
ខេត្តរតនគិរី៖ កាលពីថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ«បឹងយក្ខឡោម» នៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដើម្បីគាំទ្រ និងបង្កើនការចូលរួមអោយកាន់តែល្អប្រសើរនូវការរក្សាបាននូវធនធានធម្មជាតិ វប្បធម៌ និងអេកូទេសចរណ៍ធម្មជាតិឱ្យមាននិរន្តរភាព។

ឯកឧត្តម ខៀវ បូរិន បានគាំទ្រ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍ក្នុងការចូលរួម ជាមួយក្រសួងបរិស្ថានក្នុងការថែរក្សាធនធាព្រៃឈើ ក៏ដូចជាលើកកម្ពស់វប្បធម៌ទេសចរណ៍ធម្មជាតិ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ ក៏ជាផ្នែកសំខាន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹង អាស្រ័យ លើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ ហើយការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា សហគមន៍ព្រៃឈើយក្ខឡោម ដែលប្តូរឈ្មោះ និងកែប្រែមកជាសហគមន៍តំបន់ការពារធម្មជាតិ«បឹងយក្ខឡោម» នៅពេលនេះ បានបង្កើតឡើងកាលពីឆ្នាំ១៩៩៨ ក្រោមការគាំទ្រដោយកម្មវិធីសីលា ដែលមានការចូលរួមពីប្រជាជនចំនួន៥ភូមិ គឺភូមិជ្រី ភូមិឡាប៉ូ ភូមិសុិល ភូមិលន និងភូមិភ្នំ មានប្រជាជន៦៣៧គ្រួសារ និងមានផ្ទៃដីទំហំ ៣៨៧ហិកតា។ យ៉ាងណាមិញ ក្រសួងបរិស្ថាន បានចេញប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិបឹងយក្ខឡោម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩៕



