ក្រុមហ៊ុនឯកជន១ចំណាយទុន១លានដុល្លារវិនិយោគរមណីយដ្ឋានទឹកឆាក្នុងខេត្តកំពង់ចាម

0
860


កំពង់ចាម៖ ក្រុមហ៊ុនវិនិយោគឯកជនមួយគ្រោងនឹងចំណាយទុនផ្ទាល់ខ្លួនចំនួន១លានដុល្លារដើម្បីបន្តអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិទឹកឆា ដែលស្ថិតនៅលើផ្ទៃដីទំហំ៧១ហិកតាក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមឲ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ធំមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក ហេង ហួរ ជាអ្នកវិនិយោគរមណីយដ្ឋានទឹកឆា បានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ចាមបានផ្តល់សិទ្ធិឲ្យលោកវិនិយោគតំបន់រមណីយដ្ឋានទឹកឆានេះចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០៤៨គឺមានរយ:ពេល៣០ឆ្នាំ។ ការសម្រេចរបស់ខេត្តនេះ គឺក្រោយពីអាជ្ញាធរឲ្យក្រុមហ៊ុន លោកសាកល្បងធ្វើការអភិវឌ្ឍតំបន់នេះរយ:ពេល ៥ឆ្នាំហើយ។

ក្នុងការវិនិយោគនេះ គឺភាគីអាជ្ញាធរខេត្តកំពង់ចាមបានតម្រូវឲ្យខាងក្រុមហ៊ុនរយ:ពេល៥ឆ្នាំដំបូងគឺចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ត្រូវបន្តអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ ដែលមាននៅតំបន់ទឹកឆានេះទៅតាមកិច្ចសន្យា។

លោកបានបន្តថា ក្នុងនោះត្រូវសាងសង់ខឿនបេតុងអមសងខាងប្រឡាយដែលមានប្រវែងទទឹងចាប់ពី១៥ ទៅ ៣០ម៉ែត្រ និងបណ្តោយប្រវែង៦០០ម៉ែត្រ,សង់សួនច្បារចំនួន ៣៦កន្លែង ដែលមានទំហំពី៤ម៉ែត្រ គុណ នឹង១០ម៉ែត្រ និង៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ, រង្វង់មូលមានអង្កត់ផ្ចិតប្រវែង ៥ម៉ែត្រ។

ទំនប់ស្ទាក់ទឹកចំនួន៥កន្លែង,ចំណតរថយន្តមួយកន្លែង,បង្គន់អនាម័យ,ដាំដើមឈើចំនួន៤០០ដើមគឺក្នុង ១ឆ្នាំ ចំនួន១០០ដើម,សង់ផ្លូវលំសម្រាប់ច្រកចេញ១ខ្សែនិងកែលម្អជួសជុលផ្លូវលំដែលមានស្រាប់ដែលគម្រោងអភិវឌ្ឍន៍ទាំងអស់នឹងត្រូវចំណាយថវិកា១លានដុល្លារអាមេរិក។

លោកបន្ថែមថា សព្វថ្ងៃនេះលោកក៏កំពុងដំណើរការបើកអាជីវកម្មបម្រើដល់ភ្ញៀវដែលមកលេងកម្សាន្ត មានទំនប់ស្ទាក់ទឹកចំនួន២កន្លែង,សួនច្បារចំនួន១៤កន្លែង,រោងមានភ្ជាប់គ្រែអង្គុយលេងចំនួនជា ង៣០០ និងភោជនីយដ្ឋានជិត២០កន្លែង។ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យនានាមានមនុស្សជាច្រើន បានចូលមកលេងកម្សាន្តសប្បាយដែលនៅទីនេះអាចធានាបានមនុស្សពី៣ទៅ៥ពាន់នាក់ក្នុងមួយថ្ងៃ។

លោកបានបន្ថែមថានាពេលអនាគតប្រសិនបើភ្ញៀវនៅតែបន្តកើនឡើងនិងបើមានសំណូមពរពីអ្នកទស្សនាច្រើន គឺលោកនឹងពង្រីកកន្លែងកម្សាន្តសិប្បនិមិត្តបន្ថែមទៀតលើដីទំហំដី២ហិកតាបន្ថែមទៀតហើយបើមានភ្ញៀវចង់ស្នាក់នៅ ដើម្បីលំហែកាយច្រើនថ្ងៃគឺលោកគ្រោងនឹងសង់ផ្ទះសំណាក់១០ កន្លែងតៀតផងដែរ។

លោកស៊ានសុគន្ធប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថាលោកជឿជាក់ថាលើម្ចាស់វិនិយោគរមណីយដ្ឋានធម្មជាតិទឹកឆាតាមរយ:ការសាកល្បងប៉ុន្មានឆ្នាំនេះដែលបានធ្វើឲ្យមានកំណើនភ្ញៀវទៅទស្សនាកើនពី៨ទៅ១០ភាគរយក្នុង១ឆ្នាំ។

ផ្តើមពីកត្តាទាំងនេះ ហើយដែលនាំឲ្យអាជ្ញាធរខេត្តកំពង់ចាមសម្រេចដាក់រមណីយដ្ឋានទឹកឆានិងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ស្ថិតក្នុងការគ្រប់គ្រងនិងវិនិយោគរបស់វិស័យឯកជនក្នុងចំណោមរមណីយដ្ឋានសរុបចំនួន១០កន្លែងនៅក្នុងខេត្តនេះ។

គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិទឹកឆាគឺមានចម្ងាយពីក្រុងកំពង់ចាមប្រមាណជាង៤០គីឡូម៉ែត្រស្ថិតក្នុងឃុំបឹងណាយឃុំក្រូចនិងឃុំថ្មពូនស្រុកព្រៃឈរ។ប្រសិនបើធ្វើដំណើរហួសខ្លោងទ្វារច្រកចូលប្រាសាទព្រះធាតុទឹកឆាជាង៦០០ម៉ែត្រគឺនឹងបានឃើញកន្លែងប្រភពទឹកផុសពីក្នុងដីដែលគេហៅថាជប់តូច និងជប់ធំ៕

ប្រភព៖ rasmeinews