១) ការប្រមូលផល
ការប្រមូលផលខ្ទឹមស្លឹកឲ្យបានល្អមាន ដូចជា:
– ការប្រមូលផលខ្ទឹមស្លឹកនេះ នៅពេលវាចាស់ល្មម គឺចាប់ពី អាយុ ៣៥ ទៅ ៤៥ ថ្ងៃ ដោយសំគាល់ ឃើញស្លឹករបស់វាឡើងម្ស៉ៅ និងកមើមរបស់វាឡើងស្ដួច
– យើងអាចដកចាប់នឹងដៃ ប៉ុន្តែចាប់ជិតគល់វាបន្តិចកុំឲ្យដាច់មើម ។ បើសិនដីរឹងយើងគួរយកចបជីក ឬកូនរនាស់ ធ្មេញវែងគាស់វាជាមុនសិន ទើបប្រមូលវា
– យើងគួរប្រមូលផលព្រឹកចាប់ពីម៉ោង ៧ ដល់ ម៉ោង ១១ និងល្ងាចពីម៉ោង ២ ដល់ម៉ោង ៥
– យើងគួរប្រមូលផលនៅពេលស្រស់ទឹកសន្សើម គ្មានភ្លៀង ដើម្បីការពារកុំឲ្យស្លឹកវាស្រួយដែលអាច បាក់បែកច្រើន
– ពេលប្រមូលផលត្រូវឆាប់យកមកទុកក្នុងម្លប់ ដើម្បីកុំឲ្យត្រូវកំដៅថ្ងៃខ្លាំងពេក ងាយទទួលការខូចខាត ដោយបាត់ជាតិទឹក និងស្រកទំងន់មកពីស្វិតស្រពោន
– កុំធ្វើការប្រមូលផលនៅពេលមានភ្លៀង ព្រោះធ្វើឲ្យខ្ទឹមងាយរលួយ ។
២) ការសំអាត
ដើម្បីឲ្យផលិតផលមានគុណភាពល្អ ហើយមានសោភ័ណភាព និងមានតម្លៃខ្ពស់គាប់ភ្នែកអតិថិជន យើងគួរសំអាតវាឲ្យស្អាតដូចតទៅ:
– បេះសំអាតស្លឹកបាក់ ខូចខាត ងាប់ ស្អុយរលួយចោល
– ធ្វើការកាត់ឬសបន្តិច ដើម្បីកុំឲ្យនៅជាប់ដី
– កាត់រួចលាងទឹកសំអាតត្រឹមគល់បានហើយ បើមានស្នាមប្រឡាក់ដីធូលី
– ក្នុងការសំអាត យើងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខ្ទឹមស្លឹកងាយទទួលការបាក់បែក នាំឲ្យឆាប់ខូចទុកមិនបានយូរ
– ចំពោះតំរូវការអតិថិជន គឺយើងអាចធ្វើការសំអាតគល់ខ្ទឹម ហើយលក់ភ្លាមៗ
– ពេលដឹកមកកាន់ទីផ្សារ យើងត្រូវគ្របក្រណាត់សើមពីលើ ការពារកំដៅ និងធូលីដីប្រឡាក់
– ក្នុងករណីខ្លះ គេក៏អាចដាក់ក្នុងបាវ ឬការ៉ុងបានដែរ តែការដឹកជញ្ជូនត្រូវប្រើរថយន្ត ដោយតំរៀងបាវ ឬការ៉ុងនោះទន្ទឹមគ្នា ជៀសវាងការដាក់គរលើគ្នា។
៣) ការវេចខ្ចប់ និងដឹកជញ្ជូន
ក្រោយពីការសំអាតរួច ដើម្បីមានការងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ទីផ្សារ យើងគួរធ្វើការវេចខ្ចប់ ដូចខាងក្រោម:
– ចងវាជាដុំតូចៗ (កន្លះ ឬ ១ គ.ក្រ) ដោយប្រើខ្សែ កំប្លោក ឬខ្សែចេក ដោយយកស្លឹកចេក ឬស្លឹកឈូក ស្រស់ហ៊ុំព័ទ្ធជុំវិញ ដើម្បីរក្សាពណ៌ និងកាត់បន្ថយការប៉ះទង្គិច
– គេត្រូវតំរៀបក្នុងខេង ឬជាល (បាត) ត្រូវទ្រាប់ស្លឹកចេកដែលមានកំរាស់ពី ១ ទៅ ២ សង់ទីម៉ែត្រ
– ពេលដាក់ក្នុងខេង ឬជាល យើងមិនត្រូវសង្កត់វាទេ
– តំរៀបគល់ខ្ទឹមចេញខាងក្រៅ
– ក្នុងករណីទុកបានយូរថ្ងៃ គេត្រូវពង្រាយលើគ្រែ ឬចាន ដែលធ្វើឲ្យស្ដើងល្មម ឲ្យមានខ្យល់ចេញចូល បានល្អ និង ឧស្សាហ៍ប្រោះទឹក (១ថ្ងៃ ២ដង) ឬគ្របក្រណាត់សើមពីលើ ។ ក្នុងករណីនេះ គេទុកបាន ១ទៅ ២ថ្ងៃ
– ក្នុងករណីខ្លះ យើងអាចទុកវាដោយបញ្ឈរក្នុងចានដែកដែលមានទឹក ២-៣ ផឹង ហើយក្នុងមួយថ្ងៃប្ដូរ ទឹកម្ដងចេញ ។ គេទុកក្នុងចានដែកនេះ ត្រូវដាក់ក្នុងម្លប់ត្រជាក់ល្អ ហើយមិនត្រូវប៉ះវាឡើយនៅពេលទុក ដាក់នេះ ។ ក្នុងករណីនេះ យើងអាចរក្សាទុកបានពី ២ទៅ ៣ថ្ងៃ ។
៤) ការស្តុកទុក
ដើម្បីកាត់បន្ថយការខូចខាត និងរក្សាទុកឲ្យបានយូរនោះ យើងគួរគប្បីធ្វើដូចតទៅ:
– ជញ្ជូនវាដាក់ក្នុងម្លប់ សំដិលវាឲ្យត្រជាក់សិនទើបធ្វើការសំអាតជាក្រោយ តែមិនត្រូវកាត់ឫសវាចេញទេ ៕
ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ