បុណ្យ​ទន្លេឆ្នាំនេះ មានភ្ញៀវ​ទេសចរ​ចូលរួម​ជិត​ ១ លាន​នាក់

0
773

ភ្នំពេញៈ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ១ ​លាន​នាក់​​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ទន្លេ​ រយៈពេល ​៣ ថ្ងៃ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ កាល​ពី​ចុង​សប្តាហ៍​មុន​។ នេះ​បើ​​តាម​ទិន្នន័យ​ពី​មន្ត្រី​​​ក្រសួង​​ទេសចរណ៍​។

លោក តុប សុភ័ក អនុ​រដ្ឋលេខាធិការ​​​ក្រសួង​ទេសចរណ៍ កាល​ពី​ល្ងាច​ម្សិលមិញ បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥​ នៅ​​ខេត្ត​កំពង់ឆ្នាំង ចាប់​ពី​ថ្ងៃ​ទី ​១៥-១៧ ខែ ​មីនា ​​កើន​ឡើង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​​ការ​រៀបចំ​ ៣​ ​​លើក​កន្លង​មក​។ លោក​ថ្លែង​ថា៖ «​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​​​​ច្រើន​បែប​នេះ ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច សុវត្ថិភាព ពិសេស​នេះ​ជា​ព្រឹត្តិការណ៍​ធំ​លើក​ទី​១ ដែល​រៀបចំ​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង»​។​

លោក​លើក​ឡើង​​​​​​ថា ពិធីបុណ្យ​​នេះ​បាន​ផ្តល់​​ភាព​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ខេត្ត​​​ជា​ម្ចាស់​ផ្ទះ ដូច​ជា​ ឱកាស​ក្នុង​ការ​បង្ហាញ​ពី​សក្តានុពល​​វិស័យ​ទេសចរណ៍ ភាព​ល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សណ្តាប់​ធ្នាប់​អនាម័យ​​​ក្នុង​ខេត្ត​។ ​លោក​បញ្ជាក់ថា​៖ ​«​ពិធី​បុណ្យ​ទន្លេ​បាន​ជួយ​យ៉ាង​ច្រើន​សម្រាប់​​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​វិស័យ​ទេសចរណ៍​ខេត្ត​ម្ចាស់​ផ្ទះ​»​។

តាម​លោក តុប សុភ័ក នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល ​២០ ​ម៉ឺន​នាក់ ថ្ងៃ​ទី២ មាន​ជាង ៥០ ម៉ឺន​នាក់ និង​ថ្ងៃ​ទី ​៣ ​​មាន​អ្នក​ចូលរួម​ជិត ​៣០ ​ម៉ឺន​នាក់។​

លោក​បន្ត​​ទៀត​ថា ភាព​ទាក់ទាញ​ដែល​ធ្វើ​​ឲ្យ​ព្រឹត្តិការណ៍​រយៈពេល​ ៣ថ្ងៃ​នេះ​មាន​អ្នក​ចូលរួម​ច្រើន គឺ​ដោយសារ​​មាន​កម្មវិធី​កម្សាន្ត និង​ការ​តាំង​ពិព័រណ៍​របស់​ខេត្ត​ក្រុង​​ដែល​ចូលរួម​ជា​ច្រើន​។

បើ​តាម​លោក សុភ័ក បច្ចុប្បន្ន​នេះ​ក្រសួង​ទេសចរណ៍​កំពុង​ធ្វើ​ការ​សិក្សា​ពី​សក្តានុពល​របស់​ខេត្ត​មួយ​ចំនួន​​នៅ​ជាប់​ព្រំដែន​ប្រទេស ​វៀតណាម និង​​​​​ខេត្ត​​ដែល​មាន​ទន្លេ​មួយ​ចំនួន ដើម្បី​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី​៦ នៅ​ឆ្នាំ ​២០២០ ខាង​មុខ​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ប្រាប់​​ថា ការ​រៀបចំ​​​បង្កើត​ឲ្យ​មាន​ពិធី​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​​នោះ គឺ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​តំបន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ធ្វើ​​ដំណើរ​ទៅ​សម្រាក​កម្សាន្ត។

លោក​ថ្លែង​ថា៖ «​ការ​រៀបចំ​ពិធី​ដែល​​មាន​លក្ខណៈ​វិលជុំ​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​កន្លែង​នោះ​កាន់​តែ​​ច្រើន​ដែល​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​កាន់​តែ​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​លើ​​វិស័យ​ទេសចរណ៍​បន្ថែម»។

លោក​ វណ្ឌី ​អះអាង​ថា ប្រសិន​បើ​ការ​ផ្សព្វផ្សាយ​ធ្វើ​បាន​ទូលំ​ទូលាយ​ ពិធី​​បុណ្យ​​នៅ​ពេល​ខាង​មុខ​​នឹង​អាច​ទាក់​ទាញ​បាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ទេសចរ​មក​ពី​ប្រទេស​ជិត​ខាង​​។

ពិធី​បុណ្យ​ទន្លេ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ និង​កំណើន​ភ្ញៀវ​ទេសចរ ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់​ផ្ទះ ពិសេស​បំផុស​ស្មារតី​ចូល​រួម​ក្នុង​​ចលនា​ប្រឡង​ប្រណាំង «ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ និង​​បដិសណ្ឋារកិច្ច​ល្អ»​៕​