ខេត្តកំពង់ធំ ៖ ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី “សំបូរព្រៃគុក” នៅខេត្តកំពង់ធំ ឆ្នាំនេះ គឺបានធ្វើឧបករណ៍បុរាណ “ដឹងយក្ស” ដើម្បីដាក់បង្ហាញប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ នៅចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃ១៤ ដល់១៦មេសាខាងមុខនេះ។
“ដឹង” គឺជាឧបករណ៍បុរាណរបស់របស់ជនជាតិដើមភាគតិចគួយ ដែលប្រើប្រាស់សម្រាប់ចាំងឈើ និងកាប់ឈើ។ ឧបករណ៍ប្រភេទនេះ កូនខ្មែរជំនាន់ក្រោយមួយចំនួន មិនបានស្គាល់នោះទេ។
“ដឹងយក្ស” ត្រូវបានដង្ហែទៅដាក់តាំងក្នុងព្រឹត្តិការណ៍ សង្ក្រានឆ្នាំថ្មី នៅប្រាសាទសំបូរព្រៃគុក ដើម្បីបង្ហាញពីអត្តសញ្ញាណ និងរក្សាវប្បធម៌របស់ជនជាតិដើមភាគតិច នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
លោក ឈឹម ប៊ុនឈំ ជាងឈើធ្វើដឹងខ្នាតយក្ស បាននិយាយថា ឧបករណ៍ប្រើប្រាស់ដែលមានឈ្មោះថា ដឹងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជំនាន់ដើម យកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេស ជនជាតិដើមភាគតិច «គួយ» ដែលសព្វថ្ងៃពួកគាត់នៅតែបន្តប្រើប្រាស់ឧបករណ៍បុរាណនេះជាដដែល។ លោកបន្តថា ដោយមើលឃើញពីការប្រើប្រាស់ឧបករណ៍នោះ ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានធ្វើការគាំទ្រ និងបង្កើតឡើងជាលើកដំបូងបង្អស់ ដើម្បីដាក់បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅថ្ងៃចូលឆ្នាំថ្មីនេះ នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
លោកបន្តថា ដឹងនេះមានប្រវែងជាង៨ម៉ែត្រ គឺជាឧបករណ៍កេរ្តិ៍ដំណែលរបស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក ហើយពលរដ្ឋជនជាតិដើមភាគតិចគួយ បានចាត់ទុកជាប្រពៃណី និងទំនៀមទំលាប់ និងប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន មិនដែលបោះបង់នោះឡើយ ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងគ្រួសារ និងនៅក្នុងសហគមន៍នោះថែមទៀត។
លោក ហ៊ិន សុភ័ណ្ឌ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឲ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើនូវឧករណ៍ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង ក្នុងស្មារតីជួយថែរក្សាឧបករណ៍ទាំងនេះ ដែលមាននៅក្នុងមូលដ្ឋានរបស់ ជនជាតិដើមភាគតិចគួយយ៉ាងពិតប្រាកដ។
លោកបន្តថា ក្រៅអំពីការដាក់តាំងនូវឧបករណ៍ទាំងនេះ នៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ក៏មានការលេងល្បែងប្រជាប្រិយកំសាន្ត តាមប្រពៃណីជាតិផ្សេងៗទៀតផងដែរ ក្នុងនោះមានដូចជា ល្បែងបោះឈូង ទាញព្រ័ត លាក់កន្សែង រាំវង់ និងឡើងសសរខ្លាញ់ ជាដើម។ល។ ហើយអាជ្ញាធរខេត្ត បានរៀបចំសង្ក្រានឆ្នាំថ្មី នៅប្រាសាទសំបូរព្រៃគុក រង់ចាំទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ដើម្បីចូលរួមកំសាន្តសប្បាយ នៅក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមជម្រាបថា ឧបករណ៍ “ដឹង” ដែលដូនតាខ្មែរបន្សល់ទុកឲ្យរហូតមកដល់សព្វថ្ងៃនេះ មានដូចជា កាំបិត ពូថៅ ផ្គាក់ កាំបិតងុក ជាពិសេ ដឹងស្លាប ដែលជាឧបករណ៍មួយប្រភេទ អាចកាប់ផ្តួលឈើធំៗបានដោយងាយ៕