេញពី​ត្រើយម្ខាង​នៃ​បឹង ទៅ​ជ្រុង​ម្ខាងទៀត។​

ប្រជាពលរដ្ឋ​នៅ​ទីនោះមានជំនឿថា កោះ​នោះ​មាន​អ្នកតា​កាន់។​ ពី​ដើម​មក​ នៅពេលណា​គាត់​ចង់​អណ្ដែត​ទៅណា​គឺ​ទៅនោះ​ហើយ​ ទោះបី​ខ្យល់​បក់​ទៅ​លិច តែ​កោះ​នេះ​អាច​អណ្ដែត​ទៅខាង​កើត​បាន​​។​ តែបើ​គិតពី​វិទ្យាសាស្ត្រ ដោយសារ​ឆ្នាំនេះ ទឹកធំ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាចធ្វើ​ឲ្យ​កោះ​នេះ​អណ្ដែត​។ ​កោះ​នេះ ខាន​អណ្ដែត​ជាង​ ១០​ឆ្នាំ​ហើយ ព្រោះ​រាល់​ឆ្នាំទឹក​តិច តែឆ្នាំនេះ​ទឹកធំ ទឹក​បឹង​ឡើង​ខ្ពស់​ទើប​ធ្វើ​ឲ្យ​កោះអណ្ដែត​។
កោះ​ដ៏​ធំ​ដែល​អណ្ដែត​សន្សឹមៗ​ពី​ជើង​ទៅ​កើត​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​នាំគ្នា​ទៅ​បន់ស្រន់ និង​សែន​ព្រេង នៅ​បរិវេណ​អ្នកតា​បឹង​កន្សែង និង​មួយចំនួន​បាន​ថត​ទិដ្ឋភាព​កោះអណ្ដែត​តដ៌​អស្ចារ្យ​នេះ។
បើតាមប្រជាពលរដ្ឋ​ដែលរស់នៅ​ទៅនោះជិត​២០​ឆ្នាំ បានឲ្យដឹង​ថា​៖ ​កាលពី​ ១០​ឆ្នាំមុន កោះ​នេះតែងតែ​អណ្ដែត​ជា​ញឹកញាប់​ទៅវិញទៅមក ហើយ​អណ្តែត​លឿនៗ​ក្នុងទិសដៅ​ពី​បណ្តោយ​បឹង មិន​សន្សឹម​ដូច​អណ្ដែត​លើ​នេះ​ទេ​។
សូមបញ្ជាក់ថា បឹង​កន្សែង​ដែលមាន​រាង​ដូច​លោក​ខែ​នេះ មាន​ទំហំ ២៩​ហិកតា  និង​មាន​ជម្រៅ​ជ្រៅ​បំផុត​កម្ពស់ ៤​ម៉ែត្រ ហើយ​ផ្ទៃ​បឹង​នេះ ភាគច្រើន​ជា​តំបន់​ដីគោក​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ មាន​គម្រោង​សង់​ផែ​លំហែកាយ​បន្ថែម និង​ផ្លូវ​ជុំវិញ​មាត់បឹង​កន្សែង និងសម្អាត​ផ្ទៃ​បឹង​ឲ្យ​មាន​ពណ៌​បៃតង​ឡើងវិញ ដើម្បី​លើក​សម្រស់​បឹង​កន្សែង និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​នេះ​ផងដែរ​៕

ថ្ងែទី2/9/2019/វេលាម៉ោង6:48នាទីព្រឹកកោះអណ្ដែតនៅបឹងកន្សែងខេត្តរតនះគិរីសូមអោយទេវតាលោកតាជួងម្ចាស់ទឹកដីតាមថែរក្សាកូនចៅជួបតែសំណាងល្អរកសុីមានបានហេង!!!សាធុ!!!សាធុ!!!សាធុ!!!

Gepostet von ពីរអ្នក ម៉ាក់កូនក៍ល្អ am Sonntag, 1. September 2019