មន្ទីរទេសចរណ៍សៀមរាប បង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ «សៀមរាបក្រៅពីប្រាសាទ»

0
849

សៀមរាប: រដ្ឋបាលសាលាខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានសហការបង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ សៀមរាបក្រៅពីប្រាសាទ។

ដោយមានគាំទ្រថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត បានសហការបង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ សៀមរាបក្រៅពីប្រាសាទ ក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយបាននាំអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ៩០នាក់ ឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលមានភាពទាក់ទាញនៅក្នុងខេត្តសៀមរាប។​

កន្លងមក អាជ្ញាធរខេត្ដ បានដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ “សៀមរាបក្រៅពីប្រាសាទ” ដែលផែនទីនោះ បានបង្ហាញអំពីរមណីយដ្ឋានទេសចរណ៍ធម្មជាតិទាំងអស់ ដែលមាននៅក្នុងខេត្តសៀមរាប ដើម្បីឱ្យអ្នកទេសចរបានដឹង។

គោលដៅនៃដំណើរកំសាន្តសាកល្បង សៀមរាបក្រៅពីប្រាសាទនេះ អ្នកទេសចរ នឹងធ្វើឱ្យអ្នករួមដំណើរនៅក្នុងកម្មវិធីទាំងអស់បានសប្បាយរីករាយជាមួយគ្នា និង បានឃើញនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ជនបទ , ផ្ទះបុរាណតាមភូមិ , ទីតាំងសិប្បកម្ម , រមណីយដ្ឋានធម្មជាតិ , តំបន់វាលស្រែ និង កសិដ្ឋានសេរីរាង្គ ព្រមជាមួយនឹងការទទួលទានអាហារតាមតំបន់នីមួយៗ នៃស្រុកប្រាសាទបាគង , ស្រុកសូទ្រនិគម , ស្រុកស្វាយលើ , ស្រុកបន្ទាយស្រី , ស្រុកវ៉ារិន , ស្រុកអង្គរជុំ និងស្រុកអង្គរធំ ដោយការធ្វើដំណើរតាមរថយន្ត , ថ្មើរជើង , ជិះរទេះគោ , ជិះទូក , ជិះកង់កំសាន្តតាមភូមិ និងដើរឡើងភ្នំ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ខ្សែទស្សនាចរ “សៀមរាបក្រៅពីប្រាសាទ” នៅពេលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប និងប្រាសាទបុរាណ បានពន្យាការស្នាក់នៅរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍យ៉ាងពិតប្រាកដពីតំបន់ទេសចរណ៍ក្រៅពីប្រាសាទ ដូចជាផ្ទះស្នាក់នៅ, ភោជនីយដ្ឋាន និង សកម្មភាពផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ជនបទ អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាដើម៕