ព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំនេះមានប្រជាពរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិចូលរួមជាង ៤លាននាក់

0
855

៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកសក្តិ ២៥៦៣ បងប្អូនប្រជាពរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្ដ និងនៅតាមរមណីយដ្ឋានទេសចរណ៍ ប្រមាណជាង ៤លាននាក់ និងកំសាន្តតាមវត្តអារាម សាលារៀន តាមភូមិ ប្រមាណជាង ៣លាននាក់។

យោងតាមរបាយការណ៍បថមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមការវាយតម្លៃជំហានដំបូង ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុបប្រមាណ ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ខណៈ ភ្ញៀវជាតិមានចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០%​ ​និងភ្ញៀវអន្តរជាតិមានចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧%។

– ថ្ងៃទី១ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ៨១៦.៤៩៦ នាក់ កើនឡើង ៩.៤០% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៧៨៣ ៦៣២ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ៣២.៦៦៤ នាក់។
– ថ្ងៃទី២ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ១.៦០៩.៧២១ នាក់កើនឡើង ២៨.៣៣% ក្នុងនោះ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ១.៥៨២.១២៩ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២៧.៤៧៤ នាក់
– ថ្ងៃទី៣ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ២.២៧៥.១៨៥ នាក់ កើនឡើងប្រមាណ ១៥៩.៨៥% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ២.២៧៣.១៨០ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២២.៩៨៥ នាក់។

តួលេខខាងលើគឺគ្រាន់តែជាការប៉ាន់ស្មានជំហានដំបូងសម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ ឃុំ ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង ៣ លាននាក់ទេ សម្រាប់រយៈពេល ៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ។

ជាការគួរឲ្យកត់សម្គាល់ គ្រប់ទីកន្លែង មិនថាតាមរមណីយដ្ឋានទេសចរណ៍ តាមវត្តអារាម សាលារៀន តាមភូមិ និងតាមផ្ទះសំបែង ។ល។ គឺគ្រប់គ្រួសារសុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិ និងអន្តរជាតិ៕