តំបន់អារ៉ែងក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍រងចាំទទួលទេសចរជុំវិញពិភពលោក

0
958

ភ្នំពេញៈ តំបន់អារ៉ែងបានប្រែក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍ មាន​ទីតាំង​តែមួយ​គត់​នៅ​តំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។

តំបន់ទេសចរណ៍ដែលមានទឹកហូរដ៏វែងអន្លាយត្រជាក់ល្ហឹមនេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពីឯកឧត្តម​រដ្ឋ​មន្ត្រី ថោង ខុន រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកោះកុង និង​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា (CATA) អញ្ជើញជួបសំណេះសំណាលជាលើកទី២ ជាមួយ​ប្រជា​សហគមន៍​តំបន់​អារ៉ែង​ប្រមាណ​ ២៥០នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា Suwanna Gauntlett បានឲ្យដឹងថា កញ្ញា​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​មកពីជុំវិញពិភពលោក អញ្ជើញមកទស្សនាកម្សាន្តតំបន់អេកូទេសចរណ៍នេះ ពិសេស​មក​ឈរ​គយគន់​ព្រៃត្រូពិកចុងក្រោយគេ និងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ពីព្រោះ​ទីនេះ​មាន​ទេស​ភាព​ល្អស្រស់ត្រកាលគួរជាទីរមនា។

ចំណែកលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ CATA បានបញ្ជាក់ថា លោក​ស្រីនឹង​ដាក់​បញ្ចូល​សហគមន៍អេកូទេសចរណ៍អារ៉ែង ចូលទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់ភាគនិរតីកម្ពុជានេះ ហើយសមាគមន៍ CATA នឹង​ជំរុញ​អោយ​ទីភ្នាក់​ងារ​ទេសចរណ៍ ជាសមាជិកសមាគមន៏ ធ្វើការនាំភ្ញៀវមកទីនេះដោយឆ្លងកាត់ការគ្រប់គ្រង ចង្អុល​ណែ​នាំ​ពីសហគមន៍ ហើយសមាគមន៍ CATA នឹងធ្វើ​ជាស្លាក​សញ្ញា​ផ្ដល់​ព័ត៌​មាន​ប្រាប់​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយណា ដែលមិនទាន់មានគម្រោងទេសចរណ៍ជាមុន។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក ទិត្យ លី ឲ្យដឹងថា​ តាំង​ពី​បង្កើត​សហគមន៍​អេកូទេសចរណ៍នេះមក ប្រជាសហគមន៍បានផ្លាស់ប្ដូរមុខរបរពីការបរបាញ់ កាប់ព្រៃឈើ មកជា​មគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរទស្សនាតំបន់អេកូទេសចរណ៍វិញ។

ទន្ទឹងនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា តាម​រយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍នៅ​តំបន់អារ៉ែងនេះ ប្រជាសហគមន៍នឹងទទួលបានចំណូល និងអត្ថប្រយោជន៍​ច្រើន​ជាង​ការ​កាប់​ព្រៃឈើ បរបាញ់សត្វព្រៃ។

ឯកឧត្តមបន្ថែមថា ជាបទពិសោធន៍ដូចនៅសហគមន៍អេកូទសចរណ៍ជីផាត់ ប្រជាជន​ឈប់​បរ​បាញ់​សត្វ​ ​ឈប់កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា មគ្គុ​ទ្ទេស​ក៍នាំភ្ញៀវ ចុងភៅចល័ត ផ្ទះស្នាក់សហគមន៍ ផ្តល់សេវាម្ហូបអាហារ ដឹកជញ្ជូនជាដើម ។

គួរបញ្ជាក់ថា ការបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយ​ជ្រោម​ជ្រែង​ដល់​ជីវភាព​ប្រជាពល​រដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យ​មក​ទស្ស​នាតំបន់នេះផងដែរ ៕