អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្លិបកំសាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល

0
214

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខណៈពេលនេះ លោកកំពុងដឹកនាំក្រុមការងារចម្រុះទៅពិនិត្យមើលតាមបណ្តាក្លិបកំសាន្តនានានៅក្នុងក្រុងសៀមរាប ដើម្បីបានដឹងថា តើមានក្លិបកំសាន្តណាខ្លះមិនទាន់បានបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល ដូច្នេះប្រសិនបើរកឃើញថា ក្លិបកំសាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដូចជាការដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មជាដើម។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចុះពិនិត្យមើលជាក់ស្តែងនូវទីតាំងអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

គួររំលឹកថា បន្ទាប់ពីមានព្រឹត្តិការណ៍៣វិច្ឆិកាមក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ហើយគិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១.១៦៦នាក់ ទាំងតេស្តលើកទី១ និងលើកទី២ ហើយទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១.១៤៣នាក់ ក្នុងនោះ អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន០៣នាក់ និង អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១.១៤០នាក់ រីឯវត្ថុសំណាកនៅសល់ចំនួន២៣នាក់ នឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប