ភ្នំពេញ៖ បើសិនជាបងប្អូនធ្វើដំណើរតាមផ្លូវ ៣០៤ ក្នុងសង្កាត់ បឹងកេងកង២ ជាប់របងសាលាបឋមសិក្សា អង្គអេង បងប្អូននឹងឃើញមានអាជីវកម្មលក់សង្វាក់តូចមួយជាប់នឹងរបងសាលាបឋមសិក្សានោះមិនខាន ដែលរបរសាមញ្ញមួយនេះ អាចផ្ដល់ចំណូលដល់អាជីវករក្នុង១ថ្ងៃរហូតដល់ជាង៧០ម៉ឺនរៀល។
អ្នកស្រី ចំរើន ម៉ូលីដា អាយុ៣៧ឆ្នាំ ម្ចាស់អាជីវកម្ម សង្វាក់បាត់ដំបង បានឲ្យដឹងថា គាត់ផ្ដើមរបរលក់សង្វាក់នេះ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយកត្ដាដែលអ្នកស្រីបង្កើតរបរនេះ ព្រោះមិនសូវមានអ្នកធ្វើ ទើបតែឥលូវមានអ្នកចាប់ផ្ដើមលក់ដូចគាត់ច្រើន។
អ្នកស្រីបន្តថា «ទោះជាមានអ្នកលក់ច្រើនយ៉ាងណា ក៏ខ្ញុំ មិនភ័យខ្លាចនឹងការលក់មិនដាច់ដែរ ព្រោះខ្ញុំ មានគន្លឹះដែលធ្វើអោយលក់ដាច់នឹងមានភ្ញៀវមកញុំាច្រើន»។
សង្វាក់បាត់ដំបងរបស់បងស្រី បើកលក់ពីម៉ោង៤ល្ងាច ដល់ម៉ោង៧យប់។ ចំពោះតំលៃវិញគឺ១ឈុតនៃសង្វាក់តំលៃ៥០០០៛ មានសង្វាក់អាំង (គឺសាច់ណែម) នំបញ្ចុក អន្លក់ និងទឹកត្រី (ទឹកត្រីផ្អែម។ ភ្ញៀវដែលតែងតែមកញាំភាគច្រើនជាសិស្ស និងបុគ្គលិកធ្វើការផ្សេងៗ។
ដោយឡែកទាក់ទិននឹងគន្លឹះដែលធ្វើអោយសង្វាក់បាត់ដំបងរបស់គាត់ឆ្ងាញ់ ហើយលក់ដាច់នោះ អ្នកស្រីបានបង្ហើបថា ទី១គឺតំលៃថោកសមរម្យ ទី២គឺ ជ្រើសរើសយកសង្វាក់ពីបាត់ដំបង សាច់សង្វាក់ល្អ តែតម្លៃថ្លៃជាងសង្វាក់ធម្មតាបន្ទិច។
អ្នកស្រីបាននិយាយថា «សង្វាក់តំលៃថោក ក៏មានដែរ តែខ្ញុំមិនយកមកលក់ទេ ព្រោះគុណភាពមិនសូវល្អ។ ខ្ញុំសុខចិត្តយករបស់ថ្លៃបន្តិចមកលក់វិញ។
ចំណុចខ្លាំងដែលធ្វើឲ្យភ្ញៀវមកហើយចង់មកទៀតនោះ គឺ ទឹកត្រីរបស់សម្រាប់ប្រើជាមួយសង្វាក់នេះ ធ្វើពីទឹកដូង។
អ្នកស្រីបន្ថែមថា ចំពោះទឹកត្រីដែលគេធ្វើយកមកញាំជាមួយសង្វាក់ភាគច្រើនគឺធ្វើជាមួយទឹកធម្មតាតែមកស្រីគាត់មានគំនិតឆ្នៃប្រឌិតដោយយកទឹកដូងមកធ្វើជាទឹកត្រីជំនួសទឹកធម្មតា ទើបរឹតតែមានរស់ជាតិពិសេស។
អ្នកស្រី លីដា ថា «ខ្ញុំសុខចិត្ត ចំណេញតិច អោយតែមានភ្ញៀវមកញុំាច្រើន»។
បើតាមអ្នកស្រី ចំណូលពីការលក់ក្នុងមួយថ្ងៃ ពេលខ្លះចំនួនពីការលក់មិនទៀងទេថ្ងៃខ្លះបាន៥០ម៉ឺនរៀល ៦០ម៉ឺនរៀល ថ្ងៃខ្លះបាន ៧០ម៉ឺនរៀលក៏មានដែរ។
គូរបញ្ជាក់ថា សង្វាក់បាត់ដំបងនេះ មានប្រភពមកពីខេត្តបាត់ដំបង ដោយមានរស់ជាតិប្លែក ទើបអ្នកបាត់ដំបងលក់ដាច់ច្រើន នឹងល្បីតៗគ្នា រហូតមានលក់បន្ដនៅភ្នំពេញ៕