សៀមរាប បាត់ដំបង និងកែប ជាប់​ជា​ទីក្រុងទេសចរណ៍ស្អាតនៅតំបន់អាស៊ាន

0
863

ភ្នំពេញៈ ពិតជាមោទនភាពណាស់ ដែលទីក្រុងចំនួន៣ របស់កម្ពុជា  ទទួលបានពានរង្វាន់ ជា​ទីក្រុង​ទេសចរណ៍​ស្អាតនៅ តំបន់អាស៊ាន ក្នុងចំណោម ទីក្រុងទេសចរណ៍ចំនួន ២៣ នៅក្នុងតំបន់។

ជាប់ជាទីក្រុងទេសចរណ៍ស្អាតបីនៅ​ក្នុង​តំបន់អាស៊ាននេះ​ រួមមាន សៀមរាប បាត់ដំបង និងកែប ដែល​ទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធី​ចែក​ជ័យ​លាភីរង្វាន់​ទេសចរណ៍​អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នាឱកាស​​វេទិកាទេសចរណ៍​អាស៊ាន ឆ្នាំ ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

រដ្ឋមន្រ្តីទេសចរណ៍​អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុង​ទេសច​រណ៍​ ចំនួន២៣នៅក្នុងតំបន់ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ឆ្លើយ​តប​នឹង​សូច​នាករ​របស់​ស្តង់​ដា​ទីក្រុង​ទេសចរណ៍​ស្អាតអាស៊ាន។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើន​ភាពប្រកួត​ប្រជែងរបស់​ទីក្រុង​ទេសច​រណ៍​​អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវា​កម្មទេសចរណ៍​នៅក្នុង​តាម​បណ្តា​ទីក្រុង​របស់អាស៊ាន ស្របតាមផែនការ​យុទ្ធសាស្រ្ត​​ទេសចរណ៍​អាស៊ាន២០១៦-២០២៥ សំ​ដៅ​ធ្វើឲ្យ​អាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ​គុណភាព និងភាពទាក់ទាញ ផ្តល់​ភាព​កក់​ក្តៅ​ដល់ភ្ញៀវទេសចរ។

គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍​កម្ពុជា តាំងពីឆ្នាំ ២០១១ ឆ្លើយតបតាមសំណូមពររបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាស​វេទិកាទេសចរណ៍​អាស៊ាន ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ហើយស្តង់ដានេះត្រូវបានអនុម័ត និង​ដាក់​ឲ្យអនុវត្តជា​ផ្លូវការដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕