ឯកឧត្ដម សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានក្រុមប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨ បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ លោកនឹងជ្រើសធ្វើ “ហនុមានយក្ស” គឺជាអ្វីដែលថ្មី ក្នុងចំណោមអ្វីដែលថ្មីៗ និងប្លែកៗជាច្រើនដទៃទៀត។
លោកបានប្រាប់ពីមូលហេតុសំខាន់ដែលជ្រើសរើសហនុមានធ្វើជារបស់យក្ស គឺដើម្បីលើកស្ទួយល្ខោនខោល ជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរ។ ជាពិសេសស្របនឹងប្រធានបទដែលកំណត់យកឆ្នាំនេះ គឺ៖ «សាទរមរតកដូនតា»។
យ៉ាងណាក្ដីលោកនៅមិនទាន់បញ្ជាក់នៅឡើយទេថា តើហនុមានយក្សនោះមានប្រវែងប៉ុន្មាន កំពស់ប៉ុន្មាននៅឡើយទេ គ្រាន់តែបង្ហើបថា ធំបំផុតអាចគ្រប់គ្នានឹកស្មានមិនដល់។
ឯកឧត្ដម សុខ សប្បាយណា បន្ថែមទៀតថា អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេលរហូតទៅដល់៤ថ្ងៃ ឯណោះ គឺថែម១ថ្ងៃទៀតខុសពីឆ្នាំមុនៗត្រឹម៣ថ្ងៃ។ ក្នុងនោះដែរមានកម្មវធីថ្មីៗជាច្រើនបន្ថែមលើអ្វីដែលមានស្រាប់ដូចជា៖ កម្មវិធីភូមិខ្ញុំ ភូមិបេតិវប្បធម៌ ព្រៃប្រសិទ្ធី សហស្សវិចិត្រវាយនា ភូមិអាហារនៃក្ដីស្រលាញ់ ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត គុនល្បុក្កតោ។ល។
នេះគឺជាឆ្នាំទី៤ហើយ នៃព្រត្តិការណ៍អង្គរសង្ក្រាន្ត ដែលធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងនោះតែងមានរបស់យក្សយកលើកបង្ហាញដូចជា អន្សមយក្ស(២០១៥) បំពង់ទឹកត្នោតយក្ស(២០១៦) ចាប៉ីដងវែងយក្ស(២០១៧) និងហនុមានក្នុងឆ្នាំ២០១៨៕