អាជីវកម្មអំបិល​ធម្ម​ជាតិខេត្តកំពត កំពុងត្រៀមនាំចេញទៅកាន់ប្រទេសជប៉ុន

0
1510

សហគ្រិនវ័យក្មេង កញ្ញា ថូង ធីតា វ័យ ២៨ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រងរដ្ឋបាលសាធារណៈ បានសម្រេចចិត្តត្រលប់ទៅកាន់ស្រុកកំណើតនៅឯខេត្តកំពត ដើម្បីពង្រីកអាជីវកម្មអំបិល​ធម្ម​ជាតិ។​

ឆ្លងតាមបទសម្ភាសន៍រវាង កញ្ញា ថូង ធីតា ជាមួយនឹង ពាណិជ្ជកម្មកម្ពុជា (Business Cambodia) កញ្ញាបានមាន​ប្រសាស​ន៍​ឲ្យ​ដឹងថា៖ មូលហេតុដែល កញ្ញា សម្រេចចិត្តត្រលប់ទៅស្រុកកំណើត ដើម្បីពង្រីកអាជីវកម្មអំបិលធម្មជាតិ ក្រោយ​ពី​បញ្ច​ប់​ការ​សិក្សាថ្នាក់អនុបណ្ឌិត គឺដោយសារតែ កញ្ញា មើលឃើញពីតម្រូវការនៃការប្រើប្រាស់អំបិលនៃប្រជាពលរដ្ឋខ្មែរ និង​ទីផ្សា​រ​នាំចេញទៅបរទេស។​

កញ្ញា បានមានប្រសាសន៍បង្ហាញពីអារម្មណ៍ខ្លួនឯងផងដែរថា៖ កញ្ញា ចង់ឲ្យប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ ដោយសារ​តែ​កា​រទទួលទាននូវអំបិលធម្មជាតិ គ្មានជាតិគីមី និងសំបូរសារធាតុសំខាន់ៗចាំបាច់សម្រាប់រាង្គកាយមនុស្ស បើទោះបីជាវា​ហា​ក់​មានតម្លៃថ្លៃជាងអំបិលធម្មតាបន្តិចក៏ដោយ។​

ក្រោយពីបានត្រលប់ទៅជួយកិច្ចការងារជំនួញគ្រួសារនៅកំឡុងឆ្នាំ២០១៥ កញ្ញា បានប្រឹងប្រៃធ្វើការកែច្នៃ និងអភិវឌ្ឍន៍ ធ្វើ​យ៉ា​ង​ឲ្យអំបិលធម្មជាតិ កាន់តែមានគុណភាព និងមានស្តង់ដាអនាម័យខ្ពស់ ដើម្បីអាចមានឱកាសនាំចេញទៅកាន់​ទីផ្សា​រ​អន្ត​រ​ជាតិ។

កញ្ញាបានបង្ហើបប្រាប់ឲ្យដឹងផងដែរថា៖ បច្ចុប្បន្ន ប្រទេសជប៉ុនបាននឹងកំពុងពិចារណាក្នុងការនាំចេញអំបិលធម្មជាតិ ពីកម្ពុ​ជាទៅកាន់ប្រទេសរបស់ខ្លួននាពេលឆាប់ខាងមុខនេះ។ ជាងនេះទៅទៀត កញ្ញា ក៏កំពុងស្វែងរកទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បី​នាំចេញអំបិលធម្មជាតិផងដែរ។

 

ប្រភពពី៖ Business Cambodia