
ខេត្តព្រះវិហារ ៖ ពុទ្ធព្រះអង្គចតុមុខដ៏ធំស្កឹមស្កៃ នៅប្រាសាទព្រះខ័នកំពង់ស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានក្រុមការងារអភិរក្ស និងអភិវឌ្ឍន៍ នៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ក្រសួងវប្បធមៃ និងវិចិត្រសល្បៈ សាកល្បងរៀបឡើងវិញ បានឃើញជារូបរាងខ្លះហើយ។
លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ប្រាប់រស្មីកម្ពុជាដឹងថ្ងៃទី១០ឧសភាថា “ក្រុមការបានធ្វើសកម្មភាពរៀបសាកល្បងព្រះពុទ្ធរូបនៅមុខខាងកើត ដើម្បីបំពេញថ្មដែលបាត់។ កាលពីចុងខែមេសា ឆ្នាំ២០១៨ លោកនិងមន្ត្រីបានចុះទៅពិនិត្យ និងរៀបដំឡើងរូបព្រះពុទ្ធអង្គចតុមុខ ដែលបានយកចេញពីគំនរដីទៅទីតាំងដើមឡើងវិញ។ ផ្នែកខាងជើងបានរៀបបាន៦រួត(ថ្នាក់) ចំណែកខាងកើតបានរៀបដំឡើង២ដងហើយ នៅតែមិនទាន់ត្រូវ។ មកទល់ពេលនេះ ក្រុមការងារយើងក៏បានរើ និងរៀបដំឡើងម្តងទៀត”។
លោកបន្តថា ចំពោះប្រាសាទចតុមុខ (ពុទ្ធរូបធំមុខ៤) នៃក្រុមប្រាសាទព្រះខ័ន កំពង់ស្វាយ ឬប្រាសាទបាកាននេះ ក្រោមការណែនាំ និងជ្រោមជ្រែងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នោះក្រុមការងារបាននិងកំពុងបន្តជួសជុល អភិរក្សឡើងវិញ ហើយអភិវឌ្ឍន៍ទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិទៅទស្សនា។
លោក គឹម សុធិន រំលឹកថា យើងខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្ដេច លោកជំទាវ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភដល់ការជួសជុលប្រាសាទចតុមុខ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋនៅទីនោះ និងតំបន់ផ្សេងទៀត៕ ប្រភព : រស្មីកម្ពុជា