ប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី

0
417

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ ជាង ២លាននាក់ផងដែរ នៅឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗ ស្របតាមស្មារតីនៃផែនការមេនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន៦ ទៅតាមទីតាំង ភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖ ១. តំបន់អេកូទេសចរណ៍ក្នុង ដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពល ក្នុងវិស័យអេកូទេសចរណ៍។ ២. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិ ដើមភាគតិច៖ ដែលប៉ូលទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ ដាំ។ ៣. តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់ អភិវឌ្ឍន៍ ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។

៤. តំបន់ប្រជុំជនស្រុក កោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណត យន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិន អំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារ សម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តហោះលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។

៥. តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍជាទី ក្រុងរណបនៃក្រុងសែនមនោរម្យ និង៦.តំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្ត មណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគី ជាមួយវៀតណាមចំនួន៤កន្លែង ដែលអាចជំរុញ ឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។

ឯកឧត្តបណ្ឌិត ថោង ខុន បានបន្តថា ក្រោយទទួលបានការផ្ដល់យោបល់ ខាងលើ នេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពី អន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការ អភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការ នេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង៕