ទម្រង់​ភូមិ​ជនជាតិ​ដើម​ភាគតិច​​នៅ​ខេត្ត​ភាគឦសាន​ប្រ​ទេស​កម្ពុជា មាន​ប្រ​វត្តិតាំងពី​រាប់ពាន់ឆ្នាំ​មុន​គ្រិស្តសករាជ

0
1222
(រូបភាព៖ មន្ទីរសាធារណការខេត្ត​រតនគិរី)

ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភាគឦសាន​ប្រ​ទេស​កម្ពុជា​​រហូត​មក​ដល់​បច្ចុប្បន្ននេះ​នៅមាន​បន្ត​អនុវត្ត​សង់​លំនៅ​ដ្ឋាន​ជា​ល្ខណៈ​ភូមិ​មូល​នៅឡើយ។ នេះ​បើតាមការ​ចុះ​ផ្សាយ​របស់​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី។

ប្រ​ភព​ខាង​លើ​បាន​ចុះ​ផ្សាយ​នៅ​ទំព័រ​ហ្វេស​សប៊ុក​របស់​ខ្លួន​នៅព្រឹកនេះ​ថា​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹង​ត្រែងជាដើម​នោះ ជនជាតិ​ដើម​ភាគ​តិច​នៅ​​មានបង្កើត​ភូមិ​រាង​មូល​នៅ​ឡើយ។

ដោយ​ភ្ជាប់ជាមួយ​នឹង​រូបភាព​ផងប្រ​ភព​ដដែល​សរសេរថា៖ «​នេះជា​គំរូ​បង្ហាញ​អំពី​ភូមិ​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ពី​បុរាណ ហើយ​បច្ចុប្បន្ន​នៅមាន​ភូមិ​មួយ​ចំនួន​នៅ​ខេត្ត​ប៉ែក​ឦសាន​ភាគ​ច្រើននៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹង​ត្រែង ដែល​រក្សា​បាន​នូវ​សណ្ឋាន​ប្រ​ហាក់​ប្រហែលនេះ ច្រើន​ផង​ដែរ»។

(រូបភាព៖ មន្ទីរសាធារណការខេត្ត​រតនគិរី)

សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា និងជាអគ្គនាយក​រង​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ធុយ​ ចាន់​ធួន ឲ្យ​ដឹង​ដែរថា​ភូមិ​មូល​នេះ​អ្នក​ស្រាវជ្រាវ​កម្ពុជា​រកឃើញ​ថា​មាន​នៅ​លើ​ទឹក​ដីកម្ពុជា​តាំងពី​២ ៥០០​ឆ្នាំ​មុនគ.ស ហើយ​អ្នកស្រុក​ខ្មែរ​យើង​ហៅ​ថា «បន្ទាយ​គូ»។

លោក​សាស្រ្តាចារ្យ​ឲ្យដឹងថា​ភស្តុតាង​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​មាន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង ស្រុក​ស្នូល ខេត្ត​ក្រ​ចេះជាដើម។ លោក​ពន្យល់ថា​អ្នកភូមិ​បាន​សង់​ភូមិ​ជារាង​មូល​ដោយ​មាន​ធ្វើ​កំពែង​ព័ន្ធជុំវិញ ហើយទុក​ច្រកចេញ​ចំនួន​ពីរ​ គឺមួយ​សម្រាប់​ទៅ​ប្រ​ភព​ទឹក និង​មួយ​ទៀត​សម្រាប់ទៅ​កាន់​ចម្ការ​។​

(រូបភាព៖ មន្ទីរសាធារណការខេត្ត​រតនគិរី)

លោក​សាស្រ្តាចារ្យ​បន្តថា៖ «មនុស្ស​រស់​នៅ​ក្នុង​បន្ទាយ​គូ ក្នុង​ភូមិ​មាន​រាង​មូល​ហ្នឹង​ នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​ហ្នឹង​…​ភូមិ​ហ្នឹង​សព្វថ្ងៃគាត់​លែង​លើកកំពែងពីដីទៀត​ហើយ គាត់​លើក​របងពីឫស្សី ពីឈើ​ព័ទ្ធជុំវិញ​តែ​ម្តង គាត់រស់នៅ​ក្នុងភូមិ​ហ្នឹងជាមួយគ្នា អ៊ីចឹង​មាន​ន័យថា​អរិយធម៌ ហ្នឹង​គំនិត​ហ្នឹង​បន្តរស់​នៅជាមួយ​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ ប៉ុន្តែ​ឲ្យ​ដូច​ទៅ​នឹង​សម័យដើម​អត់ទេ តែ​មាន​គំនិត និងមូល​ដ្ឋាន​ដូចសព្វ​ថ្ងៃ»៕