ថៃអញ្ជើញពាណិជ្ជករខ្មែរ ទៅពិព័រណ៍តាំងបង្ហាញទំនិញ និងសម្លៀកបំពាក់នៅបាងកក

0
570

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញពាណិជ្ជករខ្មែរ ដើម្បីទៅចូលរួមទស្សនាពិព័រណ៍ STYLE: ASIA’S MOST STYLISH FAIR នៅទីក្រុងបាងកក រយៈពេល៥ថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ STYLE: ASIA’S MOST STYLISH FAIR ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់ ផលិតផលធ្វើពីស្បែក វត្ថុអនុស្សាវរីយ៍ សម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារឹម។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ STYLE: ASIA’S MOST STYLISH FAIR តាមកម្មវិធីដូចបានជម្រាបជូនខាងលើ»៕