សាប៉ា គឺល្បីថាជា​តំបន់​ទេសចរណ៍​មើល​ព្រឹល​នៅ​ទឹកដី​វៀតណាម

0
965

ក្រុងសាប៉ា: សាប៉ា គឺជា​ឈ្មោះ​ក្រុង និង​ស្រុក ដែល​ល្បី មាន​ទេសភាព​ព្រឹល​ធ្លាក់​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ប្រទេស​វៀតណាម។

ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ភាគ​ច្រើន​បាន​ជ្រើសរើស​យក​វេលា​សិសិរ​រដូវ ដើម្បី​មក​គយ​គន់​ទឹកកក​ធ្លាក់ និង​ផ្សែង​អ័ព្ទ​សក្បុស​នៅ​ក្រុង​សាប៉ា ជាពិសេស​អំឡុង​ពេល​បុណ្យ​គ្រិស្ត​ស្មាស់ និង​បុណ្យ​ដំណាច់​ឆ្នាំ​សកល បើ​ទោះ​ជា​ដំណើរ​ផ្លូវ​ទៅ​កាន់​តំបន់​ភ្នំ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​នេះ​មាន​ការ​លំបាក​ក្ដី។ ចំពោះ​ភ្ញៀវទេសចរ​ដែល​ពុំ​ធ្លាប់​ឃើញ​ព្រឹល​ធ្លាក់ ទិដ្ឋភាព​ទឹកកក​សក្បុស​ស្រោប​ដំបូល​ផ្ទាំង​ស្លឹក​រុក្ខជាតិ និង​ផ្លូវ​ដើរ ពួកគេ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ហាក់បី​ដូចជា​កំពុង​ស្ថិត​នៅ​ទីជនបទ​នៃ​ទឹកដី​បស្ចិម​ប្រទេស។

ទី​នោះ​គេ​តុបតែង​ភ្លើង​បំភ្លឺ​និង​គ្រឿង​លម្អ​តាម​ផ្លូវ​នា​រដូវ​បុណ្យ​គ្រិស្ត​ស្មាស់ និង​ឆ្លង​ឆ្នាំ​តាម​វប្បធម៌​អឺរ៉ុប​ដ៏ស្អាត​ប្លែក ទាំង​ទឹកដី​សាប៉ា​ក៏ល្បី​នៅ​រក្សា​វប្បធម៌​ជនជាតិ​ដើម។

ទេសភាព​វាលស្រែ​ជម្រាល​ភ្នំ ដែល​ធ្លាប់​តែ​ពណ៌​បៃតង បំពេញ​ដោយ​ដើម​សំណាប ឬ​កួរ​ស្រូវ​ពណ៌​មាស​នោះ​អាច​ប្រែ​ក្លាយ​ជា​ពណ៌​សក្បុស។

 

យ៉ាងណា​មិញ ភ្ញៀវទេសចរ​ពិសេស​មក​ពី​ប្រទេស​ត្រូពិក ចាំបាច់​ត្រូវ​នាំ​មក​ជាមួយ​នូវ​ខោអាវ​រងា​ក្រាស់ៗ ដើម្បី​ទប់​ទល់​នឹង​សីតុណ្ហភាព​ត្រជាក់​ចាប់​ពី​សូន្យ​រហូតដល់​ដក​ក្រោម​សូន្យ អង្សា គួប​ផ្សំ​នឹង​ខ្យល់​រងា​ដ៏​រណ្ដំ​ថ្គាម។

ប្រភព​ : ភ្នំពេញប៉ុស្តិ៍