ត្រឹម៩ខែឆ្នាំនេះ សៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង៤លាននាក់ កើនឡើងជាង៨%

0
965

(សៀមរាប)៖ ខេត្តសៀមរាបទឹកដីអង្គរគឺជាតំបន់ទេសចរណ៍គោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិធំជាងគេនៅកម្ពុជា ហើយក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ សៀមរាបទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជាង៤លាននាក់ហើយ។​

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ៤,៤៥០,៧៣២នាក់ កើនឡើង ៨.៥៥% ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩០១,៥៦៩នាក់ កើនឡើង ៨.៤៧% និងភ្ញៀវទេសចរជាតិចំនួន ២,៥៤៩,១៦៣នាក់ កើនឡើង ២.៣១%។

ស្របពេលកំណើនភ្ញៀវទេសចរទៅលេងកម្សាន្តមានការកើនឡើង បញ្ហាប្រឈមមួយចំនួនក៏ត្រូវបានប្រជាពលរដ្ឋ និងតំណាងសហគមន៍ទេសចរណ៍មួយចំនួន បានលើកឡើងផងដែរទាក់ទងនឹង បញ្ហាផ្លូវធ្វើដំណើរ ទាំងនៅក្នុងក្រុង និងផ្លូវទៅកាន់គោលដៅទេសចរណ៍នានា ដែលជាហេតុបង្កការលំបាកដល់ការធ្វើដំណើររបស់ភ្ញៀវ និងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

ជាមួយគ្នានោះ ពួកគាត់ក៏បានលើកឡើងពីបញ្ហាអគ្គិសនី សំរាម រូបវ័ន្តសាធារណៈនានា ក៏ដូចជាបញ្ហាផ្សព្វផ្សាយពីគោលដៅទេសចរណ៍ផងដែរ ដើម្បីទទួលបានការដោះស្រាយពីក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍ដល់រដ្ឋបាលខេត្តសៀមរាប ត្រូវពន្លឿនគម្រោងធ្វើផ្លូវដែលជាសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងឱ្យបានច្រើនបន្ថែមទៀត ពិសេសត្រូវពង្រីកទៅឱ្យដល់គោលដៅទេសចរណ៍នានា។

Angkor Wat

បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យភាគីពាក់ព័ន្ធ ត្រូវពង្រីកការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងខេត្តសៀមរាប ត្រូវពង្រឹងគោលដៅទេសចរណ៍កម្ពុជាឱ្យបានល្អ ពង្រឹងការគ្រប់ប្រព័ន្ធអនឡាញក្នុងវិស័យទេសចរណ៍ ពីព្រោះការគ្រប់គ្រងទេសចរណ៍តាមអនឡាញ អភិវឌ្ឍន៍សេវាកម្មក្នុងសណ្ឋាគារសម្រាប់ភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិ ពង្រីកការផ្សព្វផ្សាយពីវិស័យទេសចរណ៍បន្ថែមទៀតផងដែរ៕

 

អត្ថបទដោយ៖ Cambotrips