ខេត្តព្រៃវែង៖ នៅក្នុងទឹកដីនៃខេត្តព្រៃវែង គឺមានប្រាងប្រាសាទមួយកន្លែង គឺទួលប្រាសាទព្រៃដើមស្រុក ជាទីកន្លែងស័ក្កិសិទ្ធិដែលពលរដ្ឋគ្រប់ជំនាន់តាំងពីបុរាណ្យជាង១០០០ឆ្នាំមុន រហូតមកដល់បច្ចុប្បន្ននេះ នៅតែជាកទីន្លែងសំរាប់គោរពបូជា និងបួងសួងសូមសេចក្ដីសុខគ្រប់ៗគ្នា តែក្រសួងនឹងមន្ទីវប្បធម៌នឹងវិចិត្រសិល្បៈខេត្តព្រៃវែងមើលរម្លង។ ប្រាសាទព្រៃដើមស្រុកនេះ មានទីតាំងស្ថិតនៅខាងលិចភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។ ប្រាសាទព្រៃដើមស្រុកនេះ គឺប្រជាពលរដ្ឋភាគច្រើនមិនស្គាល់ តែទោះបីជាប្រាសាទដែលគេពុំសូវស្គាល់ និងល្បីឈ្មោះក៏ពិតមែន តែជាកន្លែងកំសាន្តនិងជាទីសក្ការៈគោរពបូជា ដ៏ស័ក្កិសិទ្ធិផងដែរ។
បើតាមការរៀបរាប់របស់លោកតាម្នាក់ ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ និងជាមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដែលមានតួនាទីនៅចាំថែទាំ និងការពារប្រាសាទព្រៃដើមស្រុកនេះផងបានអោយដឹងថា ដោយសារតែកត្តាពេលវេលា អាកាសធាតុ និងកត្តាធម្មជាតិដែលមានដើមពោធ៌ដ៏ធំមួយ ដុះសង្កត់និងចាក់ឬសស្រោបតួប្រាសាទទាំងមូលផងនោះ បានធ្វើអោយតួប្រាសាទមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ហើយពុំសូវមានអ្នកស្គាល់នោះទេ ដោយសារតែទីតាំងភូមិសាស្ត្រនៅឆ្ងាយដាច់ពីគេ ហើយផ្លូវចូលក៏ពិបាកថែមទៀត។
បច្ចុប្បន្ន”ប្រាសាទព្រៃដើមស្រុក”កំពុងក្លាយទៅជាកន្លែងស័ក្តិសិទ្ធិសម្រាប់អ្នកមានជំនឿក្នុងការបន់ស្រន់សុំក្ដីសុខរកស៊ីមានបាននិងជាកន្លែងដែលមានទេសភាពស្ងប់ស្ងាត់គ្របដណ្ដប់ដោយដើមឈើមានម្លប់ត្រឈឹងត្រឈៃគួរជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត៕