សហព័ន្ធស្រូវអង្ករកម្ពុជាស្នើឲ្យចិនពន្លឿនការនាំចូលអង្ករពីកម្ពុជាបន្ថែមទៀត

0
986

ភ្នំពេញៈ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាតំណាងលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ និងលេខាធិការដ្ឋានសហព័ន្ធ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញទស្សនកិច្ច ជួបប្រជុំជាមួយក្រុមហ៊ុនរដ្ឋចិន COFCO ដើម្បីធ្វើបច្ចុប្បន្នភាពវិស័យស្រូវអង្ករកម្ពុជា និងបង្កើនកិច្ចសប្រតិបត្តិការ លើការនាំចេញអង្ករទៅកាន់ប្រទេសចិន។

នៅក្នុងឱកាសនោះ លោក នង វាសនា បានសំណូមពរដល់ភាគីចិនចំនួន២ គឺទី១៖ ជំរុញការទិញអង្ករ និងពន្លឿនការនាំអង្ករពីកម្ពុជាបន្ថែមទៀត ដោយផ្អែកលើកូតាដែលយើងមានស្រាប់ និងកូតាដែលរដ្ឋាភិបាលចិន បានផ្តល់មកកម្ពុជារហូតដល់៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ និងទី២៖ ពិភាក្សាលើការងារបច្ចេកទេស ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ និងផ្សព្វផ្សាយម៉ាកវិញ្ញាតកម្មអង្ករជាតិកម្ពុជា «ម្លិះអង្គរ (Malys Angkor)» នៅលើទីផ្សារប្រទេសចិន ឲ្យបានឆាប់។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែស៊ីជម្រៅថែមទៀត ហើយខាងក្រុមហ៊ុន COFCO បានបញ្ជាក់ថា គាត់មានក្រុមអ្នកជំនាញខាងម៉ាកអង្ករនេះ នឹងជួយដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបង្កើនការផ្សព្វផ្សាយ និងការប្រើប្រាស់ម្លិះអង្គរ នៅលើទីផ្សារចិន រឿងមួយសំខាន់ដើម្បីទាក់ទាញ និងបង្កើនទំនុកចិត្តពីអ្នកទិញ និងអ្នកបរិភោគ ស្រដៀងគ្នានឹងប្រទេសថៃអីចឹងដែរ គេមានម៉ាកអង្កររបស់គាត់ ដែលទីផ្សារអន្តរជាតិស្គាល់ ទើបគាត់អាចលក់បានថ្លៃ និងនាំចេញបានច្រើន៕