ហ្វូងដំរីព្រៃនៅខេត្តមណ្ឌលគិរីបង្ហាញខ្លួនម្ដងទៀតក្បែរភូមិអ្នកស្រុក

0
726

មណ្ឌលគិរីៈ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ហ្វូង​ដំរីព្រៃ​ជាច្រើន​ក្បាល​បានបង្ហាញ​ខ្លួន​ម្តង​នៅ​បរិវេណ​ខាង​ក្រោយ​​​សាលាស្រុក​កែវ​សីមា និង​នៅ​ចំណុច​ស្រះ​ទឹក ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​មាន​ចម្ងាយ​ប្រ​ហែល​ ៣០០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​ដង​ផ្លូវជាតិ ​លេខ៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រេ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

វត្តមាន​ជាថ្មី​របស់​ហ្វូង​ដំរីព្រៃ​ទាំងនោះ គឺ​តាំង​ពីថ្ងៃ២០ មេសា ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី២៣ មេសា​នេះ​ពួកវា​កំពុង​ស្ថិតនៅ​ចំណុច​ដដែល។

ជាទូទៅ​ដំរីព្រៃ​ទាំងនោះ​តែង​ចេញមក​ចំណុច​ខាងលើ​នៅ​រៀងរាល់ឆ្នាំ​ក្នុងអំឡុង​រដូវ​នេះ ព្រោះ​ទីតាំង​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ជា​ជម្រក​ចាស់​របស់​ពួកវា ។

ទោះយ៉ាងណា​ហ្វូង​សត្វ​ដំរី​ទាំងនេះ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​នោះទេ គិត​រហូតមក​ដល់ពេលនេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​បាន​ឃ្លាំមើល​ការ​បម្លាស់​ទី​របស់​ពួកវា​ជាប្រចាំ ដើម្បី​បង្ការ​ហានិភ័យផ្សេងៗដែល​អាច​កើតឡើង​ពី​សកម្មភាព​របស់​ពួកវា​មកលើ​អ្នកស្រុក ។

លោក​បន្ថែមថា ហ្វូង​ដំរី​ទាំងអស់​មាន​ចំនួន៧ក្បាល ហើយ​ការ​ចេញពី​ព្រៃ​ជ្រៅ​មក​ក្បែរ​ភូមិ​អ្នកស្រុក គឺ​ពួកវា​មក​ផឹកទឹក និង​ស៊ី​ចំណី ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹងថា មួយរយៈ​នេះ​សម្រាប់​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ជា​រឿង​ដ៏​ប្រសើរ​មួយ ព្រោះថា​ក្នុងព្រៃ​នៅតែមាន​ប្រភពទឹក ដើម្បី​ឲ្យ​សត្វព្រៃ​ផឹក ហើយ​ករណីនេះ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ WCS ក្នុង​តប​ន់​ក៏បាន​ត្រៀម​ដឹក​ទឹក​ទៅ​ចាក់​ក្នុង​ថ្លុក ឬ​ត្រពាំង​ក្នុងព្រៃ​ឲ្យ​មាន​ប្រភពទឹក​ជាប្រចាំ​ដែរ ប្រសិនបើ​ប្រភពទឹក​នោះ​ត្រូវ​រីង​ហួត ។

នៅ​រដូវប្រាំង​បែបនេះ​ដែរ មន្ត្រី​ជំនាញ​ក៏​នឹង​បង្កើន​ការ​ល្បាត​ព្រៃ និង​ចាំ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ផងដែរ ព្រោះ​ព្រានព្រៃ​តែង​ចេញ​ប្រមាញ់​ក្នុង​រដូវ​នេះ ហើយ​ការ​បរបាញ់​សត្វព្រៃ​ពី​សំណាក់​ជនល្មើស គឺធ្វើឡើង​នៅ​តំបន់​មាន​ប្រភពទឹក​ដែល​សត្វព្រៃ​អាស្រ័យ​ប្រចាំ​ថ្ងៃនោះ ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី៣៧០ក្បាល ទៅ៥០០ក្បាល គឺមាន​ការកើនឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​ដំរី​អាស៊ី ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​ទៅ​មើល ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនោះ សូមកុំ​បង្ក​កា​រំខាន​ដល់​ពួកវា ដែល​អាចមាន​គ្រោះថ្នាក់​នានា​ព្រោះ​ច​រិ​ក​ដំរីព្រៃ បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី​ដល់​មនុស្ស​ដែរ ៕