ពិព័រណ៍​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​វិស្វកម្ម (Steam Fair) របស់សិស្សវិទ្យាសាស្ត្រ​នៅ​សៀមរាបឆ្នាំ​នេះ​រៀបចំ​ធំ​ជាងឆ្នាំ​មុន

0
1146

ខេត្ត​សៀមរាប៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​ពីរ​ដែល​សាលា​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​មួយ​នេះ បាន​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​វិស្វកម្ម (Steam Fair) នេះ​​ឡើង​ដើម្បី​បង្ហាញ​ស្នាដៃ​កើត​ឡើង​ពី​គំនិត​ច្នៃ​ប្រឌិតផ្សេងៗ ​របស់​សិស្ស​នៅ​សាលា​ហ៊ុន សែន វត្ត​ស្វាយ។

លោក ភិន សុវណ្ណារិទ្ធ នាយក​វិទ្យាល័យ​ហ៊ុន សែន វត្តស្វាយ​បាន​​ឲ្យ​ដឹង​ថា ពិព័រណ៍​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​បំផុស​ការ​សិក្សា​មុខ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​​។

ការ​រៀបចំ​​ឆ្នាំ​នេះ​ធំ​ជាង​ឆ្នាំ​មុន ដោយ​មាន​ការ​ចូលរួម​ច្រើន​ទាំង​អ្នក​ទស្សនា​និង​ស្នាដៃ​ដែល​យក​មក​បង្ហាញ។

“វា​ជា​គំនិត​កើត​ឡើង​ពី​កូន​សិស្ស​ផ្នែក​វិទ្យាសាស្រ្ត ដែល​ពួកគេ​បាន​ស្រុះ​ដៃ​គ្នា​រៀបចំ​ពិព័រណ៍​នេះ​​តាំង​ពី​ការ​ឌីហ្សាញ​អាវ​ ការ​រៀបចំ​ក្រុម​ និង​ការ​ដំណើរការ​កម្មវិធី​ទាំង​មូល ដោយ​សាលា​គ្រាន់​តែ​ជួយ​សម្រួល​ទីតាំង​និង​ការងារ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ”។

ប៉ិត សិលា អ្នក​ដឹកនាំ​រៀបចំ​ពិព័រណ៍​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ឆ្នាំ​នេះ​ ក្រៅ​ពី​​មាន​ការ​បង្ហាញ​ស្នាដៃ​​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​​ពី​សិស្ស​នៅ​ក្នុង​សាលា​ហ៊ុន​សែន​ វត្ត​ស្វាយ ក៏​មាន​​កូន​សិស្ស​មក​ពី​សាលា​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​ចូលរួម​ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត។

យុវជន​រូប​នេះ​បន្ត​ថា កម្មវិធី​ដែល​រៀបចំ​តែ​​មួយ​ព្រឹក​នេះ ក្រៅ​ពី​មាន​​​ការ​បង្ហាញ​ជា​សម្ភារៈ​បែប​ច្នៃ​ប្រឌិត​ធ្វើ​ដោយ​ដៃ ការ​លើក​យក​ទ្រឹស្ដី​មេរៀន​ក្នុង​សៀវភៅ យក​មក​អនុវត្ត​ស្តែង​ៗ​ដូចជា​មេរៀន​ផ្នែក​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​​និង​គណិតវិទ្យា របស់​ក្រុម​សិស្ស​ដែល​រៀន​ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី ១២ ក៏មាន​ការលេងល្បែង​កម្សាន្ត ព្រម​ទាំង​ការ​ប្រគំតន្ត្រី​​ជូ​ន​អ្នក​មក​ចូលរួម​ទស្សនា​ពិព័រណ៍។

បើ​តាម​លោក​នាយក​សាលា​​ហ៊ុន​សែន​ វត្ត​ស្វាយ បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​ក្រោយៗ​សាលា​ក៏​នៅ​តែ​បន្ត​គាំទ្រ​ការ​រៀបចំ​ពិព័រណ៍​នេះ ដែល​ជា​ផ្នែក​មួយ​​ចូលរួម​ចំណែក​ផ្សព្វផ្សាយ និង​ពង្រីកធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្រ្ត​របស់​ប្រទេស​កម្ពុជា​ សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត៕ ប្រភព : sabay