អ្នក​ស្រាវជ្រាវ​ប្រាសាទអកយំ​រកឃើញ​ខឿន​ប្រាសាទ​កប់​ក្នុង​ទំនប់​​បារាយណ៍​ខាងលិចអំឡុង​សតវត្ស​ទី១១

0
1248

សៀមរាបៈ ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បានការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀប​ចំ​ជួស​ជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច។

លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី១ ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ និង​ដើម្បី​សិក្សា​​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការ​តាំងទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ។

លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា​ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន៣មាន​សំណល់​ខឿន​ក្រោម​​បង្អស់ ឬ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​ដែល​បាន​លុប​បាត់​ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​កាលពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង​នៅក្នុង​អំឡុង​សតវត្ស​ទី១១នៃ​គ.ស។

សំណល់​ខឿន​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី​ ១០ស.ម. ទៅ ១៣០ស.ម។ ក្រុម​អ្នក​បុរាណវិទ្យា​យល់ថា​លទ្ធផល​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុងការ​កំណត់​ទីតាំង​ពិតប្រាកដ ក៏ដូចជា​ជម្រៅ​របស់​សំណល់​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​ដែរ។

បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹងថា​នឹង​អាច​ទៅដល់​បាត​ក្រោម​នៃ​ខឿន​ប្រាសាទ​នេះ ប្រសិនបើ​គ្មាន​ការរំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍។ល។

រីឯ​នៅក្នុង​រណ្ដៅ​ចំនួនធំៗ ស្ថិតនៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ​នៃ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​វិញ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​មាន​ថ្មភ្នំ​ដែលមាន​ទំហំធំៗជាច្រើន។

តាម​ការវិភាគ​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​យល់ឃើញថា​ថ្ម​ទាំងនោះ ត្រូវបាន​អ្នក​ជំនាន់​មុន​យកមក​តំរៀប​ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង​នៃ​ទំនប់​ខាងត្បូង ហើយក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ បើទោះបីជា​ដី​ដែល​គេ​លើក​យកមក​ធ្វើ​ទំនប់​នោះ​ជា​ប្រភេទ​ដីឥដ្ឋ​ដែល​ត្រូវបាន​បង្ហាប់ មាន​ពណ៌​ប្រផេះ​និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិចតួច​បំផុត​ក្តី ។

លោក ជា សុជាតិ បាន​បន្តទៀតថា ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​ពុំ​ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​បុរាណវិទ្យា​ឱ្យបាន​ដិតដល់​នោះទេ បើទោះបីជា​មានការ​រុករក​ខឿន​ទីមួយ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ១៩៣២និង​ឆ្នាំ១៩៣៥ ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ឈ្មោះ Georges Trouvé (ហ្ស​ក ទ្រូ​វេ)ក៏ដោយ។

តាមរយៈ​ការស្រាវជ្រាវ ជនជាតិ​បារាំង​រូបនេះ​បាន​បន្សល់ទុក​រហូតមក​ដល់​សព្វថ្ងៃ​នូវ​ឯកសារ​ជាច្រើន​ដូចជា សំណេរ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់់​ចំនួន៥៨ផ្ទាំង និង​រូបថត​ចំនួន១៣៥សន្លឹក ដើម្បី​ជា​ឯកសារយោង។ បើ​យោងតាម​ការស្រាវជ្រាវរ​ប​ស់លោក ហ្ស​ក ទ្រូ​វេ នៅពេលនោះ គេ​អាច​ដឹងបាន​ថា ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង ១០០ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង២,៦០ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង ៣ម៉ែត្រ ។

រីឯ​ការស្រាវជ្រាវ​ជា​បន្ត​ដោយ​លោក Christophe Pottier (គ្រី​ស្តូ​ហ្វ ប៉ូ​ត្យេ) ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ ២០០១ ឆ្នាំ២០១២ និង​ឆ្នាំ២០១៦ បាន​រំលេច​អោយឃើញ​នូវ​ទិន្នន័យ​ថ្មី​ជាច្រើន​បន្ថែមទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ​និង​លើស​អំពី​អ្វីដែល​លោក ហ្ស​ក ទ្រូ​វេ ធ្លាប់បាន​រកឃើញ។

 

គួរ​បញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅពេលនេះ គឺ​ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច។

ការសិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ គឺធ្វើឡើង​ទាំង​សម្រាប់​ការស្រាវជ្រាវ​ផង និង​សម្រាប់​កំណាយ​បុរាណវិទ្យា​បង្ការ​ផងដែរ។ គម្រោង​ស្រាវជ្រាវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕