លោក​ស៊ុន ចាន់ថុល ជំរុញ​ការ​ប្រើប្រាស់ App ថ្មី​លើស្មាត​ហ្វូនក្នុង​ការ​រួមចំណែក​ជួសជុល​ផ្លូវ​សំបុកមាន់

0
578

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ក្រសួង​នឹងដាក់​ដំណើរការ​កម្មវិធី App ថ្មី​មួយ​នៅលើ Store របស់​ស្មា​ត​ហ្វូ​ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ថត​ផ្លូវ​សំបុកមាន់ រួច​បញ្ជូន​មកកាន់​ក្រសួង ដើម្បី​ឲ្យ​ក្រសួង​ចាត់វិធានការ ជួសជុល​ជាបន្ទាន់។ App នេះ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ នៅ​ខែវិច្ឆិកា ឬ​យ៉ាងយូរ​នៅ​ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ពី App នេះ ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល បើកបរ​រថយន្ត​ធុន​ធ្ងន់ នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា App នេះ មាន​សារសំខាន់​ណាស់ នៅពេល​ពលរដ្ឋ​ថត​បញ្ជូនមក​ភ្លាម កម្មវិធី​នៅក្នុង App នឹង​ដឹង​ទីតាំង​ពិតប្រាកដ តើ​មាន​សំបុកមាន់​នៅ​កន្លែង​ណា? ម៉ោង​ណា​គាត់​ថត​ផ្លូវ​សំបុក​មាន់មក​ក្រសួង? ដូច្នេះ​ក្រសួង​បាន​ព័ត៌មាន​ទាំងនេះ រួច​បញ្ជូន​ទៅតាម​មន្ទីរ​សាធារណការ​ខេត្ត ក្រុង ដើម្បី​ឲ្យ​ពួកគាត់​ចុះទៅពិនិត្យ​នៅ​កន្លែង​ផ្ទាល់ និង​ជួសជុល​ផ្លូវ​សំបុកមាន់ភ្លាម។

លោក ស៊ុន ចាន់ថុល ថ្លែង​បន្ថែមថា នៅក្នុង App នឹងមាន​រូបថត​ប្រធាន​មន្ទីរ​សាធារណការ គ្រប់​ខេត្ត-ក្រុង ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់មុខ។ ដូច្នេះ​ខេត្ត​ណា​មាន​សំបុកមាន់​ប៉ុន្មាន ពលរដ្ឋ​ដឹង​ឭ​ទាំងអស់គ្នា​តាមរយៈ App ។ លោក​បន្តថា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ក្រុង គឺ​លាក់​មុខ​លែង​បាន​ហើយ។

សូម​រំឭកថា នាពេល​កន្លងមក ដើម្បី​ជួសជុល​ផ្លូវ​សំបុកមាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ចេញ​យុទ្ធនាការ ជួសជុល​ផ្លូវ​ខូច​នៅ​ទូទាំងប្រទេស ដោយបាន​ចែក​ម៉ូតូ​កង់៣ សម្រាប់ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវ និង​លុប​សំបុកមាន់​នេះ រួមមាន អាវ​សុវត្ថិភាព មួកសុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាកសញ្ញា​មាន​ការដ្ឋាន ផ្លាកសញ្ញា​ចប់​ការដ្ឋាន បង្គោល​ចរាចរណ៍​រាង​សាជី សញ្ញា​បង្វែរ​ទិស ខ្សែការពារ​ការដ្ឋាន របា​ការពារ​ការដ្ឋាន ម៉ាស៊ីនភ្លើង ម៉ាស៊ីន​បង្ហាប់ ជើងដំរី កៅស៊ូ និង មាន​មន្ត្រី​បញ្ជា​ចរាចរណ៍​ផងដែរ៕