អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ចុះ​ត្រួត​ពិនិត្យ និង​បិទ​អាជីវ​កម្ម​រ៉ែមាស​ជាង ១០កន្លែង

0
1267

ព្រះវិហារ: ទីតាំង​ជីក​យក​រ៉ែ​មាស មាន​អាជ្ញាប័ណ្ណ និងគ្មាន​អាជ្ញាប័ណ្ណ ​ប្រមាណ​ជាង ១០ ​កន្លែង​ ត្រូវបាន​សមត្ថកិ​ច្ច​ចម្រុះ​ខេត្ត​ព្រះ​វិហារ​ ចុះ​ត្រួត​ពិនិត្យ​ ​និង​បង្គាប់​ឱ្យ​រុះរើ​ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​ប្រកប​អាជីវកម្ម​រ៉ែ ចំពោះទីតាំង​​ដែ​ល​​ខុស​ច្បាប់​ នៅ​តំបន់ភ្នំ​អន្លង់ ​និង​ភ្នំ​បុស​តា​ថោង ​​ក្នុងឃុំរមទម្យ ​ស្រុករ​វៀង​ខេត្ត។ នេះ​បើតាម​លោក​ យូ ចិន្ដា​យុត្តិ ប្រ​ធា​ន​មន្ទីរ​រ៉ែ និង​ថា​មពល​ខេត្ត​ព្រះវិហារ​។

​លោក យូ ចិន្ដា​យុត្តិ បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​ ១៥ ខែ​​មករា លោក និង​​លោក ​ហោ​ ប៊ុនហួរ​ ​​អភិបាល​ស្រុក​រវៀង​បាន​ដឹកនាំ​កម្លាំង​ចុះត្រួត​ពិនិត្យ តាម​ទីតាំង​រ៉ែ​មាស​ជាង ១២ កន្លែង ក្នុង​នោះ​មាន ២ កន្លែង បាន​នឹង​កំពុង​ធ្វើ​អាជីវកម្ម​គ្មាន​អាជ្ញា​ប័ណ្ណ និង​ច្បាប់​​អនុញ្ញាត។​ លោក​បញ្ជាក់​ថា​៖«យើង​ចុះទៅ​នេះ គឺគ្រាន់​តែ​ត្រួត​ពិនិត្យ​ថា តើមាន​ទីតាំង​អាជីវកម្ម​ប៉ុន្មាន​ទៀត ដែល​លួច​បើក ហើ​យ​មិន​ព្រម​ចុះ​បញ្ជី ហើយ​មួយ​ទៀត គឺ​យើង​ពិនិត្យ​អាជីវកម្ម​ទាំង​ឡាយ ដែល​មាន​ច្បាប់​ថា តើ​ពួក​គាត់ បាន​អនុវត្ត​តាម​គោល​ការណ៍​ក្រសួង​ដែរ​អត់? ហើយ​យើង​ក៏ត្រូវ​ណែ​នាំគាត់​បន្ថែម​ទៀត​ ដើម្បី​កុំឲ្យ​បង្កផល​ប៉ះ​ពាល់​បរិស្ថាន។ សម្រាប់​អ្នក​គ្មាន​ច្បាប់​ឲ្យ​គាត់​មក​ចុះប​ញ្ជី​ឲ្យ​បាន​ត្រឹម​ត្រូវ»។

លោក​បន្ត​ថា ចំពោះ​ទីតាំង​ដែល​មិន​ទាន់​មាន​អាជ្ញា​ប័ណ្ណ ឬច្បាប់​អនុញ្ញាត មន្រ្តី​ជំនាញ​ បាន​ណែនាំឲ្យ​ពួក​គាត់​ប្រញាប់​ទៅ​ចុះ​បញ្ជី​នៅ​មន្ទីរ ​ឬ​ក្រសួង​រ៉ែ និង​ថាមពល ព្រោះ​បើ​មិន​ស្ដាប់​តាម​ការណែនាំ​នេះ ​អាជ្ញាធរ ​នឹង​យក​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ ​និង​ដក​ហូត​យក​សម្ភារ​:​ទាំង​នោះ​ ទុកជា​សម្បត្តិ​រដ្ឋ។

លោក សាយ ដេត អធិការ ស្រុក​រវៀង បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា លោក​មិន​បាន​ចុះទៅ​ផ្ទាល់​ទេ ប៉ុន្ដែ​កម្លាំង​សមត្ថ​កិច្ច​របស់​លោក គ្រាន់តែ​ចុះអម​ដំណើរ​ជា​មួយ​មន្រ្តី​ជំនាញ​ខេត្ត​ ដោយ​ថា លោក​មិនបាន​ដឹង​ពី​ចំនួន​ជាក់​លាក់​ និង​នីតិវិធី​របស់​មន្ទីរ​រ៉ែ និង​ថា​មពលទេ។ លោក​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​អត់​បាន​ទៅ​ទេ តែ​គេ​សុំ​កម្លាំង​ខ្ញុំទៅ ​ហើយ​ពាក់​ព័ន្ធ​ចំណាត់​ការ និង​របាយ​ការណ៍​ផ្សេងៗ​ទៀត​ ខ្ញុំ​អត់​ដឹង​ទេ វានៅ​លើ​មន្រ្តី​ជំនាញ​ខាង​មន្ទីរ​រ៉ែ និងថា​មពល​ខេត្ត​ព្រះវិហារ​»។

​លោក ​ហោ ​ប៊ុនហួរ​ អភិបាលស្រុក​រវៀង​ កាល​ពីម្សិល​មិញ​ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​លោក​អះ​អាង​ថា កំពុង​ជាប់​រវល់​ប្រជុំ​។ ប៉ុន្ដែ​លោក​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ​មន្រ្តីបាន​ចុះ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ និង​ក្រុម​អាជីវកម្ម​រ៉ែ​មាស​​​ខុស​​ច្បាប់​​​ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ខុស​ច្បាប់​ ធ្វើ​កិច្ច​សន្យា​​​ឱ្យ​រុះរើ​ម៉ាស៊ីន និង​សម្ភារ​:​ប្រកប​អាជីវកម្ម​រ៉ែ​មាស​ចេញ​​ពី​ទី​តាំង​កំពុង​ជីក​នេះ ឲ្យរួចរាល់​​នៅថ្ងៃទី ១៦ មករានេះ​។ បើ​មិន​ដូច​ច្នោះ​ទេ​ សមត្ថ​កិច្ច នឹង​មាន​វិធាន​ការ​ក្ដៅ ដោ​យ​​​យក​​កម្លាំង​ចុះ​រុះរើ​និង​ដកហូត​សម្ភារ​:​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ​។

លោក យស មុន្នីរ៉ាត់ អគ្គនា​យក នៃ​អគ្គនាយក​ដ្ឋាន​ធន​ធានរ៉ែ ក្រសួង​រ៉ែ និង​ថា​មពល​ បាន​​ថ្លែង​ថា មន្រ្តីរ​មន្ទីររ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ បាន​ចុះ​ទៅដល់​ទីតាំង​កន្លែង​នោះ ដើម្បី​​ទៅ​ពិនិត្យ តាម​ដាន ណែនាំ​ចំពោះ​ម្ចាស់​អាជីវកម្ម​រ៉ែមាស​ទាំង​នេះ ដើម្បី​រាយ​កា​រ​ណ៍​ជូន​ក្រសួង​រ៉ែ និង​ថាមពល និង​រាជ​រដ្ឋាភិបាល​បាន​ជ្រាប​ពីបញ្ហា​នេះ។ លោក​បន្ត​ថា ប្រសិន​រក​ឃើញ​ក្រុម​ហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ណា​មួយ ​ដែលមិន​បានគោរ​ព​តាម​គោល​ការណ៍​ក្រសួង និង​ច្បាប់ សមត្ថ​កិច្ច​ ត្រូវ​តែចាត់​វិធាន​ការជា​បន្ទាន់​ ព្រោះ​កុំឲ្យ​អាជីវ​កម្ម​ទាំង​នោះ បង្ក​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ និង​បរិស្ថាន​។

​លោក​បញ្ជាក់​ថា​៖«ក្រុម​ហ៊ុន​មិន​សុំអាជ្ញា​ប័ណ្ណទេ ក្រុម​ហ៊ុន​ហ្នឹង​ខុស​ច្បាប់​ហើយ បើ​យើ​ង​​រក​ឃើញ យើង​ចាត់​វិធាន​ការ​តាម​ច្បាប់។ សព្វ​ថ្ងៃ​នេះ ការ​គ្រប់​គ្រង​យើង គឺមិន​ទាន់​បាន​ទាំង ១០០ ភាគ​រយ​ទេ តែមាន​អាជីវកម្ម​តូចៗ​ និង​ជា​លក្ខណៈ​គ្រួសារ​របស់​ពល​រដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ដែរ តែ​យ៉ាង​ណា​យើង​ព្យាយាម​ណែនាំ​គាត់ ឲ្យ​គាត់​បាន​ដឹងពី​នីតិ​វិធី​ច្បាប់ និង​គោល​ការណ៍​យើង​»។

​​លោក ឡោ ច័ន្ទ មន្រ្តី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​ នៃ​សមាគមន៍​អាដ​ហុក (ADHOC)ប្រចាំ​ខេត្ត​ព្រះ​វិហារ យល់​ឃើញ​ថា លោក​មិន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធ​រ​ចុះ​ទៅ​តំបន់​នោះ​ទេ ប៉ុន្ដែ​លោក​ថា តំបន់​នោះ​ សព្វ​ថ្ងៃ​នេះ មាន​លក្ខណៈ​ស្ងប់​ស្ងាត់​បន្ដិច​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ច្រើន ហើយ​មាន​ចំណាត់​ការ​ពី​ក្រសួង​រ៉ែ និង​ថាមពល​។

ទោះយ៉ាង​ណា លោក​បញ្ជាក់​ថា​៖«​ឥឡូវ​នេះ វាមាន​លក្ខណៈ​ស្ងប់​ស្ងាត់​បន្ដិច​ហើយ ដូច​ជាមិន​មាន​លឺល្បី​ប៉ះពាល់​ដល់​សុខ​ភាព​ និង​បរិស្ថាន​ទៀត​ទេ ប៉ុន្ដែ​អ្នក​ដែល​ធ្វើ គេ​នៅ​តែ​ធ្វើ​ដដែល​ទេ។ នៅ​តំបន់​ហ្នឹង​ភាគ​ច្រើន​ពលរដ្ឋ គាត់​ធ្វើ​ជា​លក្ខណៈ​គ្រួ​សារ ហើយ​ក៏មាន​ឈ្មួញ​ខ្លះ​អែបៗ​ជា​មួយ​ពលរដ្ឋ​ដែរ ហើយ​មន្រ្តី​ជំនាញ គួរ​ចុះ​ត្រួត​ពិនិត្យ​ឲ្យទៀង​ទាត់ ព្រោះ​ខ្លាច​មាន​ឈ្មួញ​ខ្លះខិ​ល​ខូច​ខ្លះលួ​ចបន្លំ​អែបៗ​ជា​មួយ​ពលរដ្ឋ​ដែរ​​»៕