អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទស្នើឲ្យសហគមន៍ផលិតពូជស្រូវបង្កើន​ការផលិតចែកជូនកសិករ

0
814

បាត់ដំបងៈ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ លោកប្រធាន Rice SDP តំណាងមន្ទីរកសិកម្ម ប្រចាំខេត្តបាត់ដំបង ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយ ក្រុមតំណាង​មកពីសហគមន៍ផលិតកម្មពូជស្រូវទាំង៣២ ប្រចាំខេត្តបាត់ដំបង។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បី ស្នើសុំសហគមន៍ផលិតពូជស្រូវ ធ្វើការពង្រីកការផលិតបន្ថែមពូជស្រូវ សុទ្ធតាមបច្ចេកទេស, បង្កើតមជ្ឈមណ្ឌលផលិត និងបែងចែកពូជស្រូវសុទ្ធ, សម្របសម្រួលកិច្ចសន្យា​ផលិតកម្មកសិកម្ម រវាងក្រុមអ្នកផលិតពូជ និងក្រុមហ៊ុនទទួលទិញពូជ, លើកទឹកចិត្តដល់ក​សិករ​ដាំដុះពូជស្រូវសុទ្ធ។

លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការរំលឹកជូនដល់តំណាងសហគមន៍ អំពីសាវតានៃការធ្លាក់ថ្លៃចុះតំលៃស្រូវ កាលពីឆ្នាំ២០១៦ ហើយមូលហេតុនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានទំលាក់ថវិកាជាបន្តបន្ទាប់ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យធ្វើជាប្រតិបត្តិករ អនុវត្តគម្រោង​ឥណទានពិសេសនេះ។

ជាក់ស្តែងឃ្លាំងស្តុកស្រូវចំនួន១៥ម៉ឺនតោន និងឡសំងួតស្រូវ៣០០០តោនក្នុងមួយថ្ងៃ ដែលបានសាង់សង់ និងដាក់ឲ្យប្រើប្រាស់រួចហើយ ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាមជ្ឈមណ្ឌល​ធ្វើការប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងតំបន់ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាដើម។ ទន្ទឹមនេះតំលៃស្រូវ​ត្រូវបានធានាតាមតំលៃទីផ្សារ ដែលជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក កៅ ថាច បានបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ ទិន្នផលស្រូវរបស់បងប្អូនមានការធ្លាក់ចុះ ដោយសារកត្តាអាកាសធាតុ និងបញ្ហាមួយចំនួនជាហេតុធ្វើឲ្យតំលៃស្រូវមានការធ្លាក់ចុះ បើប្រៀនធៀបទៅ​បណ្តាឆ្នាំមុនៗ។ ក៏ប៉ុន្តែទន្ទឹមនេះ បញ្ហាធំបំផុតនោះដែលរួមចំណែកធ្វើឲ្យផលស្រូវធ្លាក់ចុះនោះ គឺមកពីបងប្អូនប្រ​ជាកសិករមួយចំនួន បានដាំដុះពូជស្រូវមិនសុទ្ធល្អទើប ធ្វើឲ្យទិន្នផលធ្លាក់ចុះ និងមិនសូវបាន​ផលល្អជាហេតុ​ធ្វើឲ្យឈ្មួញបង្អាប់តំលៃ។

ដោយមើលឃើញពីកត្តាពូជស្រូវនេះ លោក កៅ ថាច បានស្នើសុំតំណាងសហគមន៍ផលិតពូជស្រូវទាំង៣២ ក្នុងខេត្តបាត់ដំបង ឲ្យបង្កើនការផលិតពូជស្រូវសុទ្ធល្អ និងប្រមូលផ្តុំជាមជ្ឈមណ្ឌលពូជស្រូវ ដើម្បីធ្វើ​ការ​បែង​ចែកឲ្យកសិករក្នុងតំបន់ដាំដុះពូជស្រូវសុទ្ធវិញ។ ដោយឡែកបញ្ហាចំណាយ លើការផលិតពូជ​ស្រូវសុទ្ធនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ ធានាទំលាក់ថវិកាឥណទាន ដោយអត្រាការប្រាក់អនុគ្រោះបំផុត សម្រាប់សហគមន៍​ផលិត​ពូជស្រូវ។

លោកអគ្គនាយកបន្ថែមថា ចំពោះផលិតផលពូជស្រូវផលិតបាន យើងមានក្រុមហ៊ុនធានាទិញ យកដោយមានកិច្ចសន្យាត្រឹមត្រូវ និងមានការធានាតំលៃ។

ម្យ៉ាងទៀតក្នុងករណីបង​ប្អូន​សហគមន៍ផលិតកម្មពូជស្រូវ ព្រមព្រៀងលើការពិភាក្សានេះ បងប្អូននឹងមានការចំណេញច្រើន ទាំងពេលវេលា តំលៃ និងថវិកា ព្រោះយើងនឹងធ្វើកិច្ចការនេះ ដោយមានកិច្ចសន្យាទិញតាមតំលៃទីផ្សារ ហើយបង​ប្អូន​សហគមន៍ មានធនាគារអភិវឌ្ឍន៍ជនបទ នឹងជួយសម្របសម្រួលលើការងារនេះ ដើម្បី​ឲ្យបងប្អូន​សហគមន៍មានភាពជឿជាក់ និងកុំបារម្ភ។

ឆ្លងតាមរយៈកិច្ចពិភាក្សានេះ បងប្អូនតំណាងសហគមន៍ផលិតកម្មពូជស្រូវ ដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ បានព្រមព្រាងទទួលយកសំណើលើតំលៃទិញ និងចំនួនផលិត តាមការសម្របសម្រួលពីលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ៕