អតីតនិស្សិតភូមិន្ទកសិកម្ម សិក្សាជំនាញ សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសម្រេចបើកហាងបន្លែស្រុកស្រែ ព្រោះតែមូលហេតុសំខាន់ចំនួន៣ ដែលរុញច្រានចិត្តគាត់ ឲ្យហ៊ានចាប់ផ្តើមអាជីវកម្មមួយនេះ។
លោក អ៊ីង ឱរ៉ុម បានប្រាប់ Business Cambodia ឲ្យដឹងថា លោកធ្លាប់ជានិស្សិតភូមិន្ទកសិកម្ម និងធ្លាប់ទទួលបានឱកាសទៅសិក្សានៅប្រទេសអ៊ីស្រាអែល ដែលជាដើមចមនៃការមានគំនិតចាប់ផ្តើមហាងបន្លែស្រុកស្រែនេះ។
លោកបានរំលឹកថា៖ ខណៈពេលដែលលោកទៅសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល លោកមើលឃើញថា ប្រទេសដីខ្សាច់ គ្មានធនធានធម្មជាតិអំណោយផលមួយនេះ បានប្រែក្លាយខ្លួនជាប្រទេសដ៏មានឥទ្ធិពលជាងគេផ្នែកកសិកម្ម ចុះហេតុអ្វីប្រទេសយើង ដែលសំបូរទៅដោយធនធានធម្មជាតិ ដាំអ្វីក៏ដុះ បែរជាត្រូវនាំចូលបន្លែពីប្រទេសជិតខាងទៅវិញ។
ក្រោយពេលលោកត្រឡប់មកវិញ នៅដើមឆ្នាំ២០១៥ លោកចាប់ផ្តើមធ្វើការងារឲ្យគេ ដោយផ្តោតតែលើកការងារណាដែលត្រូវនឹងជំនាញលោកប៉ុណ្ណោះ ហើយការងារចុងក្រោយដែលលោកធ្វើ គឺធ្វើផ្នែកទីផ្សារនៅអង្គការមួយកន្លែង។
ឆ្លងតាមការងារជាអ្នកទីផ្សារ លោកតែងតែលឺបងប្អូនប្រជាកសិកម្មខ្មែរ រអ៊ូរទាំពីបញ្ហាដាំដុះហើយ គ្មានទីផ្សារ ចំណែកឯអ្នកនៅភ្នំពេញរអ៊ូរទាំពិបាករកបន្លែផ្លែឈឺដែលផលិតនៅក្នុងស្រុកមកទទួលទាន ជាហេតុធ្វើឲ្យលោកដាក់គោលដៅក្នុងការបើកហាងនេះឡើង ដើម្បីឲ្យអ្នកទាំងពីរក្រុមនេះ ទទួលបានអ្វីដែលពួកគេចង់បាន។
បន្ថែមពីនេះ លោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តការងារបែបប្រកួតប្រជែង ចង់ក្លាយខ្លួនជាសហគ្រិនមួយរូប ដែលប្រការសំខាន់ធ្វើឲ្យចាប់ផ្តើមហាងបន្លែស្រុកស្រែនេះ ក៏ព្រោះតែយល់ថា វាដល់ពេលហើយដែលលោកត្រូវចាប់ផ្តើមការងារនេះ ក្រោយពីបានត្រៀមខ្លួនអស់ពេលប្រមាណ២ឆ្នាំ ប្រមូលចំណេះដឹង ប្រមូលទុន និងបង្កើនជំនាញខ្លួនឯង។
បន្ទាប់ពីមានគោលដៅច្បាស់លាស់ហើយ និងក្រោយពេលដែលមានផែនការអាជីវកម្មជាក់លាក់ហើយ យុវជនវ័យជិត៣០ឆ្នាំ រូបនេះ បានលើកគំនិតនេះស្វែងរកអ្នកចូលរួម ដើម្បីសម្រេចគោលដៅរួមជាមួយគ្នា។
លោក អ៊ីង ឱរ៉ុម បានមានប្រសាសន៍ថា៖ “ខ្ញុំបានលើកយកគំនិតចាប់ផ្តើមអាជីវកម្មនេះ ទៅបង្ហាញប្រាប់មិត្តភក្តិរបស់ខ្ញុំចំនួន ២២រូប ប៉ុន្តែមានតែ១រូបប៉ុណ្ណោះ ដែលព្រមចូលរួមជាមួយខ្ញុំ ដោយផ្សេងទៀត អ្នកខ្លះមិនសូវមានឆន្ទៈ មិនសូវចាប់អារម្មណ៍ និងមិនមានដើមទុនគ្រប់គ្រាន់ក្នុងការចូលរួម។”
នៅអំឡុងឆ្នាំ២០១៧ ហាងបន្លែស្រុកស្រែក៏ចាប់កំណើតឡើង បញ្ហាជាច្រើនដែលមិនធ្លាប់ឆ្លងកាត់ ពិសេសបទពិសោធន៍រកស៊ីថ្មីស្រឡាងមួយនេះ ធ្វើឲ្យអ្នកគ្រប់គ្រងវ័យក្មេង ឈឺក្បាលមិនតិចឡើយ។
ម្ចាស់ហាងបន្លែស្រុកស្រែរូបនេះ បានមានប្រសាសន៍ទាំងញញឹមថា៖ “ពេលចាប់ផ្តើមអាជីវកម្មនេះ រឿងច្រើនណាស់ ដែលខ្ញុំមិនធ្លាប់គិតដល់ ហើយមិនមែនជាជំនាញរបស់ខ្ញុំ តែខ្ញុំត្រូវប្រឈរមុខដោះស្រាយគ្រប់បញ្ហា។ ជាក់ស្តែង ដូចជា របៀបរក្សាទុកបន្លែឲ្យនៅស្រស់ ការដឹកជញ្ជូន គ្រប់គ្រងផ្នែកគណនេយ្យ ធនធានមនុស្ស និងបញ្ហាអ្នកផ្គត់ផ្គង់ពីតាមបណ្តាខេត្តឆ្ងាយៗជាដើម។”
ទោះជាមានបញ្ហាចំនួនកើតឡើងនៅពេលចាប់ផ្តើមដំបូងក៏ពិតមែន ប៉ុន្តែលោកបានតាំងចិត្តហើយថា នឹងធ្វើឲ្យហាងបន្លែនេះទទួលបានជោគជ័យ សម្រេចគោលដៅចង់ជួយដល់ប្រជាកសិករ និងអ្នកទទួលទានឲ្យបាន។
គួរជម្រាបផងដែរថា ហាងបន្លែស្រុកស្រែ មានទីតាំងនៅទល់មុខច្រកខាងលិចផ្សារចំការ ឫទាក់ទងតាមលេខ 070/ 099 88 44 14៕
ប្រភពពី៖ Business Cambodia