រយះពេលជាង៦ឆ្នាំនេះ​ លោកតាន់ សុផាន់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រក សត្វព្រៃគូលេន ព្រហ្មទេព ខេត្តព្រះវិហារ!

0
786

តាន់ សុផាន់ អាយុ៣៦ឆ្នាំ ចាប់ផ្តើមអាជីពការងារជាមួយអង្គការWCSនៅក្នុងឆ្នាំ២០០៨ ជាអ្នកស្រាវជ្រាវសត្វព្រៃមួយរូបនៅក្នុងដែនជម្រក សត្វព្រៃគូលេន ព្រហ្មទេព ខេត្តព្រះវិហារ។ សុផាន់ តែងតែចាប់អារម្មណ៍ លើសត្វត្មាត ហើយចាប់ផ្តើមការងារសម្របសម្រួលអាហារដ្ឋានសត្វត្មាត និងរាប់ចំនួនរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃឆែប នៅក្នុងឆ្នាំ២០១២។ ក្រៅពីសម្របសម្រួលអាហារដ្ឋានត្មាត និងរាប់ចំនួនរបស់វា សុផាន់ ក៏មានតួនាទីក្នុងការផ្សព្វផ្សាយការងារនេះឲ្យប្រជាជនបានដឹង ពិសេសឲ្យពួកគាត់ចូលរួមអភិរក្សសត្វត្មាតទាំង០៣ប្រភេទដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។

សត្វត្មាតនៅក្នុងប្រទេសកម្ពុជាដូចជាត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ កំពុងតែទទួលការគំរាមកំហែងដោយសារកង្វះខាតចំណីអាហារដោយសារការធ្លាក់ចុះនៃចំនួនសត្វក្រចកជើងពីរ និងហ្វូងគោសាទិសស្រុក និងការ បំពុលជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ អង្គការWCS សហការជាមួយ ក្រសួងបរិស្ថាន និងប្រជាសហគមន៍ បានរៀបចំអាហារដ្ឋាន ចំនួន០២លើក ក្នុងមួយខែនៅក្នុងដែនជម្រកសត្វព្រៃឆែបខេត្តព្រះវិហារដើម្បីផ្តល់ចំណី បន្ថែមដល់ហ្វូងសត្វត្មាតទាំងអស់នោះ។

លោក តាន់ សុផាន់ បាននិយាយថា៖ “វាមានការលំបាកនៅពេលខ្ញុំចាប់ ផ្តើមការងារសម្របសម្រួលនៅអាហារដ្ឋានត្មាត។ នៅពេលនោះអ្នកភូមិ មិនទាន់បានយល់អំពីសារៈសំខាន់នៃប្រភេទសត្វនេះឡើយ។ ពួកគាត់ តែងតែមករំខានដល់ហ្វូងសត្វត្មាតពេលកំពុងស៊ីចំណីអាហារដែលពួកយើងដាក់ឲ្យ។ ពួកគាត់មិនបានដឹងអំពីការគំរាមកំហែង និងវិធីសាស្ត្រក្នុង ការការពារសត្វត្មាតឡើយ។”

លោក សុផាន់ បានបន្តថា៖ “ដើម្បីឲ្យប្រជាជនបានយល់ដឹង និងចូលរួម ក្នុងសកម្មភាពអភិរក្ស ក្រុមស្រាវជ្រាវរបស់យើង បានរៀបចំវគ្គបណ្តុះ បណ្តាលជាច្រើនដើម្បីផ្តល់ឲ្យពួកគាត់យល់អំពីតម្លៃនៃការងារអភិរក្សសត្វត្មាត និងមូលហេតុដែលពួកយើងបានការពារវា។ ឥឡូវនេះ ប្រជាជន មូលដ្ឋាន លែងមករំខានទីជម្រកសត្វត្មាត ហើយក៏មិនប្រមូលយក ឬក៏បំផ្លាញសំបុកពងកូនរបស់វាឡើយ។ យើងក៏បានជួលសមាជិក សហគមន៍ឲ្យការពារសំបុកសត្វត្មាតផងដែរ។”

អាហារដ្ឋានត្មាត ក៏បានផ្តល់ឱកាសឲ្យក្រុមស្រាវជ្រាវរបស់អង្គការWCS ធ្វើការរាប់ និងតាមដានចំនួនសត្វត្មាត។ ក្រៅពីនេះ វាក៏បានទាក់ទាញភ្ញៀវ ទេសចររាប់ពាន់នាក់ឲ្យមកកាន់ដែនជម្រកសត្វព្រៃឆែបនេះ។ ថវិកាទទួល បានពីគម្រោងទេសចរណ៍មើលសត្វត្មាតដែលរៀបចំដោយមជ្ឈមណ្ឌល សំ វាសនា សហការជាមួយអង្គការWCS បានចូលរួមចំណែកគាំទ្រដល់ការ ចិញ្ចឹមជីវិតរបស់ប្រជាជនសហគមន៍ និងសម្រាប់ទ្រទ្រង់ដល់ការ រៀបចំអាហារដ្ឋានត្មាតនេះផងដែរ។

លោក សុផាន់ បន្តថា៖ “ខ្ញុំមានមោទនភាពដែលមានរួមចំណែកថែរក្សា និងការពារហ្វូងសត្វត្មាតនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ វាពិតជាអស្ចារ្យដែលឃើញប្រជាជន និងសត្វត្មាត បានទទួលប្រយោជន៍ ពីគ្នាទៅវិញទៅមក។ ពេលខ្ញុំសាកសួរអ្នកភូមិ ពួកគាត់បានយល់ដឹង អំពីការងារអភិរក្សសត្វត្មាត ហើយប្តេជ្ញាចិត្តថែរក្សាពួកវា និងទិជម្រក ឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។”