
(ពោធិ៍សាត់)៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៧៣ គ.មពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ១៩៥គ.មពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១គ.មទើបដល់រមណីយដ្ឋាន។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដែលអ្នកស្រុកនិយមហៅតៗគ្នាថាទឹកធ្លាក់តំបន់យ៉ោក គឺជាតំបន់រមណីយដ្ឋាននៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាននេះ មានកន្លែងកន្សាន្តជាច្រើនកន្លែងបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្តដូចជា៖
១. ដំណាក់ តាង៉ុក គយ
២. ដំណាក់កោះយាយចាំតា
៣. ដំណាក់ទឹកឈូរ
៤. ដំណាក់មនោរម្យ
៥. ដំណាក់ថ្មសណ្តូក
៦. ទឹកជ្រោះដំណាក់ព្រះ
៧. ដំណាក់ម្លប់ជ្រៃក្រឹម
៨. ដំណាក់កោះសុបិន្ត
៩. ដំណាក់ទឹកធ្លាក់
១០. ដំណាក់កោះដាច់
១១. ដំណាក់កោះភ្ញៀវ
លក្ខណៈពិសេសនៃតំបន់ទេសចរណ៍ធម្មជាតិមួយនេះគឺធ្វើអោយអ្នកចូលកម្សាន្តចាប់អារម្មណ៍យ៉ាងខ្លាំងទៅទឹកថ្លាត្រជាក់ មានទេសភាពស្រស់ស្អាត និងមានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់។

រមណីយដ្ឋានមួយនេះ ក៏កំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ខាងមុខនេះផង។ សូមអញ្ជើញទៅលេងកម្សាន្តឲ្យបានច្រើនកុះករ!!!
អត្ថបទដោយ៖ Cambotripnews