ពលរដ្ឋរស់នៅតំបន់ជាយអារ៉ែង រីករាយ​ចំពោះ​ការ​អភិវឌ្ឍលើវិស័យទេសចរណ៍

0
1120

កោះកុងៈ ជាយអារ៉ែង ពីមុនដែលធ្លាប់តែជាតំបន់ឆ្ងាយស្រយាលពីទីប្រជុំជន។ ផ្លូវលំបាកធ្វើដំណើរទៅមក។ គ្មានសេវាប្រព័ន្ធទូរស័ព្ទទាក់ទងគ្នា និងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ជាដើម។ ក៏ប៉ុន្តែក្នុងអាណត្តិដឹកនាំប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅតំបន់ជាយអារ៉ែងនៃស្រុកថ្មបាំង ខេត្តកោះកុង បានប្រែមុខមាត់ថ្មី មិនរងាឯកោដូចមុនឡើយ ដោយសារមានសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិរក្សសម្បត្តិធនធានជាតិ តាមរយៈការបង្កើតឱ្យមានតំបន់អេកូទេសចរណ៍ជាច្រើននៅទីនោះ។

ជាយអារ៉ែងដែនឆ្ងាយ

ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ទៅតំបន់ជាយអារ៉ែង ស្រុកថ្មបាំង មានចំងាយជាង៧៥គីឡូម៉ែត្រ។ដើម្បីទៅកាន់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ។លុះដល់ចំណុចផ្លូវបំបែកស្រុកកោះកុង ដោយបត់ស្តាំត្រង់ទៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ប្រសិនបើបត់ឆ្វេងតាមផ្លូវក្រាលក្រួសក្រហមដ៏រលោងស្អាតរហូតនោះ លោកអ្នកនឹងបានទៅដល់តំបន់ជាយអារ៉ែងដូចក្តីបំណងជាក់ជាពុំខាន។

អំឡុងធ្វើដំណើរតាមដងផ្លូវក្រួសក្រហម អ្វីដែលគួរកុំរំលងនៅខ្សែចក្ខុរបស់យើង ចូរក្រឡេកមើលខាងស្តាំដៃនិងខាងដៃឆ្វេង នឹងឃើញទេសភាពព្រៃព្រឹក្សាតូចធំដុះបណ្តាក់គ្នាតាមជ្រលងជើងភ្នំក្រវាញខៀវស្រងាត់។អាចនិយាយបានថាទិដ្ឋភាពបែបនេះមិនធ្លាប់ឃើញពីមុនមក ។យើងច្បាស់ជាលាន់មាត់ថា អស្ចារ្យមែន! ហើយចង់គយគន់មិនចេះជិនណាយនូវសម្រស់ត្រកាលខៀវខ្ចីនៃធម្មជាតិលើភូមិមាតុភូមិកម្ពុជា ដែលកំពុងបង្អួតដល់ភ្នែកអ្នកទេសចរជាតិ និងអន្តរជាតិ។

ជាយអារ៉ែង ស្ថិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញ ភាគកណ្ដាលដែលជាព្រៃឈើក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ជាយអារ៉ែង មានទំហំ៤សែន៦ម៉ឺនហិកតា លាតសន្ធឹងកាត់ភូមិចំនួន៨ ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង ដោយមានប្រជាពលរដ្ឋរស់នៅចំនួន៤៧៩គ្រួសារ។ អារ៉ែងមានព្រំប្រទល់ខាងកើតជាប់ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ខាងលិចជាប់ស្រុកស្រុកកោះកុង និងស្រុកមណ្ឌលសីមា និងខាងជើង ជាប់នឹងស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មបាំងទីនោះជាង៩០ភាគរយ ប្រកបរបរចិញ្ចឹមបង្កបង្កើនផលដំណាំកសិកម្មចិញ្ចឹមជីវិត រួមមាន ដំណាំចេក ក្រូច ល្ហុង ទុរេន មង្ឃុត សៅម៉ៅ កៅស៊ូ និងម្រេច។ រីឯមួយចំនួនតូច ពឹងអាស្រ័យរកអនុផលព្រៃឈើទៅតាមវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់តាំងពីដូនតា។

តំបន់អារ៉ែងច្បាស់ណាស់ថា សាធារណជនម្នាក់ៗពិតជាធ្លាប់បានដឹងឮ ឬស្គាល់តាមរយៈប្រព័ន្ធសារព័ត៌មានថា ជាតំបន់ព្រៃឈើដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាទីកន្លែងដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិជីវចម្រុះ និងសត្វព្រៃកម្រជាច្រើនប្រភេទកំពុងពួនលាក់ខ្លួនរស់នៅយ៉ាងស្ងាត់ស្ងៀម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាយអារ៉ែង បានបង្ហាញការទាក់ទាញមនុស្សម្នាស្ទើរតែគ្រប់មជ្ឈដ្ឋានឲ្យចូលទៅទស្សនានិងកម្សាន្តជាមួយសម្រស់ធម្មជាតិជារឿយៗ ពិសេសរដូវប្រាំងពុំមានភ្លៀងធ្លាក់ខ្លាំង។

មន្ត្រីបញ្ជាក់ពីអារ៉ែង

លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង បានរៀបរាប់ប្រាប់យើងដោយត្រួសអំពីតំបន់ជាយអារ៉ែង ។លោកបញ្ជាក់ថាពេលមិនទាន់មកឡើងកាន់តំណែងជាអភិបាលស្រុក គឺកាលពី៥ទៅ៦ឆ្នាំមុន ស្ថានភាពផ្លូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់អារ៉ែងពិបាកវេទនាខ្លាំងណាស់។ រដូវប្រាំងអាចធ្វើដំណើរបានដោយប្រើពេលពី៥ទៅ៧ម៉ោងទើប ទៅដល់ស្រុកថ្មបាំង។ ប៉ុន្តែនៅរដូវវស្សាវិញ ធ្វើដំណើរយ៉ាងហោចមួយថ្ងៃ ឬកន្លះថ្ងៃក៏មានដែរ ទម្រាំដល់ទីរួមស្រុក។

ប្រសិនអ្នកមិនលះបង់ជម្នះឧបសគ្គទេនោះ មិនបានស្គាល់ឡើយនូវទេសភាពពិតៗតំបន់ជាយអារ៉ែង គិតចាប់តាំងពីផ្លូវចូលបំបែកលេខ៤៨។ ជាក់ស្តែងរដូវវស្សាដូច្នេះ កាលណោះ ស្ថានភាពផ្លូវតូច ជិះរថយន្តធ្វើដំណើរទៅមិនដល់ទេ ហើយបើម៉ូតូវិញជាប់ផុងលិចៗម៉ាស៊ីននាំគ្នាចុះរុញបន្តបន្ទាប់គ្នា។

លោកអភិបាលស្រុកថ្មបាំង បន្តរៀបរាប់ថា ក្រៅពីពុំមានផ្លូវ និងស្ពាន ងាយស្រួលធ្វើដំណើរ បញ្ហាគ្មានភ្លើងអគ្គិសនី គ្មានបណ្តាញប្រព័ន្ធសេវាទូរស័ព្ទទំនាក់ទំនង និងគ្មានទឹកស្អាតប្រើប្រាស់ ក៏ជាបញ្ហាធំចម្បង សម្រាប់ប្រជាពលរដ្ឋអ្នករស់នៅតំបន់អារ៉ែង ឆ្ងាយដាច់ស្រយាលពីគេឯង។ប៉ុន្តែអាចនិយាយបានថា ជាង៣ឆ្នាំចុងក្រោងនេះបញ្ហាប្រឈមខាងលើ ហាក់លែងចោទជាបញ្ហាដូចមុនហើយ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់បញ្ចូនកងកម្លាំងយោធាវិស្វកម្មចុះកែលម្អស្ថាបនាកកើតជាផ្លូវក្រាលក្រួសក្រហមទទឹង៦ម៉ែត្រ និងបណ្តោយជាង៦០គីឡូម៉ែត្រដ៏ថ្មីសន្លាង។សមិទ្ធិនេះបានចូលរួមលើកកម្ពស់ជីវភាពរស់នៅ សុវត្ថិភាពធ្វើដំណើរទៅមក និងផ្តល់សេដ្ឋកិច្ចប្រាក់ចំណូលជូនគ្រួសារប្រជាពលរដ្ឋជាច្រើនដោយមិនអនុញ្ញាតពួកគេរងាឯកោដូចពេលមុនៗឡើយ។

លោកអភិបាលស្រុកថ្មបាំងបញ្ជាក់ថា អ្វីដែលកាន់តែពិសេស សម្រាប់ការប្រាស្រ័យទាក់ទងគ្នា កាលពីថ្ងៃទី២៤ ខែមករា ដើមឆ្នាំ២០១៨កន្លងទៅ ក្រសួងប្រៃសណីយ៍ អាជ្ញាធរខេត្តកោះកុង សហការជាមួយក្រុមហ៊ុន មិត្តហ្វូន(Metfone) បានដំឡើងអង់តែនបណ្តាញសេវាប្រព័ន្ធទូរស័ព្ទនៅតំបន់អារ៉ែង ខណៈពលរដ្ឋរស់នៅតំបន់ឆ្ងាយមួយនេះ ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានក្លាយជាការពិត។

លោកបន្តថាបច្ចុប្បន្នអណ្តូងទឹកវិញ មានស្ទើរតែគ្រប់ផ្ទះពលរដ្ឋ។ពេលនេះថ្វីត្បិតបណ្តាញថាមពលអគ្គិសនីមកដល់ត្រឹមតែទីរួមស្រុកថ្មបាំង មិនទាន់ទៅដល់តំបន់ជាយអារ៉ែងក្តី តែមិនយូរខែទេភ្លើងអគ្គិសនីនឹងតបណ្តាញទៅដល់តំបន់អារ៉ែងតាមជំហានអភិវឌ្ឍន៍របស់ក្រុមអាជ្ញាធរខេត្ត ស្រុក មន្ត្រីជំនាញអគ្គិសនីកម្ពុជា ព្រោះទីនោះ ជាតំបន់ដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ធម្មជាតិ។

ពេលនេះប្រព័ន្ធគមនាគមន៍ធ្វើដំណើរងាយស្រួលជាងមុន ។មានសវាទូរស័ព្ទប្រើប្រាស់ និងមានភ្លើងអគ្គិសនី ។នេះក៏ដោយសារផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តកោះកុង។ជាទិសដៅកំពុងកំណត់គោលដៅបន្ថែមទៀត ចំក្នុងការអភិវឌ្ឍតំបន់ដាច់ស្រយោលមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខ។

គេអាចនៅចាំបានថាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី៨ កុម្ភៈ ក្នុងដំណើរចុះជួបសំណេះសំណាលលើកទី២ជាមួយប្រជាសហគមន៍ជាង២៥០នាក់ថា រាជរដ្ឋាភិបាលតែងព្រួយបារម្ភពីបញ្ហាប្រឈមគ្រប់គ្រង អភិរក្សការពារតំបន់ធម្មជាតិអារ៉ែង។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានផ្តោតលើការយកចិត្តយ៉ាងខ្លាំង ដោយដាក់កំហិតដល់ក្រសួង ស្ថាប័ន អាជ្ញាធរខេត្តកោះកុង អង្គការដៃគូអភិវឌ្ឍន៍ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ចាំបាច់បង្កើនកិច្ចការពារថែរក្សាធនធានធម្មជាតិក្នុងទីតាំងនេះអោយខានតែបាន។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលហេតុដែលរដ្ឋាភិបាល បានកំណត់វិធានការយ៉ាងដូច្នេះ ក៏ព្រោះចង់ឃើញតំបន់អេកូទេសចរណ៍ធម្មជាតិស្ទឹងអារ៉ែងនៅស្ថិតស្ថេរគង់វង្សទៅថ្ងៃអនាគត ដើម្បីទាក់ទាញប្រាក់ចំណូលពីភ្ញៀវទេសចរទៅលេងកម្សាន្តមកជួយអភិវឌ្ឍន៍ពលរដ្ឋក្នុងសហគមន៍ផ្ទាល់តែម្តង។
ជៀសវាងមានសកម្មភាពកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងសម្បត្តិធនធានធម្មជាតិកម្រទាំងនោះ ក្រោយពីរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងជាផ្លូវការទទួលស្គាល់ថ្នាក់ជាតិមួយ ដោយពុំអនុញ្ញាតឱ្យមានការសង់ទំនប់វារីអគ្គិសនីពីវិស័យឯកជនណាមួយឡើយ បើទោះជា មានការសិក្សាមួយច្បាស់ ឬមិនច្បាស់យ៉ាងណាក្តី គឺទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច។

ពាក់ព័ន្ធនឹងយន្តការការពារអភិរក្សតំបន់ជាយអារ៉ែង នៅក្នុងស្រុកថ្មបាំង លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងកញ្ញា ស៊ូវ៉ាន់ណា ហ្គោនឡែត នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញការគាំទ្រក៏ដូចជា កោតសរសើរចំពោះកិច្ចយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមកលើសហគមន៍អេកូទេសធម្មជាតិអារ៉ែង។

លោកអភិបាលរងខេត្ត, តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសមាគមទេសចរណ៍កម្ពុជា អះអាងថា ពួកគាត់នឹងខិតខំអនុវត្តពង្រីកបណ្តុះបណ្តាលអប់រំប្រជាសហគមន៍រួមគ្នា ស្រឡាញ់បង្កើនការការពារគ្រប់គ្រងធនធានធម្មជាតិឱ្យល្អប្រសើរ តាមរយៈងាកមកចាប់ជំនាញបម្រើសវាកម្មទេសចរណ៍ជំនួសវិញ។ ពីព្រោះថា តំបន់អារ៉ែង គឺសម្បូរព្រៃត្រូពិកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ព្រមទាំងមានទេសភាពខៀវស្រស់ស្រងាត់ស្អាតគួរឱ្យទាក់ទាញបំផុត។

លោក លី ប៊ុនថេន និងអ្នកស្រី សោម សុភា ជាពលរដ្ឋរស់នៅក្នុងឃុំជំនាប់ ស្រុកថ្មបាំងបង្ហាញភាពសប្បាយរីករាយគ្មានអ្វីប្រៀបផ្ទឹមបានទេ នៅពេលដែលមូលដ្ឋានឆ្ងាយដាច់ស្រយោលចុងកាត់មាត់ញកមានផ្លូវងាយស្រួលធ្វើដំណើរ ដំណាំកសិផលមិនចាំបាច់យកទៅលក់នៅទីផ្សារទេ ពោលគឺមានឈ្មួញមកទិញដល់លំនៅដ្ឋានតែម្តង។ ដោយឡែកការទំនាក់ទំនងគ្នា ក៏កាន់តែឆាប់រហ័សចំណេញពេលវេលាច្រើន ព្រោះតែមានសវាទូរស័ព្ទប្រើប្រាស់ បើធៀបនឹងពេលពុំទាន់មានវិញ គឺលំបាកខ្លាំងណាស់ ជួនកាលមានគ្រោះអាសន្នឈឺស្កាត់ សម្រាលកូនអី ទាល់តែដឹកបញ្ចូនឡើងទៅទីរួមស្រុក។

ក្រៅពីទទួលបានសេវាកម្មទូរស័ព្ទ និងផ្លូវគមនាគមន៍ស្អាតល្អហើយ លោក លី ប៊ុនថេន និងអ្នកស្រី សោម សុភា ក៏ស្នើដល់រាជរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តជួយពន្លឿនការតបណ្តាញអគ្គិសនីឱ្យមកដល់ភូមិឋានរបស់ពួកគាត់ឆាប់រហ័ស ព្រោះវាជាតម្រូវការមួយដ៏ចាំបាច់បំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ។ បើតាមពលរដ្ឋ បច្ចុប្បន្ន ពួកគាត់ប្រើប្រាស់តែផ្ទាំងសេឡាដែលទិញក្នុងថ្លៃតម្លៃពីទីរួមខេត្ត ពិសេសគឺលំបាកណាស់ពេលរដូវវស្សា។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ធម្មជាតិអារ៉ែង លោក ទិត្យ លី និយាយថា ចាប់តាំងពីតំបន់ជាយអារ៉ែងផ្តើមដំណើរការកាលពីខែមករា ឆ្នាំ២០១៦មកទល់បច្ចុប្បន្ន តំបន់អេកូនទេសចរណ៍ធម្មជាតិមួយនេះ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋសមាជិកជាង១៤០គ្រួសារតាមរយៈការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តរមណីយដ្ឋានធម្មជាតិចំនួន៦៥កន្លែង សេវាទីកន្លែងស្នាក់នៅ និងសេវាកម្មម្ហូបអាហារបែបធម្មជាតិ។
ឆ្នាំ២០១៧កន្លងទៅ តំបន់អេកូទេសចរណ៍អារ៉ែង បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិត៥០០នាក់ ចូលលេងកម្សាន្ត ក្រោយកិច្ចការជាមួយសមាជិកសហគមន៍។ ចំណូលដែលមានមកពីវិស័យទេសចរណ៍មានសរុបប្រមាណ៤ពាន់ដុល្លារអាមេរិក។

លោក ទិត្យ លី បន្ថែមថា ជាយអារ៉ែង មានរមណីយដ្ឋានធម្មជាតិសរុបចំនួន៦៤ទីតាំងដែលមានស្រេច នៅក្នុងឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ។ក្នុងចំណោមរមណីយដ្ឋានដែលអ្នកទេសចរចូលចិត្តទៅកម្សាន្តលេងច្រើនជាងគេ គឺភ្នំម្រេចកង្កែប ភ្នំខ្នងក្រពើ អូរពោធិ៍ប្រាំបួន ជាយតាហ៊ីង តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ ទឹកជ្រោះ សត្វព្រៃ អណ្តុងត្រីនាគ និងភ្នំខ្នងស្រល់ ជាដើម។

លោកបន្តថាបែបនេះក្តី ក៏ការនាំភ្ញៀវចូលកម្សាន្តមិនសហការជាមួយសហគមន៍នៅតែកើតមាន។កម្រិតយល់ដឹងចូលរួមថែរក្សាបរិស្ថានពីប្រជាពលរដ្ឋ និងអ្នកទេសចរណ៍នៅមានកម្រិត។ រីឯចំណេះដឹងអ្នកនិយាយភាសាបរទេសខ្វះខាត បូករួមរបៀបចម្អិនម្ហូបអាហារជូនទទួលភ្ញៀវ។ល។ តែជាការកត់សម្គាល់ កំណើនទេសចរមកលេងតំបន់អារ៉ែងដ៏ មានតិចតួចនៅឡើយ ដោយទាមទារឱ្យមានការចូលរួមផ្សព្វផ្សាយណែនាំថែមទៀត ។ជាក់ស្តែងក្នុងរដូវវស្សា ជាមធ្យមក្នុង១ខែ មានភ្ញៀវទេសចរមកលេងកម្សាន្ត១៣០ចុះក្រោម។

សហគមន៍ទេសចរធម្មជាតិអារ៉ែង មានផ្ទះស្នាក់ចំនួន១០ក្នុងចំណោមផ្ទះស្នាក់ចំនួន២២ ដែលបំពាក់សម្ភារៈស្នាក់នៅ សម្រាប់បម្រើសេវាកម្មស្នាក់នៅជូនភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។តំបន់នេះមានសិក្ខាកាមជាង២៦នាក់( ស្រី៨នាក់ )នឹងបញ្ចប់វគ្គបណ្តុះបណ្តាលធ្វើជាមគ្គទ្ទេសក៍ក្នុងសហគមន៍។

ចាកចេញពីតំបន់ជាយអារ៉ែង បានធ្វើឲ្យអារម្មណ៍យើងដក់ជាប់នូវទេសភាពទាំងឡាយដែលយើងបានគយគន់។ជាមោទនភាពក្រៃលែងនោះគឺបច្ចុប្បន្នអារ៉ែងលែងជាតំបន់ឆ្ងាយដាច់ស្រយោលដូចគ្រាមុនៗហើយ។ មិនដាច់ស្រយាល ក៏ព្រោះតែ អារ៉ែងកំពុងប្រែប្រួលមុខមាត់ថ្មីបន្តិចម្តងៗតាមរយៈផែនការអភិវឌ្ឍន៍ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាលកម្ពុជាទៅថ្ងៃអនាគត៕

អត្ថបទដោយ៖ សិរីវឌ្ឍនៈ