ថ្ងៃស្អែកជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ

0
982

ភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង ​១​៖​២០​នាទី រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​​​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។

ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់​ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បាន​អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិត​វិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែល​ព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាង​ទៅ​សោយ​សុខនៅឋានសួគ៌ា។

សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះ​វររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

ថ្ងៃស្អែកជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតា…

ថ្ងៃស្អែកជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុតព័ត៌មានលម្អិត៖ http://www.freshnewsasia.com/index.php/en/localnews/101831-2018-10-14-04-29-30.html

Gepostet von Fresh News am Samstag, 13. Oktober 2018