«សាទរមរតកកម្ពុជា» ជាប្រធានបទសម្រាប់អង្គរសង្ក្រាន្តឆ្នាំ ២០១៨

0
1202

ភ្នំពេញ៖ កម្មវិធីធំបំផុតសម្រាប់ការទទួលទេវតាឆ្នាំថ្មី នឹងត្រូវប្រារព្ធធ្វើឡើងនៅក្រុងសៀមរាប​ ក្នុង​ទឹកដី​អង្គរ ចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សាទរមរតកកម្ពុជា»  ដែលនឹងស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ធ្វើការ​ស្វែង​យល់​កេរ្តិ៍ដំ​ណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរ។

ព្រឹត្តិការណ៍នេះ នាំមកនូវផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនទម្រង់ដូចជា៖ ការលេង​ល្បែង​ប្រជា​ប្រិយ​ ការសម្តែងរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ព្រមទាំង​ការបង្ហាញ​ជីវភាព​រស់​នៅរបស់​ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗ នៅខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណ​ពិព័រណ៍​ឃ្យុង​យូ ផាប់ស្ទ្រីត និងសួនច្បារព្រះរាជដំណាក់នៃខេត្តសៀមរាប។

ពាក់ពន្ធ័និងព្រឹត្តិការណ៍នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បាន​គូស​បញ្ជាក់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយបាន​នាំមក​នូវប្រាក់​ចំណូល​រាប់លានដុល្លារ សម្រាប់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងខេត្តសៀមរាប។

គួរ​បញ្ជាក់ថា នេះជាឆ្នាំទី៦ នៃព្រឹត្តិការណ៍ដ៏ធំនៅលើទឹកដីបេតិកភណ្ឌអង្គរ ដែលដឹក​នាំរៀប​ចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរ​ជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

កាល​ពីឆ្នាំ​២០១៧ អង្គរសង្ក្រាន្តបានបញ្ចប់ទៅដោយមានព្រឹត្តិការណ៍ជាច្រើន ដែលរួម​បញ្ចូល​ទាំង​ពិធីសាសនា ប្រពៃណី ការម្សាន្តសប្បាយ ល្បែងរបាំប្រពៃណី-ប្រជាប្រិយ ការបង្ហាញសមត្ថភាព និងការតាំងបង្ហាញចាប៉ីដងវែងខ្នាតយក្សជាដើម។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដែលរៀបចំឡើងនៅលើទឹកដីអង្គរ ដើម្បី​អបអរសាទរ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ បានបញ្ចប់ មាន​អ្នកចូ​ល​រួម​យ៉ាង​ច្រើនកុះ​កររហូតដល់ទៅជាង ១លាន៦សែននាក់៕