ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋចំនួន២៧គ្រួសាររស់នៅឃុំរកាគយនិងឃុំពាមជីកងស្រុកកងមាសខេត្តកំពង់ចាមបានចូលរួមក្នុងសហគមន៍ដាំបន្លែសុវត្ថិភាពក្នុង”គម្រោងជំរុញផលិតកម្មស្បៀង”មានការផ្តល់បច្ចេកទេសពីមន្ត្រីកសិកម្មនិងផ្តល់ជំនួយថវិកាមួយចំនួនពីរាជរដ្ឋាភិបាល។ អ្នកស្រីថៃសំអុលអាយុ៤៨ឆ្នាំជាសមាជិកសហគមន៍ម្នាក់ដែលមានចម្ការទំហំ ០,៥០ហិកតា ក្នុងភូមិដំណាក់ល្អិតឃុំរកាគយបានឲ្យដឹងនៅថ្ងៃទី៧កុម្ភ:ថាអ្នកស្រីបានចូលរួមអនុវត្តគម្រោងជំរុញផលិតកម្មស្បឿងនេះបានចំនួនជាងមួយខែហើយជាមួយប្អូនស្រីឈ្មោះថៃសំអាង។ដំបូងមានបណ្តុះបណ្តាលជាទ្រីស្តីនិងបន្ទាប់មកបង្ហាត់បង្ហាញជាក់ស្តែងដោយមន្ត្រីកសិកម្មនៅក្នុងចម្ការតែម្តង។
អ្នកស្រី សំអុល បានឲ្យដឹងទៀតថា ក្នុងនោះបានទទួលការណែនាំឲ្យដាំប្រភេទដំណាំបន្លែចម្រុះ មាន: ត្រសក់ស្រូវ, ត្រសក់ផ្អ ឬត្រសក់ជ្រលង់ , សណ្តែកគួរ ,ម្រះ ,ម្ទេស ,ត្រប់ និងពោតសប្រភេទពូជ៨៨ ជារបងការពារព័ទ្ធជុំវិញដំណាំទាំនោះ។ នេះជាចម្ការដំណាំបន្លែ សុវត្ថិភាព គឺយើងប្រើប្រាស់ថ្នាំនិងជីគីមី ស្របតាមលក្ខណ:បច្ចេកទេសកសិកម្ម ពោលគឺអនុវត្តនូវអ្វីដែលបានទទួលពីការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញផ្ទាល់ពីមន្ត្រីកសិកម្មខេត្ត។
អ្នកស្រីបានបន្ថែមថា រយ:ពេលជាង៣០ថ្ងៃនៃការដាំបន្លែនេះ គឺបានប្រមូលផលពីត្រសក់ស្រូវចំនួន ២៩ ថ្នល និងត្រសក់ផ្អចំនួន ១០ថ្នលជាបណ្តើរៗហើយ។ ដោយត្រសក់ស្រូវបេះមួយថ្ងៃមួយលើកបាន១០០គីឡូក្រាម បេះបានបីថ្ងៃហើយ។ ចំណែកត្រសក់ផ្អទើបបេះមួយថ្ងៃដំបូងបានចំនួន ១០គីឡូក្រាមដែរ។
ក្នុងនោះត្រសក់ស្រូវលក់បានតម្លៃពី ១.៣០០ទៅ ១.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយត្រសក់ផ្អមួយគីឡូក្រាមបាន ១.០០០រៀល។អ្នកស្រីបានបន្តថា តាមប្រមូលផលលើកដំបូងនេះ គឺគ្រួសារគាត់មានទំនុកចិត្តពី ៧០ ទៅ ៨០ភាគរយនឹងទទួលបានជោគជ័យក្នុងការចូលរួមអនុវត្ត”គម្រោងជំរុញផលិតកម្មស្បៀង”។
គម្រោងនេះគ្រួសារអ្នកស្រី និងប្អូនស្រីបានចំណាយរួមគ្នាប្រហែល ១.៥០០ដុល្លារ សម្រាប់ធ្វើរបង និងធ្វើដីលើករងថ្នលដំណាំ។ ចំណែកសម្ភារ:ដូចជាធុងទឹក ទុយោទឹក និងឧបករណ៍មួយចំនួនទៀត គឺជាជំនួយរបស់រដ្ឋាភិបាលក្នុងមួយគ្រួសារសរុបប្រហែល ៧០០ដុល្លារ។ ជាមួយនោះអ្នកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តគម្រោងនេះដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ជាពិសេសធ្វើឲ្យមានមុខរបរពិតប្រាកដ ដោយមិនខ្វាយខ្វល់ពីបញ្ហាចំណាកស្រុកឡើយ។
លោកភួងណាវុធប្រធានការិយាល័យសេត្រសាស្ត្រនិងលទ្ធភាពកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានឲ្យដឹងថាអ្នកស្រីថៃសំអុលជាសមាជិកនៃ”គម្រោងជំរុញផលិតកម្មស្បៀង”ក្នុងស្រុកកងមាសក្នុងចំណោម ២៧ គ្រួសារក្នុងសហគមន៍។ ក្នុងខេត្តកំពង់ចាមកសិករដែលស្ថិតក្នុងគម្រោងលើក្រៅពីស្រុកកងមាសនេះមាន ស្រុកកំពង់សៀម ,ស្រុកចម្ការលើ និងក្រុងកំពង់ចាម។
លោកប្រធានការិយាល័យបានឲ្យដឹងទៀតថា កសិករដែលមានលក្ខណ:សម្បត្តិចូលក្នុងគម្រោងដែលផ្តល់ថវិកាដោយរាជរដ្ឋាភិបាល និងលក្ខណ:ដោយមន្ត្រីកសិកម្មនេះគឺងាយបំផុតដូចជា: មានការស្ម័គ្រចិត្តចូល, មានដីទំហំចាប់ពី ០,២០ ហិកតាទៅ ១ហិកតា និងគាត់ជាកសិករជាអ្នកដាំបន្លែអាជីព។ ក្នុងនោះកសិករនៅជិតខាងដែលចង់ចេះចង់ដឹងពីបច្ចេកទេសកសិកម្មល្អ ឬបន្លែសុវត្ថិភាព គឺអាចសាកសួរជាមួយកសិករក្នុងសហគមន៍បាន ឬក៏ជួបសុំប្រឹក្សាផ្ទាល់ពីមន្ត្រីរបស់យើងក៏បាន៕ ប្រភព : រស្មីកម្ពុជា