នាវានេះមានកន្លែងលេងលើទឹកកក សួនទឹក និងទីលានកីឡាបាល់បោះ រួមជាមួយនឹងកាប៊ីនចំនួន ២.៧០០។
ហើយកាលពីថ្ងៃសុក្រទី២៣មីនា នាវាកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Symphony of the Seas ត្រូវបានប្រគល់ដោយក្រុមហ៊ុនផលិតនាវា STX របស់បារាំងឱ្យទៅក្រុមហ៊ុន Royal Caribbean International របស់អាមេរិក មុនពេលវាធ្វើដំណើរលើកដំបូងនៅសមុទ្រមេឌីទែរ៉ាណេ។
នាវានេះមានតម្លៃ ១,៣៥ ពាន់លានដុល្លារ ទម្ងន់ ២២៨.០០០ តោន និងប្រវែង ៣៦២ ម៉ែត្រ ដោយចាញ់កម្ពស់របស់អគារ Empire State Building តែ ២០ ម៉ែត្រប៉ុណ្ណោះ។
នេះធ្វើឱ្យវាមានទំហំធំជាងនាវាបងរបស់វាដែលមានឈ្មោះថា Harmony of the Seas ដែលក្រុមហ៊ុន STX ប្រគល់ឱ្យទៅក្រុមហ៊ុន Royal Caribbean កាលពីឆ្នាំ ២០១៦។
សាងសង់អស់រយៈពេលជាង២ឆ្នាំ នាវា Symphony អាចផ្ទុកមនុស្សរហូតដល់ ៨.០០០ នាក់រួមទាំងបុគ្គលិកចំនួន ២.២០០ នាក់ ហើយត្រូវបានចាត់ទុកថាលឿននិងស្ងាត់ជាងនាវា Harmony។
នាវា Symphony នឹងចាប់ផ្តើមការធ្វើដំណើរលើកដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ទី២៤មីនានេះឆ្ពោះទៅកាន់ទីក្រុងម៉ាឡាហ្គាក្នុងប្រទេសអេស្ប៉ាញ ហើយនឹងចំណាយពេលរដូវដំបូងរបស់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ មុនពេលធ្វើដំណើរទៅកាន់កំពង់ផែរបស់វា នៅទីក្រុងម៉ាយអាមី៕
ចង់ដឹងថានាវានេះអស្ចារ្យយ៉ាងណាសូមមើលរូបខាងក្រោមទាំងអស់គ្នា៖