សម្ដេចនាយក​រដ្ឋមន្ដ្រី​អំពាវនាវ​ឲ្យ​រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​ទាក់ទាញ​ទេសចរ

0
597

កោះកុង៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មុនពេល​ចេញដំណើរ​ចាក​ចេញពី​ខេត្តកោះកុង ទី​ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​បើក​ពិធីបុណ្យ​សមុទ្រ​នៅ​យប់មិញ​នោះ, នៅ​ព្រឹក​ថ្ងៃទី១៦ ខែធ្នូ​នេះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ជនរួមជាតិ ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​បរិស្ថាន​ឲ្យ​បានល្អ​ស្រស់ស្អាត​គង់វង្ស ដើម្បី​ទាក់ទាញ​បាន​ភ្ញៀវទេសចរ ឲ្យ​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន។

តាមរយៈ Facebook សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កូនក្មួយ​យុវជន អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​បរិស្ថាន​ឲ្យ​នៅ​ស្រស់ស្អាត​គង់វង្ស បានល្អ​សម្រាប់​ពលរដ្ឋ​យើង​គ្រប់​ជំនាន់ និង​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើនឡើង ដើម្បី​ពលរដ្ឋ​យើង​សម្បូរ​ការងារ​ធ្វើ និង​ប្រទេសជាតិ​រីកចម្រើន»។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី១៦ ខែធ្នូ​នេះ សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​វិលត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ។ សម្តេច​ក៏បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ យុវជន និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កំសាន្ត​សប្បាយរីករាយ នៅក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​កោះកុង​ជា​បន្តទៀត ដែល​ថ្ងៃទី១៦ ខែធ្នូ​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​សមុទ្រ​ផងដែរ។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ក្រសួងទេសចរណ៍ និង​អាជ្ញា​រធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ដៃគូ​ក្រុមហ៊ុន​ឯកជន អង្គការ​ជាតិ​និង​អន្តរជាតិ​នានា ដែល​បាន​ចូលរួម​សហការ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​បានល្អ និង​ទទួលបាន​ជោគជ័យ។ សម្តេច​ចាត់ទុកថា ជា​មោទនៈភាព​របស់​ប្រទេសជាតិ ដែល​កម្ពុ​ជាមាន​ឆ្នេរ​ជាប់​លំដាប់ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​របស់​ពិភពលោក ហើយ​ច្បាស់​ណាស់ សន្តិភាព គឺ​បាន​ផ្តល់ឱកាស​ឲ្យ​កម្ពុជា ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅមុខ​កាន់តែ​លឿន។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​មិន​ភ្លេច​ជូនពរ​បងប្អូន​ជនរួមជាតិ និង​យុវជន យុវនារី បាន​សប្បាយរីករាយ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍គ្រប់ៗគ្នា​ផងដែរ៕