ទិន្នផលសណ្តែកសៀងបន្ដធ្លាក់ចុះ ចំណែកកសិករបារម្ភថា លក់មិនរួចថ្លៃដើម

0
719

ភ្នំពេញៈ ប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកសៀង មានការព្រួយបារម្ភខ្លាំង ពេលដែលទិន្នផលធ្លាក់ចុះ ហើយលក់ចេញមិនរួចថ្លៃដើម ដោយអ្នកខ្លះជំពាក់បំណុលធនាគារ។ បញ្ហាដែលកើតឡើងនេះត្រូវកសិករបង្ហាញថា ដោយសារតែឆ្នាំនេះអាកាសធាតុមិនអំណោយផលសម្រាប់ដំណាំសណ្តែកសៀង។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី កសិករឈ្មោះ ហ៊ាង រ៉េន រស់នៅភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានលើកឡើងក្នុងពេលដែលគាត់កំពុងប្រមូលផលសណ្តែកសៀងលើផ្ទៃដីប្រមាណជាង ៥ហិកតា នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨នេះថា កសិករដែលដាំសណ្តែកសៀងទាំងអស់នៅខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ ដាំដុះមិនត្រូវតាមខែ ព្រោះតែបញ្ហាភ្លៀងធ្លាក់ខ្លាំងជាប់គ្នានៅដើមរដូវដាំដុះ ទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល រហូតដល់ពេលប្រមូលផលបែរជាភ្លៀងបានធ្លាក់ជាប់ៗគ្នា ធ្វើឲ្យសណ្តែកខ្លះហើម ខ្លះរលួយ ខ្លះស្កក ជាហេតុបង្កឲ្យសណ្តែកពួកគាត់ធ្លាក់ទិន្នផល។

កសិករដដែលបន្តថា ពួកគាត់ជួបបញ្ហាប្រឈមពេលលក់សណ្តែក មិនរួចថ្លៃដើមដាំដុះនិងជួល កម្មករទេ។ ការធ្លាក់ចុះទិន្នផលនេះ កើតឡើងចំពោះកសិករដាំដុះសណ្តែកសៀងរយៈពេល២ឆ្នាំ ជាប់ៗគ្នាមកហើយសម្រាប់ខេត្តរតនគិរី។ កសិករនេះបានអះអាងថា ទិន្នផលសណ្តែកសៀង ប្រសិនបើល្អនោះ ទទួលបានចន្លោះពី ១,៨តោនទៅ ២តោនក្នុង ១ហិកតា ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ប្រមូលផលបានត្រឹមតែ ៧០០គីឡូក្រាមទៅ ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង ១ហិកតា។ រីឯតម្លៃ គឺប្រហាក់ប្រហែលឆ្នាំមុន។

លោក ខៀវ ថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា បច្ចុប្បន្ននេះសណ្តែកសៀងមានតម្លៃចន្លោះពី ១៦៣០ ទៅ ១៦៥០រៀលក្នុង១គីឡូក្រាម ទៅតាមគុណភាពសណ្តែក។ បើធៀបនឹងឆ្នាំ២០១៧ ទទួលបានចន្លោះពី ២០០០រៀល ទៅ ២២០០រៀល ហើយការនាំចេញគឺនាំទៅកាន់ប្រទេសវៀតណាម។ រីឯតម្លៃ គឺស្រេចតែលើឈ្មួញវៀតណាមកំណត់ ព្រោះនៅកម្ពុជាពុំទាន់មានអ្នកបញ្ជាទិញច្បាស់លាស់។

ចំណែកលោក សែម រឿន ប្រធានការិយាល័យក្សេតសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៨នេះ ការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរី ជួបបញ្ហាប្រឈមប្រាកដមែន បណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង។ ចំណែកកសិករមួយចំនួនធំ បានប្រើប្រាស់ថ្នាំ បាញ់ស្មៅទៅលើដំណាំសណ្តែកលើសកំណត់ ទើបធ្វើឲ្យជួបបញ្ហាធ្លាក់ចុះទិន្នផលបែបនេះ។

ប្រធានការិយាល័យរូបនេះបន្តថា ខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ មានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន ៤៣៣៦ ហិកតា បើធៀបនឹងឆ្នាំ២០១៧ មានការថយចុះ ១២៨០ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀងនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងកៅស៊ូ និងចន្លោះរងចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕