
សៀមរាប៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក Xiang Qiongha ប្រធានប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ គឺដើមី្បត្រួតពិនិត្យ ស្វែងយល់ និង រកឱកាសឲ្យខេត្តស៊ីឈួន បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាត់មួយផ្លូវមួយឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ។

លោកមានប្រសាសន៍ទៀតថា ខេត្តស៊ីឈួន ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ដូចនឹងខេត្តសៀមរាបដែរ ដោយសារមានតំបន់ចំនួន៥ ត្រូវបានចុះបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្ត ហើយខេត្តស៊ីឈួន ជាខេត្តធំលំដាប់លេខ៣ នៃប្រទេសចិន ក្នុងវិស័យកសិកម្មប្រកបទៅដោយបច្ចេកវិទ្យាទំនើប និង មានគុណភាពខ្ពស់ ដូច្នេះនៅក្នុងឱកាសដ៏ល្អនេះ សូមសំណូមពរពីឯកឧត្ដមអភិបាលខេត្តសៀមរាប ឲ្យបងប្អូនជាពាណិជ្ជករចិនបានចូលមកសិក្សាស្រាវជ្រាវ ស្វែងយល់ នៅខេត្តសៀមរាប ដើមី្បចូលមកបណ្តាក់ទុនវិនិយោគ ដើមី្បចាប់ដៃគ្នាជំរុញឲ្យដំណើរការក្នុងវិស័យកសិកម្ម , ទេសចរណ៍ , ពាណិជ្ជកម្ម និង អប់រំ រវាងខេត្តទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើនពិសេសលើការបណ្តុះបណ្តាលនូវធនធានមនុស្ស ។

ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា បានសម្ដែងនូវគាំទ្រទៅនឹងគំនិតផ្ដួចផ្ដើមនេះ ហើយអាជ្ញាធរខេត្ត និង អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រៀមសហការគ្រប់ពេលវេលា ដើម្បីធ្វើឲ្យខេត្តយើងទាំងពីរ សៀមរាប-ស៊ីឈួន កាន់តែមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ខណៈដែលខេត្តសៀមរាប ក្រៅពីវិស័យទេសចរណ៍ ដែលជាវិស័យមានសក្ដានុពលដ៏ធំមួយរបស់កម្ពុជា ដោយសារមានប្រាង្គប្រាសាទបុរាណប្រវត្តិសាស្ត្ររាប់ពាន់ប្រាសាទ រួមជាមួយនឹងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតនោះ វិស័យកសិកម្ម ក៏ជាវិស័យនាំមុខផងដែរសម្រាប់ខេត្តសៀមរាប ដែលប្រជាពលរដ្ឋចំនួន៨០ភាគរយជាប្រជាកសិករ៕
អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារឹទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត