ខេត្តបាត់ដំបងជាខេត្តដែលសំបូរដោយទីតាំងទេសចរណ៍ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបាន

0
1738

ខេត្តបាត់ដំបងជាខេត្តដែលសំបូរដោយទីតាំងទេសចរណ៍ និងទេសភាពធម្មជាតិ។ ខេត្តដ៏ស្រស់ស្អាតនេះ នៅរក្សាបានទេសភាពបែបធម្មជាតិជាច្រើន និងមានភាពប្លែកៗតាមរដូវកាលនិងតំបន់នីមួយៗ។ នាដំណើរចរនាដើមរដូវវស្សាឆ្នាំនេះ យើងបានទៅដល់ទីតាំងតូចធំមួយចំនួននៅក្នុងខេត្តបាត់ដំបង រួមមានប្រាសាទភ្នំបាណន់ផងដែរ។
ចាកចេញពីប្រជុំជននៃក្រុងបាត់ដំបង យើងបើកបរក្នុងល្បឿនមធ្យមនាពេលព្រឹក ដើម្បីស្រូបយកខ្យល់អាកាសត្រជាក់នាពេលព្រឹកបន្ទាប់ពីភ្លៀងជោគជាំកាលពីយប់ ដើម្បីឆ្ពោះទៅគោលដៅចុងក្រោយរបស់យើងគឺ ប្រាសាទភ្នំបាណន់។ ប៉ុន្តែឆ្លៀតក្នុងឱកាសនេះ យើងក៏ចង់ណែនាំអ្នកទាំងអស់គ្នាមកទស្សនាទេសភាពលំអរនៅតាមផ្លូវជាមួយគ្នា ដើម្បីកំដរអារម្មណ៍ពេលធ្វើដំណើរ។ យើងសង្កេតឃើញថា ទេសភាពលាក់ពួននៅតាមបណ្តោយផ្លូវឆ្ពោះទៅប្រាសាទភ្នំបាណន់ មិនសូវមានអ្នកលើកមកនិយាយឡើយពីពេលកន្លងមក។ តាមពិតទៅ នៅភាគខាងត្បូងនៃខេត្តនៃមានភាពស្រស់ស្អាតខ្លាំងណាស់ បើយើងគយគន់វាឲ្យលម្អិតបន្តិច។

វិថីផ្កាក្ងោក

មកដល់ចំណុចមួយនៃផ្លូវឆ្ពោះទៅភ្នំបាណន់ មានលំអរដោយដើមផ្កាក្ងោកក្រហមឆ្អិនឆ្អៅ លាយឡំនិងលំអងផ្កាធ្លាក់ចុះរំសាយតាមខ្យល់បក់។ ផ្កាក្ងោកនៅសងខាងផ្លូវនេះ មិនត្រឹមតែជាសម្រស់ម្យ៉ាងមកកំដរអារម្មណ៍ឲ្យរំភើបនោះទេ តែវាក៏ជាម្លប់សម្រួលដល់អ្នកបើកបរនៅលើផ្លូវតូចនោះ ឲ្យទទួលបានបរិយាកាសល្អ។ អ្នកដែលចូលចិត្តថតរូប ប្រាកដណាស់មិនចង់ចេញផុតពីបណ្តុំផ្កាវែងអន្លាយនេះ ដោយមិនបានផ្តិតយករូបទុកនោះទេ។

របរលក់ផ្លែឈើរបស់អ្នកភូមិ

ចេញផុតពីបណ្តុំផ្កា ក៏មានប្រជាជននៅតាមភូមិប្រកបរបរលក់ផ្លែឈើធម្មជាតិដែលបានដាំដុះដោយផ្ទាល់នៅមុខផ្ទះរៀងៗខ្លួន។ ផ្លែឈើតាមរដូវកាលទាំងនោះ សំបូរបែបប្លែកៗគ្នាពីផ្ទះមួយទៅផ្ទះមួយ។ ផ្ទះខ្លះមានផ្លែឈើតិច ផ្ទះខ្លះក៏មានច្រើនតាមលទ្ធភាពដាំដុះរបស់ពួកគេ។ ផ្លែឈើទាំងនោះរួមមាន ចេក ល្ហុង ខ្នុរ បំពេញរាជ្យ ក្រូច ស្វាយ ត្របែកជាដើម។ នៅតាមផ្ទះខ្លះ ក៏កំពុងដាំដុះដើមត្របែក ជាជួរៗនៅខាងមុខផ្ទះ និងកន្លែងទំនេរ ដោយមានចងថង់រក្សាផ្លែកុំឲ្យដង្កូវស៊ី ដែលជាវិធីថែរក្សាផ្លែតាមធម្មជាតិ។ ចំណែកផ្ទះខ្លះទៀត ក៏កំពុងរក្សាផ្លែមៀន និងត្រង៉ែនឲ្យផ្លែជាប់។ អ្នកបាត់ដំបងនិយមធ្វើរបងផ្ទះទាបៗ និងដាំដើមឈើហូបផ្លែនៅខាងក្រៅរបងផ្ទះក៏មាន។ គេមិនខ្វល់ពីការលួចបេះផលដំណាំរបស់ខ្លួនទេ ដោយអាងថា អ្នកស្រុកភូមិនេះមានភាពស្មោះត្រង់ និងសុទ្ធតែមានដាំដុះដំណាំហូបផ្លែរៀងៗខ្លួនមិនចេះខ្វះ។ អ្នកខ្លះ ដាក់ផ្លែឈើលក់ចោលនៅមុខផ្ទះក៏មាន ហើយបើចង់ទិញ អ្នកទិញគ្រាន់តែស្រែកហៅម្ចាស់ផ្លែឈើនៅក្នុងផ្ទះជាការស្រេច។ ផ្លែឈើទាំងនោះ មានតម្លៃធូរថ្លៃ ដូច្នេះ បើបានទៅដល់ហើយ គួរតែទិញទុកពិសារខ្លះក៏ម្យ៉ាង។

ចំការទំពាំងបាយជូភ្នំបាណន់

នៅតាមបណ្តោយផ្លូវទៅប្រាសាទភ្នំបាណន់ មានចំការទំពាំងបាយជូរ ដែលជាចំការល្បីមួយនៅក្នុងប្រទេស។ ចំការនេះ ល្បីខាងដាំដុះដើមទំពាំងបាយជូក្នុងប្រទេសកម្ពុជាមុនគេដើម្បីយកផ្លែផលិតជាស្រា។ ចំការនេះ ផ្លាស់ប្តូរទៅទីតាំងថ្មីនៅជិតទីតាំងចាស់ ប៉ុន្តែស្ថិតនៅខាងស្តាំដៃវិញម្ដង។ កន្លែងថ្មីនេះ មានរៀបចំស្អាតជាងមុន ដោយសួនផ្កា និងទ្រើងទំពាំងបាយជូដ៏ធំ។ យើងនឹងបានឃើញដើមទំពាំងបាយជូពិត រួមនឹងផ្លែទំពាំងបាយជូទាំងខ្ចីទាំងទុំនៅលើដើម។ ដោយសារដើមទំពាំងបាយជូ ជាដំណាំពិបាកដាំ និងមិនសូវនិយមដាំតាមផ្ទះដូចដើមស្វាយឬត្របែកឡើយ ដូច្នេះនេះក៏ជាឱកាសល្អមួយ ដើម្បីមើលនិងស្គាល់ដើមទំពាំងបាយជូដោយផ្ទាល់ភ្នែក។

ប្រាសាទភ្នំបាណន់

កាលណាបើចេញផុតចំការទំពាំងបាយជូភ្នំបាណន់ហើយ នោះបានន័យថា យើងជិតមកដល់រមណីយដ្ឋានប្រាសាទភ្នំបាណន់ហើយ។ ស្ថិតនៅខាងស្តាំដៃ យើងនឹងឃើញផ្លូវចូលទៅរមណីយដ្ឋាន ដែលមានចំណតម៉ូតូនិងរថយន្តរៀបចំរួចជាស្រេច។ យើងនឹងត្រូវឡើងជណ្តើរជាច្រើនកាំ ដើម្បីទៅដល់ប្រាសាទដែលស្ថិតនៅលើកំពូលភ្នំ។ ប៉ុន្តែដើម្បីសម្រាកយកកម្លាំងបន្តិច យើងអាចអង្គុយលេង ពិសារទឹកដូងនិងភេសជ្ជៈឬនំចំណីផ្សេងៗដែលដាក់លក់នៅបរិវេណខាងក្រោមជាមុនសិនក៏បាន។ នៅថ្ងៃចុងសប្តាហ៍មានមនុស្សចេញចូលច្រើនមិនខុសពីរមណីយដ្ឋានផ្សេងៗទេ ចំណែកឯម្ហូបអាហារផ្លែឈើក៏សំបូរ។ រីឯតម្លៃធូរថ្លៃ មិនចោទជាបញ្ហាទេ។ គេមានសង់ខ្ចុសលំហែនៅតាមមាត់ទឹក និងមានទាទឹកជិះកំសាន្តទៀតផង ប៉ុន្តែសេវាកម្មនេះបើកបំរើការតែថ្ងៃពិសេសប៉ុណ្ណោះ ដូចជាថ្ងៃបុណ្យនិងចុងសប្តាហ៍ដែលមានមនុស្សច្រើន។ភាគច្រើនអ្នកទេសចរខ្មែរ តែងនាំកូនចៅ និងក្រុមគ្រួសារមកលេងជាក្រុមៗ។ មានខ្លះទៀត សុទ្ធតែជាដូនចាស់ ដែលកាន់ពុទ្ធសាសនាមកពីខេត្តផ្សេងមកស្គាល់ភ្នំបាណន់ និងបួងសួងសុំសេចក្តីសុខក៏មាន។ ចំណែកជនបរទេសវិញ ចូលចិត្តធ្វើដំណើរតាមរឺម៉កកង់បី ជាក្រុមតូចៗពី២ទៅ៥នាក់ ភ្ជាប់ដោយកាមេរ៉ារៀងៗខ្លួនដើម្បីផ្តិតយករូបភាព ដោយមានអ្នកបើករឺម៉ក់ជាអ្នកនាំផ្លូវនិងដំណាលប្រវត្តិតាមកន្លែងនីមួយៗតាមអ្វីដែលពួកគាត់បានដឹង៕​​ ប្រភព : Nyck’s Blog